ខេត្ត​ព្រះសីហនុ និងខេត្តកោះ​កុង​របស់​កម្ពុ​ជា ​អាច​នឹ​ងរង​ជំនន់​ទឹកភ្លៀង

តាម​សេចក្តីជូនដំណឹង​ពិសេស​របស់​ក្រសួង​ធនធានទឹក និងឧតុនិយម​នៅ​ថ្ងៃ​សៅរ៍​នេះបានឲ្យដឹងថាចាប់ពី​ថ្ងៃទី០៣ ខែសីហា​នេះរហូតដល់​ថ្ងៃទី០៦ ខែសីហា​ខាងមុខ ខេត្ត​ព្រះសីហនុនិងខេត្តកោះកុង ​របស់​កម្ពុ​ជា​អាច​នឹងរង​ជំនន់​ទឹកភ្លៀង។ ក្រសួង​ធនធានទឹក និង ឧតុនិយម បានបង្ហាញ​ឱ្យដឹងថា កម្ពុជា​នឹងរង​ឥទ្ធិពល​នៃ​ខ្យល់មូសុង​និរតី​រយៈពេល៤ថ្ងៃ​ចាប់ពី​ថ្ងៃនេះ​ទៅ​ដែល​ធ្វើឱ្យមាន​ភ្លៀង និង​ខ្យល់​ខ្លាំង​នៅ​តំបន់​មាត់សមុទ្រ ជាពិសេស ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ។ ស្ថានភាព​នេះ នឹង​បណ្តាលឱ្យមាន​ការលិចលង់​ដល់​ភូមិឋាន​របស់​ប្រជាពលរដ្ឋ និង​ហេដ្ឋារចនាសម្ព័ន្ធ​នានា ហើយ​ជាពិសេស​នោះ គឺអាច​មានការ​លិចលង់​កំណាត់​ផ្លូវជាតិ​លេខ។ ជាមួយគ្នានេះ វា​នាំឱ្យ​ខ្យល់​មាន​ល្បឿនខ្លាំង​ពី ១៥-២០ម៉ែត្រ​ក្នុង​មួយ​វិនាទី ហើយ​រលក​មាន​កម្ពស់​ពី១-២ម៉ែត្រ។ក្រសួង​ធនធានទឹកបាន​អះអាង​បន្ថែមថា ការជូនដំណឹង​ជាពិសេស​តែ​លើ​ខេត្ត​ព្រះសីហនុ និង ខេត្តកោះកុង​នេះ គឺ​ដោយសារតែ​ខេត្ត​ទាំងពីរ​នេះ​កំពុងស្ថិត​ក្នុងស្ថានភាព​រងគ្រោះ គឺ​នឹងមាន​ភ្លៀង​ធ្លាក់​ខ្លាំង​បណ្តាលឱ្យ​កើតជា​ជំនន់ និង មហន្តរាយផ្សេងៗ ជាង​ខេត្ត​ជាប់មាត់​ដដៃ​ទៀត។ បើតាម​ក្រសួង​ធនធានទឹក និង ឧតុនិយម ស្ថានភាព នេះ​ក៏​អាចពាក់ព័ន្ធ​ដល់​អាយុជីវិត​មនុស្ស សត្វ​ថែមទៀត​ផងដែរ។ ហេតុ​ដូច្នេះហើយ ក្រសួង​ធនធានទឹកនិងឧតុនិយម​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឱ្យមាន​ការត្រៀម​លក្ខណៈ​ទុកជាមុន និង បង្កើន​ការប្រុងប្រយ័ត្ន​!ខ្ពស់​ចំពោះ​បាតុភូតធម្មជាតិ​នេះ។សូមបញ្ជាក់ថា កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ ពោល គឺ​មុន​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង ឧតុ​ម​និយម​មួយថ្ងៃ ជំនន់​ទឹកភ្លៀង​បាន​វាយលុក​ខេត្ត​ព្រះសីហនុ ដោយ​តំបន់​ខ្លះ​នៃ​ខេត្ត​នេះ​បាន​លិចលង់។ ប៉ុន្តែ​អាជ្ញាធរខេត្ត​ព្រះសីហនុ បាន​ដោះស្រាយ​បញ្ហា​នេះ​ដោយ​ប្រើប្រាស់​គ្រឿងចក្រ​កាយ​បើកផ្លូវ​ទឹកនិង​ដោះស្រាយ​បញ្ហា​សំណង់​ដែល​សង់​រំលោភ​លើដី​អូរនិង ប្រឡាយ​ជាដើម៕