ថ្ងៃពុធ ១៣ កើត ខែបុស្ស ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី៤ ខែមករា ឆ្នាំ ២០២៣
នៅសាលប្រជុំពិសេស៣ វិមានព្រឹទ្ធសភា ឯកឧត្តម អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រ ធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យនិស្សិតជ័យលាភីអាហារូបករណ៍របស់រាជរដ្ឋាភិបាលប្រទេសនូវែលសេឡង់ចំនួន១៥នាក់ ចូលជួ បសំណេះសំណាល និងទទួលអនុសាសន៍ មុននឹងចេញដំណើរទៅសិក្សាថ្នាក់បរិញ្ញាបត្របរិញ្ញា បត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅតាមសាកលវិទ្យានានា នៃប្រទេសនូវែលសេឡង់។

ក្នុងនាមសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងអគ្គលេខាធិការដ្ឋានព្រឹទ្ធ សភា ឯកឧត្តម អ៊ុំ សារឹទ្ធ បានអបអរសាទរចំពោះក្មួយៗនិស្សិតទាំង១៥រូប ដែលទទួលបានអាហារូបករណ៍ពីរាជរដ្ឋាភិបាលនូវែលសេឡង់ ដើម្បីទៅសិក្សាថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅប្រទេសណូវែលសេឡង់។ នេះជាឱកាសមួយដ៏ល្អប្រសើរក្រៃលែង ដែលក្មួយៗនិស្សិតទទួលបាននូវចំណេះដឹងថ្មីៗ ដើម្បីពង្រឹងសមត្ថភាពខ្លួន សម្រាប់ជាមូលដ្ឋានក្នុងការអភិវឌ្ឍខ្លួនផង និងប្រទេសជាតិផង។ ជាងនេះទៀត គឺជាការរួមចំណែកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរកម្ពុជា និងប្រទេសនូវែលសេឡង់ផងដែរ។

ឯកឧត្តម អ៊ុំ សារឹទ្ធ បានសង្កត់ធ្ងន់ថា រឿងមួយដែលក្មួយៗនិស្សិតចាំបាច់ត្រូវធ្វើគឺ ត្រូវគោរពច្បាប់ប្រទេស ច្បាប់សាលាឱ្យបានខ្ជាប់ខ្ជួន ដើម្បីបង្ហាញអំពីសេចក្តីថ្លៃថ្នូរក្នុងនាមជាកូនខ្មែរឱ្យក្រុមនិស្សិតដែលមកពីបណ្តាប្រទេសនានាបានឃើញ ត្រូវសម្របខ្លួនរៀនរស់នៅ រៀនទំនាក់ទំនងជាមួយនឹងប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងប្រទេសណូវែលសេឡង់ និងនិស្សិតផ្សេងៗទៀតដែលកំពុងសិក្សានៅទីនោះស្រាប់ ព្រមទាំងផ្សព្វផ្សាយអំពីសភាពការណ៍ថ្មីៗ ការអភិវឌ្ឍថ្មីៗរបស់ប្រទេសកម្ពុជាបច្ចុប្បន្ន ដើម្បីទាក់ទាញឱ្យពួកគាត់មកធ្វើទេសចរណ៍នៅប្រទេសកម្ពុជា។

ឯកឧត្តម អ៊ុំ សារឹទ្ធ បានផ្តាំផ្ញើដល់និស្សិតទាំងអស់ ទោះបីជាក្មួយៗ ត្រូវទៅសិក្សានៅសាលាផ្សេងៗ គ្នាក៏ពិតមែន ប៉ុន្តែត្រូវចេះសាមគ្គីភាពផ្ទៃក្នុង សហការគ្នា ទំនាក់ទំនងគ្នា និងចេះជួយយកអាសារគ្នា ទៅវិញទៅមក ក្នុងនាមជាខ្មែរដូចគ្នា ដូចសុភាសិតខ្មែរយើងពោលថា នៅផ្ទះម្តាយទីទៃនៅព្រៃម្តាយជាមួយ។

សូមជម្រាបថា អាហារូបករណ៍របស់រាជរដ្ឋាភិបាលប្រទេសនូវែលសេឡង់ គឺត្រូវបានគ្រប់គ្រង និង ចាត់ចែងដោយក្រសួងការបរទេស និងពាណិជ្ជកម្ម(MFAT) របស់ប្រទេសនូវែលសេឡង់ ដើម្បីជួយគាំទ្រ ដល់សិស្សនិស្សិតទូទាំងពិភពលោកក្នុងការបន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ បណ្ឌិត។ សិស្សនិស្សិតអន្តរជាតិប្រហែល១០០០នាក់ ត្រូវបានជ្រើសរើសឱ្យមកធ្វើការសិក្សានៅក្នុងប្រទេសនូវែលសេឡង់ជារៀងរាល់ឆ្នាំ ដោយសិស្សនិស្សិតភាគច្រើនមកពីតំបន់ប៉ាស៊ីហ្វិក អាស៊ី អាហ្រ្វីក អាមេរិកឡាទីន និងតំបន់ការីប៊ីន៕

By pcs

Leave a Reply

Your email address will not be published.