នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ១៥:០០ ថ្ងៃចន្ទ ៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម រដ្ឋមន្រ្តី វេង សាខុន បានទទួលជួបសំណេះសំណាលជាមួយក្មួយៗនិស្សិតដែលទទួលបានអាហារូបករណ៍ នឹងត្រូវចេញទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន ក្រោម ក្របខ័ណ្ឌជំនួយឥតសំណង ក្នុងគម្រោងសម្រាប់ការអភិវឌ្ឍន៍ធនធានមនុស្ស ដែលនឹងត្រូវចេញដំណើរនៅខែសីហា ខាងមុខនេះ។

មានមតិសំណេះដំណាលនាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានចូលរួមអបអរសាទរ និងបានវាយតម្លៃខ្ពស់ចំពោះសមត្ថភាពរបស់ក្មួយៗដែលបានឆ្លងកាត់ការធ្វើតេស្តយ៉ាងលំបាកដោយស្ថានទូតជប៉ុន។ លទ្ធផលនេះ បានបង្ហាញឲ្យឃើញអំពីការយកចិត្តទុកដាក់ខិតខំតស៊ូរៀនសូត្រដែលមានគុណតម្លៃសម្រាប់ធ្វើការកសាងអនាគតរបស់ខ្លួនផ្ទាល់ និងអភិវឌ្ឍប្រទេសជាតិ។

ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តីបានអធិប្បាយជូនក្មួយៗបានជ្រាបអំពីដំណើរវិវឌ្ឍន៍របស់ប្រទេសជាតិ ចាប់ផ្តើមងើបចេញពីចំណុចសូន្យ ប្រទេសខ្វះស្បៀង គោលនយោបាយបង្រួបបង្រួមជាតិតាមរយ:អនុវត្តគោលនយោបាយឈ្នះ-ឈ្នះ រហូតប្រទេសជាតិមានសុខសន្តិភាព និងមានការអភិវឌ្ឍ។

ក្មួយៗសុទ្ទតែជាមន្រ្តីរាជរដ្ឋាភិបាលបម្រើការតាមក្រសួង ស្ថាប័ននានាបានឃើញ បានដឹងអំពីភាពចាំបាច់របស់ក្រសួង-ស្ថាប័ននិមួយៗ ដើម្បីធ្វើការកែលម្អ នាពេលអនាគត់។ ដូច្នេះ ត្រូវមានគំនិត និងគោលដៅច្បាស់លាស់ ខិតខំសិក្សារៀនសូត្រ ស្រាវជ្រាវ ដកស្រង់បទពិសោធន៍ល្អៗ ដើម្បីនាំយកមកកែលម្អ និងអភិវឌ្ឍក្រសួង-ស្ថាប័នរបស់ខ្លួនឲ្យមានការរីកចម្រើនប្រសើរឡើង។

ឆ្លៀតយកឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោកទាក់ទងនឹងការសិក្សារៀនសូត្រ បទពិសោធន៍ការងារ ការធ្វើជាមន្រ្តីល្អ បុគ្គលល្អ ពលរដ្ឋល្អ រហូតបានក្លាយជាថ្នាក់ដឹកនាំម្នាក់។ ដើម្បីទទួលបានជោគជ័យក្នុងការសិក្សា ឯកឧត្តមរដ្ឋមន្ត្រីបានផ្តាំផ្ញើក្មួយៗឲ្យយកឱកាសដ៏ពិសេសនេះ ខិតខំរៀនសូត្រ សិក្សាស្រាវជ្រាវលើមុខជំនាញរបស់ខ្លួន នឹងជំនាញផ្សេងទៀត ឲ្យបានស៊ីជម្រៅ និងច្បាស់លាស់។

ចំណេះដឹងទាំងអស់នេះគឺជាទុនសំខាន់ និងជាមូលដ្ឋានគ្រឹះនៃពុទ្ធិសម្រាប់កសាងសមត្ថភាពខ្លួនឲ្យកាន់តែរឹងមាំ ប្រកបដោយភាពជឿជាក់ និងច្បាស់លាស់។ល។ មិនតែប៉ុណ្ណោះ ធាតុចូលដែលជាចំណេះ ជំនាញ និងបទពិសោធន៍ល្អៗ ថ្មីៗទាំងអស់ គឺជាសម្បត្តិដ៏មានតម្លៃ នាំយកមកមាតុភូមិវិញដើម្បីចូលរួមថែរក្សាការពារ កសាង និងអភិវឌ្ឍប្រទេសយើងនាពេលអនាគតល្អប្រសើរ ជាពិសេសរក្សាបាននូវសុខសន្តិភាព និងការរស់នៅរបស់ប្រជាជនយើងប្រកបដោយសុខដុមរម្មនា ក្នុងរយៈពេលវែង។

ទន្ទឹមនឹងនេះ លោកក៏បានណែនាំដល់ក្មួយត្រូវគោរពវិន័យ ច្បាប់ទម្លាប់ ប្រពៃណី របស់ប្រទេសជាតិគេឲ្យបានល្អប្រសើរ។ ជាមួយគ្នានេះដែរ ត្រូវមានវិន័យ គ្រប់គ្រងខ្លួនឯង និងថែរក្សាសុខភាពឲ្យបានល្អ។ ត្រូវមានលេខ និងអាសយដ្ឋានទាក់ទងមិត្តរួមជំនាន់ ឬសិស្សច្បង ពិសេសលេខទូរស័ព្ទសម្រាប់ធ្វើទំនាក់ទំនងជាមួយ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន ក្នុងករណីមានបញ្ហាបន្ទាន់។

ត្រូវសាមគ្គីគ្នា ចៀសវាងប្រព្រឹត្តអំពើមិនគប្បីដែលនាំឲ្យប៉ះពាល់ដល់សុវត្តិភាពផ្ទាល់ខ្លួន ការសិក្សា និងកិត្តិយសរបស់ជាតិ។ ចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រីបានជូនពរក្មួយៗឲ្យទទួលបានសេចក្តីសុខ សុវត្ថិភាព និងជោគជ័យក្នុងការសិក្សា និងធ្វើដំណើរប្រកបដោយសុខសុវត្ថិភាព។

សូមអនុញ្ញាតជម្រាបជូនថាសម្រាប់ឆ្នាំ២០២២-២០២៣ មាននិស្សិតចំនួន ២៤នាក់ (ស្រ្តី ៨) ត្រូវបានរាជរដ្ឋាភិបាលជប៉ុនតាមរយ:ស្ថានទូត ធ្វើការជ្រើសរើសផ្តល់អាហារូបករណ៍ឲ្យទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិតចំនួន ២២នាក់ និងបណ្ឌិតចំនួន ២នាក់ ទៅតាមមុខជំនាញមាន៖
អភិវឌ្ឍរដ្ឋបាលសាធារណៈ សេដ្ឋកិច្ច បច្ចេកវិទ្យា នីតិសាស្ត្រ ទំនាក់ទំនងអន្តរជាតិ គុណភាព នៃការអប់រំ វិស័យសុខាភិបាល វិស័យទឹកស្អាត ពង្រឹងវិស័យជនបទ វិស័យកសិកម្ម និងអភិបាលកិច្ចល្អ នៅតាមបណ្តាសាកលវិទ្យាល័យនានានៅទូទាំងប្រទេសជប៉ុន៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *

You missed