បន្ទាយមានជ័យ៖ ថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ វ៉ាយ អិល ភី មីក្រូហិរញ្ញវត្ថុ ម.ក សាខាស្រុកថ្មពួក ។

បន្ទាប់ពីបានស្តាប់នូវរបាយការណ៍របស់លោកអគ្គនាយកគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ វ៉ាយ អិល ភី មីក្រូហិរញ្ញវត្ថុ ម.ក រួចមក ឯកឧត្តម ឧបនាយករដ្ឋមន្រ្តីបាន ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ពី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្វាយប្រគេន និងជូនចំពោះ ព្រះសង្ឃ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅទូទាំងខេត្តបន្ទាយមានជ័យទាំងអស់ សូមប្រកបតែនឹងពរទាំង៥ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សូមគោរពថ្លែងអំណរគុណ សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការដឹកនាំ និងគ្រងគ្រងការងារប្រយុទ្ធប្រឆាំងកូវីដ១៩ បានជោគជ័យនៅក្នុងប្រទេស តាមរយៈយុទ្ធសាស្រ្តចាក់ស្រោចវ៉ាក់សាំង និងវិធានការនានាដើម្បីការពារសុខុមាលភាព និងសង្គ្រោះជីវិតប្រជាជន ព្រមទាំងបើកដំណើរការប្រទេសឡើងវិញ និងទទួលបានការគាំទ្រនិងអបអរសាទរពីសហគមន៍ជាតិ និងអន្តរជាតិ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សម្តែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ គណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទូទាំងខេត្តបន្ទាយមានជ័យ ជាពិសេសអាជ្ញាធរ និងអង្គភាពពាក់័ន្ធស្រុកថ្មពួក ដែលបានចូលរួមចំណែកយ៉ាងធំធេងក្នុងការពង្រឹងខឿនការពារជាតិ ការពារបូរណភាពដែនដីនៃមាតុភូមិបានយ៉ាងរឹងមាំ រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់សង្គម ពិសេសការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សូមចូលរួមអបអរសាទរ និងកោតសរសើរចំពោះវឌ្ឍនភាពថ្មីនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វ៉ាយ.អិល.ភី ម.ក ដែលកើតចេញពីការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងរបស់ ក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់នៃគ្រឹះស្ថាន ក្នុងការអនុវត្តបាននូវផែនការយុទ្ធសាស្រ្ត ពង្រីកនូវគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ វ៉ាយ អិល ភី ម.ក សាខាស្រុក ថ្មពួកបន្ថែមទៀត ស្របតាមបេសកកម្ម និងចក្ខុវិស័យរបស់ខ្លួន។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានលើកឡើងថាប្រទេសកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃ របស់សម្តេច អគ្គមហាសេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយនិងការអភិវឌ្ឍគ្រប់វិស័យ។ សេដ្ឋកិច្ចកម្ពុជាមានកំណើនជាបន្តបន្ទាប់រៀងរាល់ឆ្នាំ ទោះបីរយៈពេលកន្លងមកនេះយើងស្ថិតក្នុងស្ថានភាពនៃការរីករាលនៃជំងឺកូវីដ-១៩ក៏ដោយ ផលប៉ះពាលអវិជ្ជមានមកលើវិស័យសេដ្ឋកិច្ច សង្គមកិច្ចមិនធ្ងន់ធ្ងរ ប្រៀបធៀបនិងប្រទេសផ្សេងៗទៀតក្នុងតំបន់និងសកលលោក។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថាវិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជាពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការចូលរួមលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងអភិវឌ្ឍប្រទេស ដោយបានកៀគរប្រាក់សន្សំរបស់សាធារណជន និងប្រភពទុនផ្សេងៗទៀតមកចាក់បញ្ចូលក្នុងសេដ្ឋកិច្ចជាតិ តាមរយៈការផ្តល់ហិរញ្ញប្បទាន និងឥណទានដល់ការវិនិយោគនានាជាពិសេសវិស័យផលិតកម្ម សហគ្រាសធុនតូច-មធ្យម និងក្រុមគ្រួសារដែលខ្វះទុនដើម្បីជួយបង្កើនសមត្ថភាពផលិតកម្ម ទំនើបកម្មផលិតកម្ម ដែលជាការជួយរួមចំណែកបង្កើនប្រសិទ្ធភាពសេដ្ឋកិច្ច។ ដូចនេះ បេសកកម្មរបស់គ្រឺះស្ថានមីក្រូហិរញ្ញវត្ថុវ៉ាយ អិល ភី ម.ក ផ្តល់ឥណទានរួមមាន៖ ឥណទានផ្ទាល់ខ្លួន ឥណទានជាក្រុម ឥណទានរហ័ស ឥណទានខ្នាតតូចបំផុត ឥណទានខ្នាតតូច ឥណទានខ្នាតមធ្យម និងឥណទានមន្រ្តីរាជការ សម្រាប់សាធារណៈជនដោយមិនរើសអើងជាតិសាសន៍ ពណ៌សម្បុរ ជំនឿសាសនា និន្នាការនយោបាយ និងឋានៈសង្គម ពិតជាបានរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមីក្រូហិរញ្ញវត្ថុឲ្យកាន់តែទូលំទូលាយបន្ថែមទៀតនៅក្នុងខេត្តបន្ទាយមានជ័យនិងក្នុងប្រទេស លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ជួយបង្កើតការងារជូនប្រជាជនកាន់តែច្រើន កាត់បន្ថយភាពក្រីក្រ គម្លាតរវាងអ្នកមាននិងអ្នកក្រ និងរវាងទីក្រុងនិងអ្នកជនបទ ព្រមទាំងបន្តអភិវឌ្ឍមូលដ្ឋានខេត្តបន្ទាយមានជ័យយើង។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ក៏បានណែនាំដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ អង្គភាពពាក់ព័ន្ធ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ថែរក្សាការពារទឹកដី និងសុខសន្តិភាព បន្តអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងប្រយុទ្ធប្រឆាំងគ្រឿងញៀន បន្តចូលរួមអភិវឌ្ឍន៍ភូមិ ឃុំ សង្កាត់ នៅតាមមូលដ្ឋាន ព្រមទាំងអំពាវនាវឲ្យប្រជាជនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតចូលរួមបោះឆ្នោតក្រុម ប្រឹក្សា ឃុំ/សង្កាត់ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ និងចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩៕

By pcs

Leave a Reply

Your email address will not be published.