ភ្នំពេញ៖ លោក ចាស្ទីន វ៉យអេត (H.E. Justin Whyatt) ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា បានចាប់អារម្មណ៍អំពីការវិវឌ្ឍ ផ្នែកនយោបាយ និងការអភិវឌ្ឍ របស់ប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន។ លោកឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ អំពីតួនាទីយ៉ាងសំខាន់របស់ គ.ជ.ប ក្នុងការរៀបចំការបោះឆ្នោត តាមបែបលក្ខណៈ ប្រជាធិបតេយ្យ ដែលត្រូវធ្វើយ៉ាងណា ឱ្យការបោះឆ្នោតមានភាពអព្យាក្រឹត ឥតលម្អៀង និងមានភាពជឿជាក់ពីម្ចាស់ឆ្នោត។
ឯកអគ្គរដ្ឋទូតបានបន្តថា ការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ មិនមែនសំខាន់តែក្នុងថ្ងៃបោះឆ្នោតទេ ប្រជាធិបតេយ្យមានតាំងពីមុនការបោះឆ្នោត និងក្រោយការបោះឆ្នោត។ ប្រសាសន៍របស់ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជាបែបនេះ បានលើកឡើង នៅក្នុងជំនួបពិភាក្សាទ្វេភាគី ជាមួយលោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៥ ខែឧសភា ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ពីគ.ជ.ប ទទួលបាននៅថ្ងៃនេះ។
ក្នុងជំនួបនាពេលនោះ ឯកអគ្គរដ្ឋទូតអូស្ត្រាលី ចង់ដឹងអំពីដំណើរការចុះបញ្ជី គណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ និងអំពីបែបបទនៃការចុះបញ្ជីនេះ។ មួយទៀត លោកឯកអគ្គរដ្ឋទូត ចង់ដឹងអំពីតួនាទីអ្នកសង្កេតការណ៍បោះឆ្នោត ពីព្រោះខាងអូស្ត្រាលី នឹងមិនដាក់អ្នកសង្កេតការណ៍បោះឆ្នោតទេ ប៉ុន្តែអូស្ត្រាលីនឹងជួយអ្នកសង្កេតការណ៍ជាតិនៅកម្ពុជា។
ឆ្លើយតបទៅនឹងសំណួរខាងលើ លោក ប្រាជ្ញ ចន្ទ បានពន្យល់អំពីប្រវត្តិ នៃការបោះឆ្នោតនៅកម្ពុជាតាំងពីឆ្នាំ ១៩៩៣ ការបង្កើតសភាធម្មនុញ្ញ តមក សភាធម្មនុញ្ញក្លាយជារដ្ឋសភា និងការ បង្កើតរាជរដ្ឋាភិបាល។ មកទល់ពេលនេះ គ.ជ.ប បានរៀបចំការបោះឆ្នោតដោយខ្លួនឯង ចំនួន១៨ លើករួចមកហើយ ដែលការបោះឆ្នោតទាំងនោះ ត្រូវបានទទួលស្គាល់ពីភាព ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព។
លោកប្រធាន គ.ជ.ប បានបន្តថា នៅឆ្នាំ២០១៥ ប្រទេសកម្ពុជាបានធ្វើការកែទម្រង់ការបោះឆ្នោត ដោយស្ថាប័ន គ.ជ.ប ត្រូវបានចែងក្នុងរដ្ឋធម្មនុញ្ញ។ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃ គ.ជ.ប ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ- សង្កាត់ ត្រូវបានអនុម័តដោយរដ្ឋសភា។
បច្ចុប្បន្ន គ.ជ.ប កំពុង រៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ និងនៅឆ្នាំ២០២៤ ខាងមុខនេះ គ.ជ.ប នឹងត្រូវរៀបចំការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា និងការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សា រាជធានី ក្រុមប្រឹក្សាខេត្ត ក្រុម ប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។ ការរៀបចំ និងការចាត់ចែងការបោះឆ្នោតទាំងនោះ ជាសមត្ថកិច្ចរបស់ គ.ជ.ប។
លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានមានប្រសាស ន៍អំពីការរៀបចំប្រតិទិននៃការបោះឆ្នោត ការធ្វើផែនការមេការរៀបចំបទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត និងការកសាងឯកសារ គតិយុត្តពាក់ព័ន្ធផ្សេង ទៀតសម្រាប់ការបោះឆ្នោត។ លោកប្រធាន គ.ជ.ប បានពន្យល់អំពី ដំណាក់កាលនីមួយៗ នៃការរៀបចំការបោះឆ្នោត ដែលមានតាំងពីការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ការចុះ បញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ ការឃោសនាបោះឆ្នោត ការបោះឆ្នោត និងរាប់សន្លឹកឆ្នោត ការប្រកាសលទ្ធផលនៃការបោះឆ្នោត និងនីតិវិធី នៃការដាក់ពាក្យបណ្តឹង ការដោះស្រាយពាក្យបណ្តឹងទាក់ ទងនឹងលទ្ធផល នៃការបោះឆ្នោត។
ពិភាក្សាការងារពាក់ព័ន្ធ នឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ លោកប្រធាន គ.ជ.ប បានថ្លែងអំណរគុណដល់អូស្ត្រាលី ដែលបានជួយដល់ការបោះឆ្នោតនៅកម្ពុជា នាពេលកន្លងមក នូវថវិកាជាងមួយលានដុល្លារសហរដ្ឋអាមេរិក។
ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា បានថ្លែងអំណរគុណដល់គ.ជ.ប និងបានរំលឹកអំពីបេសកកម្ម នៅប្រទេសកម្ពុជា ចូលរួមមើលការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០០២ និងការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ ឆ្នាំ២០០៣៕

By pcs

Leave a Reply

Your email address will not be published.

You missed