បន្ទាយមានជ័យ: បន្ទាប់ពី ពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិបានបញ្ចប់ នៅថ្ងៃទី១៧.១៨.១៩ ខែមេសា ឆ្នាំ២០២២កន្លងទៅនេះ នៅខេត្តបន្ទាយមានជ័យ ត្រូវបានភ្លៀងធ្លាក់ជាប់គ្នាលាយឡំជាមួយខ្យល់ បានបង្កជាខ្យល់កន្ត្រាក់ ធ្វើឲ្យបាក់រលំផ្ទះប្រជាពលរដ្ឋអស់ជាច្រើនខ្នងនៅស្រុកស្វាយចេកនិងស្រុកមួយចំនួន។
ដើម្បីឆ្លើយតបចំពោះ ភាពខ្វះខាតចំពោះមុខរបស់ប្រជាពលរដ្ឋរងគ្រោះបាក់រលំផ្ទះដោយសារខ្យល់កន្ត្រាក់ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឧបត្ថម្ភថវិការផ្ទាល់ខ្លួន ចំនួន ២០០០$( ពីរពាន់ដុល្លា) តាមរយ:លោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត ប្រធានក្រុមការងារគណកម្មាធិការគណបក្សមូលដ្ឋានខ២៧ ចុះជួយស្រុកស្វាយចេក សម្រាប់ទិញស័ង្គសីយកទៅចែកដល់ពលរដ្ឋរងគ្រោះ ចំនួន៨២គ្រួសារ (ស្មើ៨២ខ្នងផ្ទះ)។
ឆ្លៀតក្នុងឱកាសនេះ លោក សិទ្ធិ ឡោះ ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរសរបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលតែងតែយកចិត្តទុកដាក់ ដោះស្រាយគ្រប់មធ្យោបាយជួយដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ និងគ្រោះធម្មជាតិផ្សេងៗ។ សូមឯឧត្តមនិងលោកជំទាវជួបប្រទះតែពុទ្ធពរ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំឃ្លៀងឃ្លាតឡើយ៕
