ភ្នំពេញ៖ អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ នេត សាវឿន បានធ្វើការណែនាំឲ្យនគរបាលទូទាំងប្រទេស ត្រូវពង្រឹងពីររបៀបរបរធ្វើការងារ អាប្បកិរិយារបស់កងកម្លាំង មន្ដ្រីនគរបាលចរាចរណ៍ ពង្រឹងសណ្ដាប់ធ្នាប់តាមដងផ្លូវ ពិសេសចញ្ចើមផ្លូវដើម្បីកាត់បន្ថយការកកស្ទះ ដោយបង្កើតឲ្យមានវគ្គបណ្ដុះបណ្ដាល ហាមដាច់ខាតប្រើប្រាស់ពាក្យសម្ដីមិនសមរម្យទៅកាន់ប្រជាពលរដ្ឋ។

នាយឧត្តមសេនីយ៍ នេត សាវឿន បានណែនាំដូចនេះ ក្នុងពិធីប្រកាសចូលកាន់តំណែងនាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងប្រធាននាយកដ្ឋានកណ្ដាលសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។ ក្រៅពីនេះ លោកក៏បានណែនាំឱ្យនាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនថ្មី និងកម្លាំងទាំងអស់ ហាមដាច់ខាតបង្ក្រាបករណីគ្រឿងញៀនតូចតាច ពោលគឺ ត្រូវបង្ក្រាបបទល្មើសធំៗ ដោយសារតែកម្លាំងរបស់មន្ទីរជាកម្លាំងថ្នាក់ជាតិ។ កន្លងមកស្ថាប័ននេះ បានខិតខំបង្ក្រាប និងទប់ស្កាត់ការជួញដូរគ្រឿងញៀន ហើយរក្សាឲ្យបាននូវចំណុចល្អជៀសវាងនូវបាតុភាពអសកម្មផ្សេងៗ ដែលអាចកើតមាន។

នាយឧត្តមសេនីយ៍ នេត សាវឿន ក៏បានដាក់ចេញនូវការណែនាំមួយចំនួន ត្រូវពង្រឹងសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈទូទាំងប្រទេស ពិសេសនៅរាជធានីភ្នំពេញ ត្រូវអនុវត្តផែនការការពារជាក់ស្ដែង ក្នុងកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខ។ គ្រប់រាជធានី-ខេត្ត ត្រូវបង្កើន និងពង្រឹងសន្ដិសុខ សុវត្ថិភាពចាប់ពីពេលនេះតទៅ រហូតដល់កិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាត្រូវធ្វើជាម្ចាស់ផ្ទះ ត្រូវពង្រឹងសមត្ថភាពមន្ដ្រីតាមរយៈការបណ្ដុះបណ្ដាល ពង្រឹងអាកប្បកិរិយា ឥរិយាបថ ទន់ភ្លន់ តែម៉ឺងម៉ាត់។ គ្រប់នាយកដ្ឋាន អង្គភាព ត្រូវពង្រឹងការគ្រប់គ្រងព័ត៌មានសង្គម ត្រូវយកចិត្តទុកដាក់ចំពោះការលើកសរសើរ និងការតិចតៀនពីប្រជាពលរដ្ឋ ប្រធានអង្គភាពថ្មី ដែលទើបប្រកាសចូលកាន់តំណែង ត្រូវពង្រឹងទំនាក់ទំនង សាមគ្គីភាពជាមួយបណ្ដាញនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធ ដើម្បីអនុវត្តការងារបានជោគជ័យ។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យផ្ទេរ និងតែងតាំង នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ រួមមាន លោកឧត្តមសេនីយ៍ឯក លឹម ផាន់ភារៈ ពីអគ្គនាយករង នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ទៅ ជាប្រធាននាយកដ្ឋានកណ្តាលសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។ ចំណែកលោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ជំនួសឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ ដែលចូលនិវត្តន៍៕

By pcs

Leave a Reply

Your email address will not be published.

You missed