ខេត្តកែប៖ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ស្នងការដ្ឋាននគរបាលខេត្តកែប បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែធ្នូ និងលើកទិសដៅការងារខែបន្ត បន្ទាប់ពីបានស្តាប់របាយការណ៍ប្រចាំខែ នៅសាលប្រជុំនៃស្នងការដ្ឋាននគរបាលខេត្តកែប។
ក្នុងកិច្ចប្រជុំខាងលើមានថ្នាក់ដឹកនាំពីថ្នាក់ខេត្ត ដល់ថ្នាក់មូលដ្ឋានដែលពាក់ព័ន្ធចូលរួមចំនួន១១៤នាក់។ បន្ទាប់ពីបានស្ដាប់របាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែរបស់ការិយាល័យសរុបផែនការ និងការចូលរួមមតិពីសមាជិកអង្គប្រជុំរួចមក។
មានប្រសាសន៍ទៅកាន់សមាជិកអង្គប្រជុំ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានលើកឡើងពីវិធានការណ៍ និងការប្រើប្រាស់កំលាំងនគរបាលពីថ្នាក់ខេត្ត ដល់ប៉ុស្តិ៍រដ្ឋបាល ដើម្បីធានាពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព នៅមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងជូនប្រជាជនក្នុងមូលដ្ឋាន ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ក្នុងពិធីបុណ្យឆ្លងឆ្នាំសកល ដែលអាជ្ញាធរខេត្តគ្រោងរៀបចំធ្វើនៅឆ្នេរកែប ដែលនឹងខិតជិតមកដល់នាពេលខាងមុខនេះ។
តាមបទពិសោធន៍រៀងរាល់ឆ្នាំ ប្រជាជនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ តែងតែប្រមូលផ្តុំមករង់ចាំ ទទួលអំណរសាទរ ឆ្នាំសកល ឆ្នាំថ្មី នៅឆ្នេរកែប និងសួនច្បារថ្មីមុខសាលាខេត្តកែប ដែលមានមនុស្សកុះកររាប់សែននាក់ ហើយក៏មានការដុតបង្ហោះកោម បាញ់កាំជ្រួច ដែលឯកឧត្តមអភិបាលខេត្ត បានរៀបចំយ៉ាងច្រើនសន្ធឹកសន្ធាប់ផងដែរ។
ចុងក្រោយលោកឧត្តមសេនីយ៍ទោស្នងការ បានណែនាំដល់សមាជិកអង្គប្រជុំ ឲ្យបន្តចូលរួមផ្សព្វផ្សាយដល់មន្ត្រីថ្នាក់ក្រោម និងប្រជាពលរដ្ឋឲ្យអនុវត្តវិធានការសុខាភិបាល និងវិធានការបីកុំ បីការពារឲ្យបានខ្ជាប់ខ្ជួនផងដែរ៕