បន្ទាយមានជ័យ​:នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២០២ ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អមដំណេីរដោយថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងតំណាងគណ:កម្មាធិការត្រួតពីនិត្យគ្រឿងញៀនខេត្តបន្ទាយមានជ័យ បានធ្វេីទស្សនកិច្ចមជ្ឈមណ្ឌល និងសំណេះសំណាលសួរសុខទុក្ខគណ:គ្រប់គ្រង បុគ្គលិក ក្រុមគ្រូពេទ្យ និងជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាលផ្តាច់សារធាតុញៀននៅមជ្ឈមណ្ឌលជិវិតថ្មីភ្នំបាក់។

ថ្លែងក្នុងពិធីសំណេះសំណាលនោះ លោក​ភា​ មានិត អនុប្រធាន​មន្ទីរ​សង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ទទួលបន្ទុកដឹកនាំមជ្ឈមណ្ឌលជិវិតថ្មីភ្នំបាក់បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដែលបានផ្តល់នូវការឧបត្ថម្ភគាំទ្រដល់មជ្ឈមណ្ឌល និងបានរាយការណ៍ដំណើរការងារបម្រើសេវាព្យាបាល និងស្តារនីតិសម្បទាពីភាពញៀនគ្រឿងញៀន បណ្តុះបណ្តាលចំណេះជំនាញ និងការងារសមាហរណកម្មអ្នកជាសះស្បើយផ្តាច់សារធាតុញៀន ត្រឡប់ទៅរស់នៅជាមួយក្រុមគ្រួសារនិងសហគមន៍វិញ។

ក្នុងឱកាសនោះ ថ្លែងក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានថ្លែងអំណរគុណនិងកោតសរសើរចំពោះគណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តបន្ទាយមានជ័យ គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ ក្រុមគ្រូពេទ្យ ដែលបានខិតខំប្រឹងប្រែងរួមគ្នាជួយព្យាបាល និងស្តារនីតិសម្បទាដល់ក្មួយៗយុវជន យុវនារី រងគ្រោះទាំងអស់ឱ្យចៀសចាកផុតពីភាពញៀន ផ្តល់អនាគតថ្មីតាមរយ:ការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវ:​ ចំណេះជំនាញបំណិនជិវិតសម្រាប់ប្រកបរបរចិញ្ចឹមជីវិតទៅថ្ងៃអនាគតដោយឈប់បង្កការរំខាននិងនាំមកតែសេចក្តីសុខសុភមង្គលជូនក្រុមគ្រួសារ សហគមន៍អ្នកបានរីកចម្រើន និងមានសុវត្ថិភាព។

ក្នុងឱកាសនោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ក៏បានថ្លែងអំណរគុណចំពោះការចូលរួមឧបត្ថម្ភគាំទ្រ ពីសំណាក់ឪពុកម្តាយ អាណាព្យាបាល សប្បុរសជននានា ដែលធ្វើឱ្យទីនេះប្រែក្លាយជាទីកន្លែងមួយផ្តល់ភាពកក់ក្តៅ និងកម្លាំងចិត្តដល់ក្មួយដែលកំពុងសម្រាកព្យាបាល និងស្តារនីតិសម្បទា ឱ្យឆាប់ជាសះស្បើយ និងឆាប់បានត្រឡប់ទៅរស់នៅជាមួយក្រុមគ្រួសារ និងសហគមន៍វិញ និងសូមបន្តចូលរួមប្រយុទ្ធប្រឆាំងទៅនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ ថែរក្សាអនាម័យខ្លួនប្រាណរបស់យើងឱ្យបានខ្ជាប់ខ្ជួនដើម្បីធានាបាននូវសុខភាពល្អទាំងអស់គ្នា ។

ចុងបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៍ ជួន សុវណ្ណ បានពាំនាំមកនូវអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ចែកជូនក្មួយៗរួមមាន៖១.ឧបត្ថម្ភមណ្ឌលជីវិតថ្មីភ្នំបាក់១លានរៀល
២.បុគ្គលិក២៩នាក់ ទទួលបានភេសជ្ជ:៦កេស និងថវិកា១លាន១៦ម៉ឺនរៀល
៣.ជនរងគ្រោះកំពុងស្តារនីតិសម្បទា ៦៨២នាក់ម្នាក់ៗទទួលបានទឹកដោះគោ ១កំប៉ុង ស្ករស១គីឡូក្រាម ទឹកក្រូច២កំប៉ុង ទឹកបរិសុទ្ធ២ដប ត្រីខ២កំប៉ុង និងថវិកា២ម៉ឺនរៀលផងដែរ។

By pcs

Leave a Reply

Your email address will not be published.

You missed