ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានណែនាំឱ្យអាជ្ញាធរខណ្ឌទាំង១៤ សហការជាមួយនឹងទាហាននៃកង ពលតូចលេខ៧០ឬង៧០ ធ្វើការបាញ់សម្លាប់មេរោគនៅតាមវត្តអារាមនានាទូទាំងរាជធានីភ្នំពេញ ចំនួន១៥១វត្ត ក្រោយពីអាជ្ញាធរនិង ក្រុមគ្រូពេទ្យ បានយកសំណាកព្រះសង្ឃ លោកតាអាចារ្យ តាជី យាយជី និងអ្នកស្នាក់នៅតាមបណ្ដាវត្តនានានៅទូទាំងរាជធានីភ្នំពេញ រួចរាល់អស់ហើយ។ ជាក់ស្ដែងកាលពីចុងសប្តាហ៍នេះ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិសែនជ័យ បានសហការជាមួយនឹងទាហាននៃកងពលតូច លេខ៧០ ឬ ង៧០ បានធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មេរោគ នៅតាមបណ្តាវត្តទាំង១៤នៅក្នុងខណ្ឌពោធិ៍សែនជ័យ ដោយជាជំហានដំបូង បានចាប់ផ្ដើមបាញ់នៅវត្តពោធិចិនតុង បន្ទាប់មក ក្រុមការងារ បានបែងចែកកម្លាំងនៅតាមបណ្ដាវត្តផ្សេងទៀត នៅក្នុងមូលដ្ឋាន នៃខណ្ឌនេះ ។ លោកហែម ដារិទ្ធិ បានមានប្រសាសន៍លើកឡើងថា នៅក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យកន្លងមកនេះ មានតំបន់ក្រហមមួយចំនួន ។ដោយសារតែមានតំបន់ក្រហមនេះហើយ ទើបធ្វើឱ្យអាជ្ញាធរខណ្ឌរបស់យើងមានការប្រុងប្រយ័ត្នខ្ពស់ ។ ក្រោមការណែនាំពីឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដូចជាក្រសួងសុខាភិបាលនិងសម្ដេចតេជោហ៊ុន សែន យើងបានអនុវត្តវិធានការពារជំងឺ កូវីដ-១៩ យ៉ាងតឹងរឹងបំផុត ហើយមកដល់ពេលនេះ ឃើញថា នៅខណ្ឌពោធិ៍សែនជ័យ ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ យើងទប់ស្កាត់បានយ៉ាងល្អប្រសើរ ទាំងការព្យាបាលនៅតាមផ្ទះ និងការបញ្ជូនអ្នកជំងឺទៅកាន់មណ្ឌលផ្សេងៗ។ លោកបន្តថា ពាក់ព័ន្ធនឹងពិធីបុណ្យភ្ជុំបិណ្ឌវិញ រដ្ឋបាលខណ្ឌ ពោធិ៍សែនជ័យ ក្រោយពីមានការណែនាំពីប្រមុខរាជរដ្ឋាភិបាលនិងរដ្ឋបាលរាជធានីភ្នំពេញ យើងបានអនុវត្តយ៉ាងល្អប្រសើរ ដោយប្រជាពលរដ្ឋបានចូលរួមសហការយ៉ាងសកម្មជាមួយអាជ្ញាធររបស់យើង ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩នៅតាមវត្តអារាម ។ លោកបញ្ជាក់ថា នៅក្នុងខណ្ឌពោធិ៍សែនជ័យ មានវត្តចំនួន១៤ មានព្រះសង្ឃជិត៨០០អង្គ ហើយព្រះសង្ឃទាំងនេះ យើងបានយក សំណាករួចរាល់ ហើយជាលទ្ធផលមានវិជ្ជមានកូវីដ-១៩ចំនួន៤អង្គ /នាក់ ដោយយើងបានបញ្ជូនទៅព្យាបាលហើយផងដែរ។ លោកហែម ដារិទ្ធិ បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមសហការឱ្យបានល្អជាមួយនឹងអាជ្ញាធរ ធ្វើយ៉ាងណាទប់ស្កាត់ឱ្យបាន នូវការរីករាលដាលជំងឺ-១៩ ក្នុងឱកាសបុណ្យដាក់បិណ្ឌនិងភ្ជុំបិណ្យនេះ ។ លោកបញ្ជាក់បន្ថែមថា បុណ្យទានយើងនៅតែធ្វើ ប៉ុន្តែក្នុងពេល នេះយើងផ្អាកសិន ដោយបុណ្យទានពេលណាក៏យើងអាចធ្វើបានដែរ បើបងប្អូនមិនបានជួយអ្វីទេសូមកុំបង្កការលំបាកទៅឱ្យអ្នកដទៃ ៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *

You missed