កំពត៖​ ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋ កាលពីពេលថ្មីៗនេះ​ រដ្ឋបាលស្រុកទឹកឈូក បានចេញសេចក្តីជូនដំណឹងដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកទឹកឈូ អំពី​ ការបើកបម្រើសេវាអត្រានុកូលដ្ឋាន​ តាមរយៈហ្វេសប៊ុកផេក និងតេឡេក្រាមរបស់រដ្ឋបាលស្រុក។ យោងតាមការបញ្ជាក់របស់អភិបាលស្រុកថា ការផ្តល់សេវាថ្មីនេះ នឹងបង្កភាពងាយស្រួលមួយកម្រិតទៀត ពិសេសសម្រាប់ពលរដ្ឋទៅបំពេញការងារនៅខេត្តឆ្ងាយៗ។

លោក អ៊ឹម ច័ន្ធសោធន អភិបាលស្រុកទឹកឈូ បានឱ្យដឹងថា ដោយផ្អែកតាមគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាល រដ្ឋបាលស្រុកទឹកឈូ បានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការផ្តល់សេវាសាធារណៈ និងសេវាផ្សេងៗតាមការិយាល័យច្រករចេញចូលតែមួយរបស់រដ្ឋបាលស្រុក។ រយៈពេលកន្លងមកការផ្តល់សេវាមិនមានការរាំងស្ទះ ឬយឺតយ៉ាវនោះទេ ហើយដើម្បីឱ្យពលរដ្ឋកាន់តែមានភាពងាយស្រួលបន្ថែមទៀត រដ្ឋបាលស្រុក បានសម្រេចបើកបម្រើសេវាការស្នើសុំចម្លងលិខិតអត្រានុកូលដ្ឋានតាមរយៈហ្វេសបុកផេករបស់រដ្ឋបាលស្រុកទឹកឈូ​ ដែលមានតំណរភ្ជាប់ https://www.facebook.com/TuekchhuoDistrict ឬតាមរយៈប្រព័ន្ធតេឡេក្រាម @TOEKCHHOU។

ការបង្កើតឱ្យមានសេវាតាមប្រព័ន្ធអេឡិចត្រូនិចនេះឡើង ដើម្បីបង្កលក្ខណៈងាយស្រួល ក្នុងការទទួលសេវាអត្រានុកូលដ្ឋានបានទាន់ពេលវេលា និងឆាប់រហ័សដោយមិនតម្រូវឱ្យប្រជាពលរដ្ឋទៅកាន់សាលាស្រុក​ ដើម្បីរង់ចាំបំពេញពាក្យស្នេីសុំនោះឡើយ ប្រសិនបើប្រជាពលរដ្ឋដាក់ពាក្យស្នើសុំតាមរយៈហ្វេសបុកផេក និងតេឡេក្រាមខាងលើ។

លោក មូល សុធា ប្រធានការិយាល័យច្រកចេញចូលតែមួយរបស់រដ្ឋបាលស្រុកទឹកឈូ បានបញ្ជាក់ថា មន្ត្រីនៅការិយាល័យច្រកចេញចូលតែមួយ មានចំនួន ១៣រូប  ហើយពួកគាត់បានខិតខំប្រឹងប្រែងបំពេញការងារដើម្បីបម្រេីសេវាផ្សេងៗជូនប្រជាពលរដ្ឋ និងសាធារណៈជនដោយមិនដែលអវត្តមាននោះទេ។ ជាលទ្ធផលសម្រាប់រយៈពេល ១០ខែ ឆ្នាំ២០២២​ ស្រុកទឹកឈូបានធ្វើការផ្តល់សេវាសាធារណៈ និងសេវាផ្សេងៗបានជាង ១ម៉ឺនសេវា គឺច្រើនជាងគេនៅក្នុងខេត្តកំពត។ បន្ទាប់ពីបើកបម្រើសេវាតាមបណ្តាញទំនាក់ទំនងសង្គមទាំងពីរនេះទៀត ពលរដ្ឋនឹងកាន់តែមានភាពងាយស្រួលក្នុងការទទួលយកសេវាពីការិយាល័យច្រកចេញចូលតែមួយរបស់រដ្ឋបាលស្រុក។

ទន្ទឹមនឹងការបង្កើតឱ្យមានការដាក់ពាក្យស្នើសុំសេវាអត្រានុកូលដ្ឋាន តាមរយៈបណ្តាញទំនាក់ទំនងសង្គមទាំងពីរនេះ ប្រជាពលរដ្ឋដែលមកដាក់ពាក្យស្នើសុំសេវា និងទទួលយកសេវា បានលើកឡើងថា ពួកគាត់សប្បាយចិត្តដែលរាជរដ្ឋាភិបាលបានបង្កើតសេវាច្រកចេញចូលតែមួយនេះឡើង ដែលបានបង្កឱ្យមានភាពងាយស្រួល ចំណេញទាំងពេលវេលា និងថវិកា។ បើមានការបម្រើសេវាតាមហ្វេសប៊ុក និងតេឡេក្រាមបន្ថែមទៀត កាន់តែប្រសើរជាងមុនខ្លាំង។

សូមបញ្ជាក់ថា រដ្ឋបាលស្រុកទឹកឈូ បានចេញសេចក្តីជូនដំណឹងអំពី​ ការទទួលសេវាអត្រានុកូលដ្ឋាននេះកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២។ បើតាមការបញ្ជាក់របស់លោកអភិបាលស្រុកថា​ ដំណើរការនៃការបម្រើសេវាផ្សេងៗនៅតាមច្រកចេញចូលតែមួយ គឺគោរពបានត្រឹមត្រូវតាមគោលការណ៍របស់រាជរដ្ឋាភិបាល មិនបង់ថ្លៃសេវាលើតុ ឬក្រោមតុនោះទេ ហើយលោកបានស្នើដល់ពលរដ្ឋទាំងអស់បើមានចម្ងល់ ឬមន្ទិលសង្ស័យទៅលើសេវាណាមួយ សូមទំនាក់ទំនងតាមលេខទូរសព្ទ ឬតេឡេក្រាមរបស់រដ្ឋបាលស្រុក ដែលមានលេខ​ ០១២ ៤២៤ ៣៨៩៕

By pcs

Leave a Reply

Your email address will not be published.

You missed