នៅរសៀលថ្ងៃពុធ ៥ កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអនុញ្ញាតឱ្យ លោកស្រី Pauline Tamesis ប្រធានតំណាងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា ចូលជួបដើម្បីជម្រាបលាក្នុងឱកាស ដែលលោកស្រីនឹងត្រូវបញ្ចប់អាណត្តិបេសកកម្មរបស់លោកស្រីនៅព្រះរាជាណាចក្រកម្ពុជានាពេលឆាប់ៗខាងមុខនេះ។

នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី និង លោកស្រីប្រធានអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំកម្ពុជា បានរំលឹកអំពីសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិ និងក្រសួងយុត្តិធម៌ ដែលសម្រេចបានក្នុងអំឡុងពេលដែលលោកស្រីបានបំពេញបេសកកម្មនៅកម្ពុជា និងបានពិភាក្សាលើការងារមួយចំនួនពាក់ព័ន្ធនឹងកម្មវិធីកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌កម្ពុជា និងការងារមួយចំនួនផ្សេងទៀត។

ជាមួយគ្នានេះ, លោកស្រី Pauline Tamesis បានថ្លែងអំណរគុណដល់ក្រសួងយុត្តិធម៌ ដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អដល់អង្គការសហប្រជាជាតិ ក៏ដូចជាអង្គការអន្តរជាតិនានាដែលស្ថិតក្រោមឆាត់របស់អង្គការសហប្រជាជាតិ។ ទន្ទឹមនេះ, លោកស្រី Pauline Tamesis ក៏បានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី ថា អង្គការសហប្រជាជាតិ នឹងបន្ដប្ដេជ្ញាចិត្តក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។

ជាទីបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ថ្លែងអំណរគុណ និងជូនពរលោកស្រី Pauline Tamesis មានសុខភាពល្អ និងទទួលបានជោគជ័យក្នុងបេសកកម្មថ្មីរបស់លោកស្រី នាពេលខាងមុខ។

By pcs

Leave a Reply

Your email address will not be published.

You missed