ព្រះសីហនុ៖ លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ស្ថិតក្នុងសង្កាត់លេខ ៤ ក្រុងព្រះសីហនុនិងទីតាំងត្រៀមបម្រុងសម្រាប់ការសាងសង់អគារថ្មីមួយក្រោមជំនួយឥតសំណង របស់សាធារណរដ្ឋប្រជាមានិតចិន ជូនរាជរដ្ឋាភិបាលកម្ពុជាសម្រាប់បម្រើលើវិស័យសុខាភិបាលជូនប្រជាពលរដ្ឋ។
អគារដែលគ្រោងនឹងសាងសង់ថ្មីនេះ នឹងចូលរួមចំណែកពង្រឹងនិងពង្រីកសមត្ថភាពក្នុងការផ្តល់សេវាពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ និងខេត្តនៅជុំវិញផងដែរ។ អគារថ្មីនេះនឹងសាងសង់នៅលើផ្ទៃដី៨.៣៧៧ម៉ែត្រការ៉េ ក្នុងទំហំអគារសរុប ១៤.០០០ម៉ែត្រការ៉េ និងមានចំណុះគ្រែសរុប ចំនួន២០០គ្រែ ដែលមានបរិក្ខារពេទ្យផ្នែក សង្គ្រោះបន្ទាន់ ជំងឺក្រៅ វេជ្ជសាស្រ្ត វះកាត់ បច្ចេកវិទ្យាវេជ្ជសាស្រ្ត ផ្នែកសម្រាកពេទ្យ និង ផ្នែកភស្តុភារនិងគាំទ្រ។
ក្នុងឱកាសនោះបន្ទាប់មកឯកឧត្តមរដ្ឋមន្រ្តី បានអញ្ជើញពិនិត្យមើលអគារសម្តេចតេជោព្យាបាលជំងឺកូវីដ-១៩ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រៀមបម្រុងទុកសម្រាប់ព្យាបាលជំងឺកូវីដ-១៩ ឬជំងឺឆ្លងដ៏ទៃទៀត ដែលអាចកើតមានជាយថាហេតុនាពេលអនាគត៕










