ថៃឡង់ដ៍៖ មន្ត្រីនគរបាលថៃ នៅថ្ងៃអង្គារសប្តាហ៍នេះ បានលើកឡើងថា កម្លាំងអាជ្ញាធររបស់ខ្លួនបានរឹបអូសគ្រឿងញៀនប្រភេទមេតាហ្វេតាមីន ឬម៉ាទឹកកក សរុបចំនួន ១.១៤តោន ខណៈក្រុមឧក្រិដ្ឋជនកំពុងដឹកជញ្ជូនគ្រឿងញៀនទាំងអស់នោះទៅកាន់ទីផ្សារក្រៅប្រទេស។
យោងតាមការិយាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបញ្ជាក់ថា ក្រុមឧក្រិដ្ឋជនបានលាក់ទុកគ្រឿងញៀនដោយបន្លំជាមួយនឹងកញ្ចប់តែ និងកញ្ចប់កាហ្វេនៅក្នុងប្រអប់ទំនិញចំនួន៣ប្រអប់ នៅក្នុងរថយន្តរបស់ពួកគេ ហើយក៏ត្រូវបានកម្លាំងសមត្ថកិច្ចចាប់បានខណៈកំពុងបើកបរនៅតាមដងផ្លូវឆ្តោះទៅកាន់តំបន់ព្រំដែនភាគខាងត្បូងប្រទេសថៃឡង់ដ៍។
អាជ្ញាធរថៃបានចាប់ខ្លួនជនសង្ស័យចំនួន៦រូប ពាក់ព័ន្ធនឹងករណីដឹកនាំជញ្ជូនគ្រឿងញៀនដោយខុសច្បាប់។
ដោយឡែក មន្រ្តីអ្នកនាំពាក្យស្នងការនគរបាលថៃមួយរូប បានបញ្ជាក់ប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា បច្ចុប្បន្ននេះ ក្រុមឧក្រិដ្ឋជនគ្រឿងញៀនក្នុងប្រទេសថៃឡង់ដ៍ បានបង្កើនការផលិតរបស់ខ្លួនកាន់តែច្រើនឡើងៗ ពីមួយថ្ងៃៗ ជាមួយនឹងបច្ចេកវិទ្យាផលិតតាមបែបទំនើបៗដែលនាំចូលមកពីបរទេស ដើម្បីបន្តចែកចាយនៅលើទីផ្សារ។
ជុំវិញបញ្ហានេះ អាជ្ញាធរថៃបានប្តេជ្ញាចិត្តថានឹងបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងកិច្ចការតាមដាន និងបង្ក្រាបបណ្ដាញឧក្រិដ្ឋជនគ្រឿងញៀនឱ្យកាន់តែសកម្មកម្មបន្ថែមទៀត ដើម្បីបង្ការការចរាចរណ៍គ្រឿងញៀនដោយខុសច្បាប់នៅក្នុងប្រទេស ក៏ដូចជាទៅលើទីផ្សារក្រៅប្រទេ៕
ប្រភព៖ Reuters Connect



