ភ្នំពេញ៖ សិក្ខាសាលាបណ្តុះបណ្តាលសារព័ត៌មានស្តីពី «តួនាទីប្រព័ន្ធផ្សព្វផ្សាយ និងការបោះឆ្នោតនៅកម្ពុជា»​នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២​ ដែលរៀបចំឡើងដោយវិទ្យាទំនាក់ទំនងអន្តរជាតិនៃកម្ពុជា រាជបណ្ឌិត្យសភាកម្ពុជា និងក្លិបអ្នកកាសែតកម្ពុជា ក្រោមវត្តមាន​ លោក ខៀវ កាញារីទ្ធ​ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

សិក្ខាសាលានេះ​ មានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២​ ដោយមានសិក្ខាកាមចូលរួមចំនួន​ ៥៤នាក់(នារី ១៦នាក់)​ មកពីអង្គភាពចំនួន ២៦ ក្នុងនោះ រួមមាន មកពី គ.ជ.ប., ស្ថាប័នស្រាវជ្រាវចំនួន ២ស្ថាប័ន, សារព័ត៌មានបោះពុម្ព​ និងអនឡាញ ១៥អង្គភាព, វិទ្យុ ៣អង្គភាព ទូរទស្សន៍ ៣អង្គភាព, អង្គការសង្គមស៊ីវិល ១អង្គភាព និងសាកលវិទ្យាល័យ ១អង្គភាព។​ ចំណែកវាគ្មិនដែលជាគ្រូបង្គោលសរុបចំនួន ៩រូប ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់នៃគ.ជ.ប. អ្នកកាសែតអាជីពជើងចាស់ អ្នកជំនាញ អ្នកច្បាប់ និងអ្នកវិទ្យាសាស្ត្រនយោបាយ ដែលអញ្ជើញមកពីប្រទេសកម្ពុជា បារាំង អាល្លឺម៉ង់ និងអូស្ត្រាលី។

សិក្ខាសាលានេះធ្វើឡើងនៅក្នុងគោលបំណ​ លើកកម្ពស់ការយល់ដឹងរបស់អ្នកសារព័ត៌មានអំពី ក្របខណ្ឌច្បាប់ នីតិវិធី ប្រព័ន្ធ និងដំណើរការនៃបោះឆ្នោតនៅកម្ពុជា តួនាទី និងក្រមសីលធម៌ប្រព័ន្ធផ្សព្វផ្សាយ ក្នុងការរាយការណ៍ព័ត៌មានបោះឆ្នោត,​ លើកកម្ពស់សមត្ថភាពវិភាគបរិបទ និងដំណើរការបោះឆ្នោតនៅកម្ពុជា,​ លើកកម្ពស់សមត្ថភាពវិភាគពីការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាច មជ្ឈភាពអាស៊ាន និងការបោះឆ្នោត,​ ចែករំលែកឧត្តមានុវត្តពាក់ព័ន្ធនឹងការចូលរួមនយោបាយ និងការចូលរួមការបោះឆ្នោតដោយសហគមន៍ពហុវប្បធម៌។

ក្រៅពីនេះក៏លើកកម្ពស់សមត្ថភាពអ្នកសារព័ត៌មានអាជីពក្នុងការវិភាគ និងស៊ើបអង្កេតព័ត៌មានពាក់ព័ន្ធនឹងការបោះឆ្នោត,​រួមចំណែកលើកកម្ពស់សុខដុមរមនា សន្តិភាព ការអភិវឌ្ឍ និងបរិយាបន្ននៅកម្ពុជា,​ រួមចំណែកប្រឆាំងនឹងព័ត៌មានបំភ្លៃ (Manipulation) ព័ត៌មានភាន់ច្រឡំ (Misinformation) ព័ត៌មានក្លែងបន្លំ (Disinformation) និងសេណារីយ៉ូដែលគេបង្កើតឡើង (Invented scenarios) សម្រាប់របៀបវារៈនយោបាយលាក់កំបាំង និងបើកចំហណាមួយពីមហាអំណាចខាងក្រៅ​ ជាដេីម៕

By pcs

Leave a Reply

Your email address will not be published.