Content image – Phnom Penh Post
ពលករ​ចំនួន ១៧ នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន ខណៈ​កំពុង​ជិះ​រថយន្ត​បម្រុង​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ។ រូបថត FN
បន្ទាយមានជ័យ៖ អាជ្ញាធរ​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ បាន​ឃាត់​ខ្លួន​ពលករ​ចំនួន ១៧ នាក់ ខណៈ​កំពុង​ជិះ​រថយន្ត ២ គ្រឿង បម្រុង​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ កាល​ពី​ថ្ងៃទី ៦ ខែ​ឧសភា នៅ​ចំណុច​ភូមិ​តេជោ​ភ្នំឆត្រ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក។

លោក លឿង សុភក្ដិ អភិបាល​ស្រុក​ស្វាយចេក បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃទី ៧ ខែ​ឧសភា​នេះ​ថា ពលករ​ទាំង ១៧ នាក់​នោះ ត្រូវ​បាន​បញ្ជូន​ទៅ​មណ្ឌល​ចត្តាឡីស័ក​វិទ្យាល័យ​ស្វាយ​ចេក រយៈពេល ១៤ ថ្ងៃ​សិន ទើប​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់​ទៅ​លំនៅឋាន​ពួក​គាត់​វិញ។ ប៉ុន្តែ​សម្រាប់​ម្ចាស់​រថយន្ត ២ គ្រឿង ក្នុង​ចំណោម​នោះ​នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ ដើម្បី​បន្ត​តាម​នីតិវិធី​ច្បាប់។

លោក​បាន​បន្ត​ថា ពេល​នេះ​អាជ្ញាធរ​មិន​អាច​ឲ្យ​ពលករ​ទាំង​នោះ​ត្រឡប់​ទៅ​លំនៅឋាន​វិញ​ទេ ព្រោះ​ត្រូវ​គោរព​តាម​វិធានការ​ក្រសួង​សុខាភិបាល។ ក្រោយ​ពី​បញ្ចប់​ការ​សាកសួរ​ព័ត៌មាន និង​បញ្ចប់​ការ​ធ្វើ​ចត្តាឡីស័ក រដ្ឋបាល​ស្រុក​នឹង​ស្នើសុំ​គោលការណ៍​ពី​ថ្នាក់​ខេត្ត ដើម្បី​សម្រេច​បញ្ជូន​ពួក​គាត់​ទៅ​លំនៅឋាន​រៀងៗ​ខ្លួន​វិញ​តាម​រយៈ​រថយន្ត​របស់​កងទ័ព​លើកលែង​តែ​អ្នក​បើកបរ ២ នាក់ ដែល​ត្រូវ​បន្ត​តាម​នីតិវិធី​ច្បាប់។

ទោះ​ជា​យ៉ាងណា លោក លឿង សុភក្ដិ បាន​បញ្ជាក់​ថា លោក​មិន​ទាន់​មាន​ព័ត៌មាន​លម្អិត​ជុំវិញ​ពលករ​ទាំង​នោះ​មក​ពី​ខេត្ត​ណា ឬ​តំបន់​ណា​នៅ​ឡើយ​ទេ។ មួយ​វិញ​ទៀត​ក៏​មិន​ទាន់​ដឹង​ថា ពួក​គាត់​ចូល​ទៅ​ប្រទេស​ថៃ ដើម្បី​ធ្វើ​ការ ឬ​ក៏​មាន​ការងារ​ធ្វើ​នៅ​ទីនោះ​រួច​ហើយ​នោះ​ទេ​ ព្រោះ​ពេល​នេះ​សមត្ថកិច្ច​កំពុង​តែ​សួរ​នាំ​ពួក​គេ ដើម្បី​ធ្វើ​របាយការណ៍។

លោក សុភក្ដិ បាន​ថ្លែង​ថា៖ «ខ្ញុំ​អត់​ដឹង​លម្អិត​ទេ អា​គោលដៅ​ចុង​ក្រោយ​នេះ យើង​អត់​បាន​ដឹង​ថា គាត់​ទៅ​ស្រុក​ថៃ​ហ្នឹង គាត់​ទៅ​ធ្វើ​អី គាត់​មាន​ការងារ​ហើយ ឬ​យ៉ាង​ណា​ទេ​ អ្វី​ដែល​យើង​ធ្វើ​ការ គឺ​យើង​ធ្វើ​ការ​ត្រឹម​ដែន​របស់​យើង»។

យ៉ាង​ណា​ក្ដី លោក ជា ស្លូញ អធិការ​នគរបាល​ស្រុក​ស្វាយចេក​បាន​ឲ្យ​ដឹង​ថា មនុស្ស​ទាំង ១៧ នាក់​នោះ​មក​ពី​ខេត្ត​កំពង់ចាម ៦ នាក់, បាត់​ដំបង ១០ នាក់ និង​បន្ទាយមានជ័យ ១ នាក់។

លោក​អធិការ​បាន​ឲ្យ​ដឹង​ថា តាម​ចម្លើយ​សារភាព​របស់​អ្នក​បើក​រថយន្ត​ទាំង ២ នាក់​ថា មនុស្ស​ដែល​គេ​ដឹក​ដើម្បី​ឆ្លង​ដែន​នោះ គឺ​ដាក់​តាម​ព្រំដែន​ដែល​មេខ្យល់​បាន​កំណត់​ដោយ​គេ​យក​តម្លៃ​តាម​ជិត​តាម​ឆ្ងាយ​មាន ២៥០ បាត, ៣០០ បាត និង ៤០០ បាត។ បច្ចុប្បន្ន​អ្នក​បើក​រថយន្ត​ទាំង ២ នាក់​នោះ កំពុង​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយចេក រៀបចំ​សំណុំ​រឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​ចាត់​ការ​បន្ត​តាម​នីតិវិធី​ច្បាប់៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *