ចេញផ្សាយ ថ្ងៃទី ២៨ ខែ មីនា ឆ្នាំ ២០២៣
កំពង់ធំ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញជាធិបតីក្នុងពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៣ របស់រដ្ឋបាល ខេត្តកំពង់ធំ នាថ្ងៃអង្គារ ៧កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។

អង្គសន្និបាតបានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គឺពីថ្ងៃទីទី២៧-២៨ ខែមីនា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុកអាជ្ញាធរឃុំ សង្កាត់ និងកងកម្លាំងទាំងបីប្រមាណជា៣០០នាក់។

ឯកឧត្តមបណ្ឌិត ថោង ខុន បានសម្តែងនូវការ កោតកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់របស់រដ្ឋបាលខេត្តកំពង់ធំ ដែលបានខិតខំរួមគ្នាយ៉ាងសកម្មក្នុងការបំពេញតួនាទីភារកិច្ចបានយ៉ាងល្អប្រសើរ ប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវសមិទ្ធផលនានាជាច្រើនគួរឱ្យ កត់សម្គាល់ ក្នុងការរួមចំណែកថែរក្សាសន្តិភាពស្ថិរភាព នយោបាយនិងខិតខំថែរក្សា ការពារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមលើកកម្ពស់លទ្ធិប្រជាធិប តេយ្យសេរីពហុបក្ស និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមឱ្យកាន់តែរឹងមាំ ប្រកបដោយស្ថិរភាព និងបរិយាប័ន្ន។

ឯកឧត្តមបណ្ឌិត ថោង ខុន បានបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសយើងបានដាក់ចេញនូវវិធានការគ្រប់គ្រង និងឆ្លើយតបនូវវិបត្តិនិងបញ្ហាប្រឈមនានា ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ដើម្បីស្ដារផលប៉ះពាល់នានា មកលើសេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋបណ្ដាលមកពីការ ឆ្លងរាលដាល ជាសកលនៃជំងឺកូវីដ-19 ការប្រែប្រួលអាកាសធាតុដែលបង្ក ឱ្យមានគ្រោះទឹកជំនន់ទឹកភ្លៀង និងវិបត្តិនានាជាសកល ធ្វើឱ្យសេដ្ឋកិច្ចយើងស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស ក្នុងអត្រាកំណើន៥,២ភាគរយ ក្នុងឆ្នាំ២០២២ និងរំពឹងទុក្ខថានឹងមានកំណើនក្នុងរង្វង់ ប្រមាណ៥,៦ភាគរយក្នុងឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិត ថោង ខុន បញ្ជាក់ថា ក្នុងឆ្នាំ២០២២កន្លងមក កម្ពុជាបានទទួល ភ្ញៀវទេសចរអន្តរជាតិបានចំនួន២លាន២សែននាក់ ហើយនៅឆ្នាំ២០២៣នេះ យើងអាចទទួលភ្ញៀវទេសចរអន្តរជាតិបានប្រមាណ៤ លានទៅ៤លាន៥សែននាក់។ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីទេសចរណ៍សង្ឃឹមថា ចំនួនភ្ញៀវទេសចរអន្តរជាតិនិងអាចត្រឡប់ ទៅរកស្ថានភាពដូចមុនវិបត្តិកូវីដ-19 និងអាចទទួលបានភ្ញៀវទេសចរចំនួន៧លាននាក់ ក្នុងឆ្នាំ២០២៦ និងទទួលបានទេសចរក្នុងស្រុកប្រមាណ១៧លាននាក់នៅឆ្នាំ ២០២៥ខាងមុខនេះ។

ឯកឧត្តមបណ្ឌិត ថោង ខុន បញ្ជាក់ថាខេត្តកំពង់ធំមានការប្រែប្រួលមុខមាត់ និងមានការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់ ក្រោមការដឹកនាំរបស់ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងសហការីគ្រប់លំដាប់ថ្នាក់។ ថ្មីៗនេះខេត្តកំពង់ធំ បានធ្វើជាម្ចាស់ផ្ទះរៀបចំបុណ្យទន្លេលើកទី៧ ពីថ្ងៃទី០៨-១០ ខែមីនា ឆ្នាំ ២០២៣ ប្រកបដោយជោគជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣។

គិតចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ ពិធីបុណ្យទន្លេនៅខេត្តកំពង់ធំ បានទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋឱ្យចូលទស្សនាប្រមាណជាង១លាន១២ម៉ឺននាក់ ដែលភាគច្រើនប្រជាពលរដ្ឋមកពីក្រុងស្រុកទាំង៩របស់ខេត្តកំពង់ធំ និងប្រជាពលរដ្ឋ មកពីបណ្ដាខេត្តជាប់ព្រំប្រទល់ ជាពិសេសខេត្តជាប់បឹងទន្លេសាបដូចជា ខេត្តសៀមរាប កំពង់ចាម កំពង់ឆ្នាំង ព្រះវិហារ បាត់ដំបង ពោធិ៍សាត់ ស្ទឹងត្រែង និងខេត្តក្រចេះជាដើម។ ភ្ញៀវទេសចរមានការសប្បាយរីករាយណាស់ ម្យ៉ាងជាព្រឹត្តិការណ៍ធំ ក្រោយពីវិបត្តិជំងឺ covid -19 និងជាថ្ងៃទិវានារីអន្តរជាតិ៨មីនាផងដែរ។

ឯកឧត្តមបណ្ឌិត ថោង ខុន ក៏បានលើកឡើងពីការដង្ហែព្រះអគ្គិជ័យកីឡា នៅខេត្តសៀមរាប ត្រូវបានបេសកជនពិសេសរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួត កីឡាស៊ីហ្គែម ដង្ហែចេញពីខេត្តសៀមរាបទៅកាន់បណ្ដាប្រទេសនានាក្នុងតំបន់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ហើយមកកាន់ខេត្តស្ទឹងត្រែងវិញ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ ហើយត្រូវដង្ហែ ពីខេត្តស្ទឹងត្រែងមកកាន់រាជធានីភ្នំពេញ និងបន្តដង្ហែទៅតាម បណ្ដាខេត្តនៅជាប់បឹងទន្លេសាប ដូចជាខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម និងត្រឡប់មកភ្នំពេញវិញ ដោយមកដល់ពហុកកីឡដ្ឋានមរតកតេជោ ដើម្បីក្រុងពលីបើកជាផ្លូវការ នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ នៅវេលាម៉ោង៨ និង៣០នាទីយប់៕

By pcs

Leave a Reply

Your email address will not be published.

You missed