នៅព្រឹកថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន ជូនចំពោះរដ្ឋាភិបាល និងប្រជាជនកម្ពុជា រួមជាមួយនឹងពិធីសម្ពោធព្រមគ្នានៅអាគារសាលាបឋមសិក្សា និងវិទ្យាល័យតេជោសែនត្បូងឃ្មុំ ផងដែរ។

មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ជាមន្ទីរពេទ្យដ៏ទំនើបជាលើកដំបូងនៅលើដីនៅខេត្តត្បូងឃ្មុំដែលជាខេត្តដែលទើបបង្កើតចុងក្រោយគេ។ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ សាងសង់លើផ្ទៃដីទំហំ ២៤,៣០០ម៉ែត្រការ៉េ លើទំហំផ្ទៃដីសរុប ៥៥,៨១៥ម៉ែត្រការ៉េ។ មន្ទីរពេទ្យនេះ បានចំណាយទឹកប្រាក់ជិត ៥០លានដុល្លារអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន។ មន្ទីរពេទ្យមានអគារចំនួន៩ ដែលតភ្ជាប់គ្នាទៅវិញទៅមក។ ក្នុងនោះមានបែងចែកជាអគារអ្នកជំងឺសម្រាកពេទ្យចំនួន ៥ជាន់, អគារសម្ភព រោគស្រី និងកុមារចំនួន ៥ជាន់, អគារវេជ្ជសាស្ត្រ អគាររដ្ឋបាល និងស្នាក់នៅចំនួន ២ជាន់ និងអគារផ្សេងៗទៀត។ មន្ទីរពេទ្យនេះ ត្រូវបានបំពាក់ទៅដោយគ្រឿងបរិក្ខារពេទ្យទំនើបៗ ដែលសុទ្ធសឹងជាបរិក្ខារប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ និងកម្រិតអន្តរជាតិ។ មន្ទីរពេទ្យនេះ ក៏បានប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រងអ្នកជំងឺផងដែរ ដែលជួយឱ្យការផ្តល់សេវាព្យាបាលអ្នកជំងឺបានកាន់តែប្រសើរ។

សម្តេចតេជោ ហ៊ុន សែន ពិតជារីករាយចំពោះសមិទ្ធផលនៃវិស័យសុខាភិបាលនៅក្នុងទឹកដីនៃខេត្តត្បូងឃ្មុំនាថ្ងៃនេះ ដែលជាមន្ទីរពេទ្យដ៏ធំ និងទំនើបលើកដំបូងលើដីជនបទបែបនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ នេះគឺជាសមិទ្ធផលថ្មីមួយទៀតរបស់ប្រទេសកម្ពុជា ក្រោមចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងកម្ពុជា និងចិន។ សម្តេចសង្ឃឹមថា អគារដ៏ស្កឹមស្កៃនៃមន្ទីរពេទ្យនេះ នឹងឆ្លើយតបកាន់តែប្រសើរឡើងសម្រាប់ការគាំពារសុខុមាលភាពប្រជាពលរដ្ឋ មិនថាតែនៅក្នុងខេត្តត្បូងឃ្មុំខ្លួនឯងប៉ុណ្ណោះនោះទេ តែវាអាចបម្រើដល់ខេត្តផ្សេងៗទៀត ដែលនៅភូមិភាពនេះ ដូចជាខេត្តព្រៃវែង ក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងរតនគិរីជាដើម ក៏អាចមកទទួលសេវាព្យាបាលជំងឺផ្សេងៗនៅមន្ទីរពេទ្យនេះផងដែរ។

នៅថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចមិនទាន់មានការឯកភាពគ្នាលើពេលវេលាសម្រាប់កិច្ចប្រជុំពិសេសអាស៊ាន-អាមេរិកនៅឡើយទេដោយសារសមាជិកអាស៊ានមួយចំនួនចង់ឱ្យដូរពេលវេលា។ ការបញ្ជាក់របស់ សម្តេចតេជោ បានធ្វើឡើងបន្ទាប់ពីសេតវិមានប្រធានាធិបតីសហរដ្ឋអាមេរិក បានប្រកាសថា កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អាមេរិក ដែលអាមេរិកធ្វើជាម្ចាស់ផ្ទះ នឹងរៀបចំឡើងនៅថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែមីនា ខាងមុខនេះ។ សម្តេចតេជោ បានថ្លែងថា អាស៊ាន-អាមេរិក មិនទាន់ឯកភាពគ្នាលើពេលវេលាសម្រាប់កិច្ចប្រជុំពិសេសរវាងអាស៊ាន និងអាមេរិកនៅឡើយ ដោយក្នុងនោះមានប្រទេសអាស៊ានចំនួន៣ ស្នើឱ្យប្តូរពេលវេលា ក្នុងនោះ ប្រទេសឥណ្ឌូនេស៊ី ដែលជាប្រទេសសម្របសម្រួលមិនទាន់បានសម្របសម្រួលពេលវេលា នៅឡើយទេ ហើយមេដឹកនាំអាស៊ានជាច្រើន ទាមទារឱ្យមានការប្រជុំ នៅថ្ងៃទី២៦-២៧ ខែមីនា ហើយខាងសហរដ្ឋអាមេរិកបញ្ជាក់ថា ថ្ងៃទី២៦-២៧ សហរដ្ឋអាមេរិក មិនអាចទទួលពេលវេលានោះបានទេ ឯមេដឹកនាំអាស៊ានចំនួន៣ថា មិនអាចចូលរួមប្រជុំ នៅថ្ងៃទី២៦-២៧ បានទេ ដូច្នេះត្រូវចាំមើលសិន។ សម្តេចតេជោ សង្ឃឹមថា អាស៊ាន-អាមេរិកនឹងរកបាននូវពេលវេលាសមស្របតាមការសម្រុះសម្រួលគ្នា ប៉ុន្តែសម្រាប់សម្តេច គឺស្វាគមន៍នៅពេលវេលាណាមួយក៏បាន លើកលែងតែចាប់ពីពាក់កណ្តាលខែឧសភា រហូតដល់ពាក់កណ្តាលខែមិថុនា ឆ្នាំ២០២២ នេះ ដែលកម្ពុជាត្រូវរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលសម្តេចមិនអាចចេញទៅក្រៅប្រទេសបាន។

ទាក់ទងនឹងសមិទ្ធផលនៅថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បាន ថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលបានជួយសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ក៏ដូចជាមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុម: (ពេទ្យលោកសង្ឃ) នៅភ្នំពេញដែលនឹងត្រូវសម្ពោធដាក់អោយប្រើប្រាស់ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា តាមរយៈវត្តមានមន្ទីរពេទ្យទាំងអស់នេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់លើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋ។ សម្តេចតេជោបានមានប្រសាសន៍ថា សម្តេចទទួលស្គាល់ថា កម្ពុជាមានខ្វះខាតនូវបរិក្ខារទំនើបៗសម្រាប់ព្យាបាលប្រជាពលរដ្ឋ តែកម្ពុជាមិនខ្វះនូវទឹកចិត្តសម្រាប់ការលើកកម្ពស់នូវសុខុមាលភាពរបស់ប្រជាពលរដ្ឋនោះទេ។ សម្តេចតេជោបានថ្លែងថា មន្ទីរពេទ្យមានបរិក្ខារទំនើប ជារឿងសំខាន់ហើយ តែអ្វីកាន់តែសំខាន់ទៀតនោះ គឺមនសិការវិជ្ជាជីវៈរបស់ក្រុមគ្រូពេទ្យ។ សម្តេចសង្ឃឹមថា ក្រុមគ្រូពេទ្យទាំងអស់នឹងប្រឹងប្រែងយកចិត្តទុកដាក់ចំពោះសុខភាព និងការសង្គ្រោះអ្នកជំងឺ។ សម្តេចតេជោបានបញ្ជាក់ថាទោះបីមានការខ្វះខាតសម្ភារៈបរិក្ខារ តែមនសិការវិជ្ជាជីវៈ និងការដាក់ចេញគោលនយោបាយរបស់កម្ពុជា បានធ្វើឱ្យកម្ពុជាអាចលុបបំបាត់ជំងឺគ្រុនស្វិតដៃជើងនាពេលកន្លងមក ហើយពេលនេះ កម្ពុជាក៏បាននឹងកំពុងប្រយុទ្ធប្រឆាំង និងលុបបំបាត់ជំងឺគ្រុនចាញ់នៅឆ្នាំ២០២៥ផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានអបអរសាទរចំពោះសមិទ្ធផលនៃអគារមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ក៏ដូចជាអាគារសាលាបឋមសិក្សា និងវិទ្យាល័យតេជោសែនត្បូងឃ្មុំ ដែលត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់នាថ្ងៃនេះ។ ចុងបញ្ចប់នៃពិធី សម្តេចតេជោ រួមជាមួយឯកឧត្តមឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញកាត់ខ្សែបូរ សម្ពោធដាក់ឲ្យប្រើប្រាស់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិនត្បូងឃ្មុំ ចាប់ពីពេលនេះតទៅ៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *