ឯកឧត្តម គុណ ញឹម ប្រកាសបើក ការស្រាវជ្រាវ ករណីប្រធាន សាខាគយ និង រដ្ឋាករ ខេត្តកោះកុង ឃុបឃិតជាមួយក្រុមមេឈ្មួញធំៗ
បន្ទាប់ពី មាន សារព័ត៌មាន ជាច្រើន បាន ចុះផ្សាយ រឿងអាស្រូវ របស់លោក សំ កុសល ប្រធាន សាខាគយ និង រដ្ឋាករ ខេត្តកោះកុង ឃុបឃិតជាមួយក្រុមមេឈ្មួញធំៗ ប្រព្រឹត្តអំពើពុករលួយក្នុងការនាំទំនិញដែលឈ្មួញធំៗនាំចូលតាមច្រកកំពង់ផែ រួចមក ឯកឧត្តម គុណ ញឹម អគ្គនាយក នៃ អគ្គនាយកដ្ឋាន គយ និង រដ្ឋាករ កម្ពុជា បានសម្រេច ឲ្យ បើក ការស្រាវជ្រាវករណីនេះ។
សូមបញ្ជាក់ថា ប្រធាន សាខាគយ ខេត្តកោះកុង លោក សំ កុសលបានឃុបឃិត ជាមួយក្រុម មេ ឈ្មួញ ធំៗ ប្រព្រឹត្ត អំពើពុករលួយ ក្នុង ការនាំ ទំនិញ ដែល ក្រុម ឈ្មួញ ទាំងនោះ នាំចូល តាម ច្រក កំពង់ផែ ជាច្រើន កន្លែង និង ច្រក ផ្លូវគោក ក្នុង ខេត្តកោះកុង ហើយ បង់ពន្ធ ត្រឹមតែ ៣៥ ទៅ ៤០% ប៉ុណ្ណោះ ។
ឯកឧត្តម គុណ ញឹម អគ្គនាយក នៃ អគ្គនាយកដ្ឋាន គយ និង រដ្ឋាករ កម្ពុជា បានបញ្ជាក់ប្រាប់ អ្នក សារពត៌មាន ថា “ លោក នឹង បើក ការស្រាវជ្រាវ ករណីនេះ ” ។
យ៉ាងណាក៏ដោយ លោក សំ កុសល ប្រធាន សាខាគយ ខេត្តកោះកុង មិនអាច ទាក់ទង សុំ ការអត្ថាធិប្បាយ បានទេ កាលពី ម្សិលមិញ ដោយ ទូរ ស័ព្ទ មិនអាច ទាក់ទង បាន ។
មន្ត្រីគយនៅខេត្តកោះកុងបានបង្ហើបឲ្យដឹងថា លោក សំ កុសល ប្រធានសាខាគយខេត្តកោះកុង ប្រកាន់បក្ខពួក និងឃុបឃិតជាមួយក្រុមមេឈ្មួញធំៗ ប្រព្រឹត្តអំពើពុករលួយក្នុងការនាំទំនិញដែលឈ្មួញធំៗនាំចូលតាមច្រកកំពង់ផែ ជាច្រើនកន្លែង និងច្រកផ្លូវគោក ក្នុងខេត្តកោះកុង បង់ពន្ធត្រឹមតែ ៣៥ ទៅ ៤០ភាគរយប៉ុណ្ណោះ។
ប្រភពដដែលបានបន្តថា ក្រុមមេឈ្មួញធំៗមួយចំនួនដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក សំ កុសល ប្រធានសាខាគយខេត្តកោះកុង គឺពួកគេបង់ពន្ធតាមរបៀបម៉ៅការ ហើយអាចនាំចូលទំនិញគេចពន្ធ ទំនិញបង់ពន្ធមិនគ្រប់ ទំនិញខុសច្បាប់យ៉ាងរលូនដោយគ្មានការរំខានឡើយ។
មន្ត្រីគយបានបន្តទៀតថា លោក សំ កុសល កាន់តំណែងយូរឆ្នាំមកហើយ និងមានរឿងអាស្រូវជាច្រើន និងជាពិសេសការដឹកនាំរបស់លោកសំ កុសល បានធ្វើឲ្យមន្ត្រីមួយចំនួនមានការមិនសប្បាយចិត្ត ដោយសារតែប្រកាន់បក្ខពួកនិយម និងអាងអំណាចថ្នាក់លើមួយចំនួនធ្វើជាខ្នងបង្អែក ហេតុនេះហើយបានជាធ្វើអ្វីស្រេចតែចិត្តមិនស្តាប់មន្ត្រីក្រោមឱវាទ។ បើគ្មានខ្នងបង្អែកនោះទេ គឺលោក សំ កុសល មិនអាចរក្សាតំណែងឡើងដុះស្លែ ហើយប្រើតួនាទីនិងអំណាចរបស់ខ្លួនប្រមូលលុយតាមរបៀបពុករលួយយ៉ាងសុខស្រួលបានឡើយ៕