អភិបាលខេត្តកំពង់ចាម ជំរុញឱ្យលោកគ្រូ អ្នកគ្រូខិតខំប្រឹងប្រែងបណ្ដុះបណ្ដាលថ្នាលយុវជន ជំនាន់ក្រោយ ពោរពេញទៅដោយសមត្ថភាព ជំនាញច្បាស់លាស់ ក្នុងការបន្តការអភិវឌ្ឍឲ្យកាន់តែរីកចម្រើន នៅព្រឹកថ្ងៃ ទី២៣ ខែ មករា ឆ្នាំ២០២២ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម អញ្ជើញជាអធិបតី ក្នុងពិធី បើកបវេសនាកាលឆ្នាំសិក្សាថ្មី២០២១-២០២២ និងសំណេះសំណាល ព្រមទាំងការចែក ប័ណ្ណសរសើរជូននិស្សិត បុគ្គលិក និងសាស្ត្រាចារ្យ នៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME)សាខាខេត្ត កំពង់ចាម ស្ថិតនៅក្នុងក្រុងកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី តំណាងប្រធានសាលាដំបូងខេត្ត, តំណាងព្រះរាជអាជ្ញាអមសាលាដំបូង, អភិបាលរងខេត្ត, នាយក នាយករងរដ្ឋបាលសាលាខេត្ត, ថ្នាក់ដឹកនាំមន្ទីរ អង្គភាព, អាជ្ញាធរក្រុងកំពង់ចាម, សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងសិស្ស និស្សិត នៃសាខាសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME)សាខាខេត្ត កំពង់ចាម ជាច្រើនរូបផងដែរ។ ក្នុងឱកាសនោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានថ្លែងការកោតសរសើរទៅដល់លោកនាយកសាលា និងគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ ដែលកន្លងមកបានខិតខំប្រឹងប្រែង បណ្ដុះបណ្ដាលថ្នាលយុវជន ជំនាន់ក្រោយ ពោរពេញទៅដោយសមត្ថភាព ជំនាញច្បាស់លាស់ ក្នុងការបន្តការអភិវឌ្ឍឲ្យកាន់តែរីកចម្រើន។ ឯកឧត្តមអភិបាលខេត្ត ក៏បានលើកទឹកចិត្ត និងជំរុញទៅដល់និស្សិតឲ្យជ្រើសរើសយកមុខវិជ្ជា ដែលខ្លួន ពេញចិត្ត ហើយ ត្រូវជ្រើសរើសតាំងពីរៀននៅសាកលវិទ្យាល័យ កំណត់គោលដៅឲ្យបានច្បាស់លាស់ ចង់ធ្វើការនៅក្នុងស្ថាប័នរដ្ឋ ឬក៏ ចង់ធ្វើការនៅស្ថាប័នឯកជន ដែរនៅពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាយើង ត្រូវការអ្នកដែលមានជំនាញច្បាស់លាស់ ពោរពេញទៅដោយសមត្ថភាព ដើម្បីបម្រើការងារជូនទៅដល់ស្ថាប័នអង្គភាពពាក់ព័ន្ធដែលក្នុងមួយឆ្នាំៗ ត្រូវការរាប់ពាន់នាក់ យកមកបំពេញការងារ នៅតាមស្ថាប័នរដ្ឋ និងស្ថាប័នឯកជនជាដើម។ល។ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានក្រើនរំលឹកឲ្យនិស្សិត ដែលកំពុងតែសិក្សានៅសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ចខេត្តកំពង់ចាម ទាំងអស់ត្រូវបន្តការខិតខំប្រឹងប្រែងរៀនសូត្រទាំងបច្ចេកវិទ្យា ភាសា និងជាពិសេសត្រូវស្ដាប់តាមការណែនាំ របស់សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូដោយមិនត្រូវធ្វេសប្រហែសក្នុងពេលសិក្សាឡើយ ជាពិសេសត្រូវរក្សាគោលជំហរឱ្យបានរឹងមាំ មិនត្រូវជឿតាមពាក្យញុះញង់ពីជនអគតិមួយចំនួនអូសទាញពួកយើងឱ្យប្រព្រឹទ្ធនូវអំពើអបាយមុខផ្សេងៗ ដែលនាំឱ្យប៉ះពាល់ដល់អនាគតរបស់យើងដែលជាយុវជន ជាទំពាំងស្នងឫស្សី សម្រាប់គ្រួសារ និងសង្គមជាតិ។(ដោយសហការី)

By pcs

Leave a Reply

Your email address will not be published.

You missed