កំពងចាម÷ថ្ងៃចន្ទ ៣ រោច ខែបុស្ស ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា​បាន​គូសបញ្ជាក់ថា កម្ពុជានឹងពិនិត្យ ពិចារណាថាតើយើងអាចធ្វើវិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ចំពោះការអនុវត្តអ្នកធ្វើនយោបាយនៅកម្ពុជាត្រូវមានសញ្ជាតិមួយ។ ការគូសបញ្ជាក់​របស់​សម្ដេចតេជោនាយករដ្ឋមន្រ្ដីនេះ ក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីក និងលើកកម្រិត​គុណ​ភាពផ្លូវជាតិលេខ៧ ជា៤គន្លង ប្រវែងសរុប ៤៥,៤៨៩ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលស្ពានគីហ្សូណា ក្នុង​ខេត្ត​កំពង់ចាម ក្រោមឥណទានសម្បទានពី​រដ្ឋាភិបាល​នៃសាធារណរដ្ឋប្រជាមានិតចិន នា​ព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣ នៅខេត្តកំពង់ចាម។

ការថ្លែងបញ្ជាក់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រីនេះ គឺធ្វើឡើង​បន្ទាប់ពីមាន​ការ​លើកឡើងរបស់ឯកអគ្គរដ្ឋទូតបរទេសមួយចំនួនដែលតែងចាត់ទុកអ្នកនយោបាយប្រឆាំងនៅកម្ពុជា ដែលត្រូវបានរាជរដ្ឋាភិបាលចាប់ឃុំខ្លួនដោយអះអាងថាជាពលរដ្ឋរបស់ខ្លួន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា៖ «ខ្ញុំសុំផ្ដាំទៅមិត្តភក្តិបរទេស ហើយខ្ញុំ​បាន​ប្រាប់​ទៅឯកអគ្គរដ្ឋទូតមួយ ដែលគេចូលចិត្តនិយាយថាអ្នកនេះមានសញ្ជាតិនេះ អ្នក​នេះ​មានសញ្ជាតិនោះដែលទទួលបានការប្តឹងផ្តល់ ឬជាប់ឃុំឃាំង។ ខ្ញុំបាននិយាយទៅ​វិញ​ថា ខ្ញុំ​​ក៏ត្រូវគិតដែរថារដ្ឋធម្មនុញ្ញកម្ពុជាគឺត្រូវកំណត់ឱ្យមានសញ្ជាតិតែមួយតែម្ដង ឬយ៉ាង ណា។ សម្តេចតេជោបានលើកឡើងថា ដូច្នេះយើងគួរតែបញ្ចប់តែម្ដងអ្នកធ្វើនយោ​បាយ​នៅកម្ពុជាគឺត្រូវតែមានសញ្ជាតិតែមួយគឺសញ្ជាតិកម្ពុជា។ ដូច្នេះមិត្តភក្តិបរទេសទាំងឡាយ​បើសិនជានៅតែបន្តនិយាយបែបនេះទៀតអំពីបញ្ហាសញ្ជាតិរបស់ពលរដ្ឋរបស់ខ្ញុំ ហើយ​ពលរដ្ឋរបស់អ្នកឯងមកជាប់គុកនៅស្រុកខ្មែរ មកធ្វើនយោបាយនៅស្រុកខ្មែរ។ ពលរដ្ឋអ្នក ឯងនៅពេលនៅស្រុកអ្នកឯងទៅ…»។

សម្តេចតេជោថ្លែងបញ្ជាក់ថា៖ «បើមិនអីចឹងវានៅតែស៊ាំតាប៉ែអីចឹង។ អ្នកដែលរស់​នៅក្រៅ​ប្រទេស​ ហើយមកធ្វើនយោបាយនៅកម្ពុជា ។ ហើយនៅក្នុងអាស៊ាននេះ​សួរ​មើល​តើប្រទេស​ប៉ុន្មាន​ដែលអនុញ្ញាតឱ្យអ្នកនយោបាយមានសញ្ជាតិពីរ។» សម្តេចតេជោ​នាយក​រដ្ឋមន្រ្ដីបានបន្តថា យើងគ្រាន់តែហាមឃាត់មនុស្សប្រមាណ១៣ នាក់ប៉ុណ្ណោះ​ឱ្យមាន​សញ្ជាតិ​តែមួយទី១.គឺគណៈកម្មាធិការជាតិរៀបចំបោះឆ្នោតទាំង ៩ នាក់ ត្រូវមាន​សញ្ជាតិ​តែមួយ។ បន្ទាប់ទៅតំណែងប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ត្រី និង ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញគឺត្រូវតែមានសញ្ជាតិមួយនៅក្នុងរដ្ឋធម្មនុញ្ញ។ ជាមួយគ្នានេះ សម្តេចតេ​ជោបានព្រមានថា៖ «បើអ្នកឯងនៅតែ តាប៉ែថា អ្នកនេះសញ្ជាតិអ្នកឯង អ្នក នោះ​សញ្ជាតិ​អ្នកឯងទៀត យើងនឹងពិនិត្យមើលថា តើអាចធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ​ចំពោះ​ការ​អនុវត្ត​អ្នក​ធ្វើនយោបាយនៅកម្ពុជាត្រូវមានសញ្ជាតិមួយឬ»។

សម្តេចតេជោបានឱ្យដឹងដែរថា កន្លងមកមានបងប្អូនមួយចំនួនបានលើកឡើង​បញ្ហា​នេះដោយសារតែបញ្ហាអតីតកាលឈឺចាប់ដោយសារសង្រ្គាម បងប្អូនមួយចំនួន​ទៅ​រស់នៅក្រៅប្រទេស ហើយយើងអនុញ្ញាតឱ្យមកចូលរួមកសាងប្រទេស ។ ប៉ុន្តែបើឯក​អគ្គ​រដ្ឋ​ទូត​នោះនៅតែបន្តធ្វើបែបនេះទៀត យើងនឹងពិនិត្យពិចារ ណាឡើងវិញ​គឺតម្រូវឱ្យ​អ្នក​ធ្វើ​នយោបាយនៅកម្ពុជាមានសញ្ជាតិតែមួយដើម្បីបញ្ចប់ស្ថានភាពទៅលើការទាមទារទាំង​ឡាយទាក់ទងជាមួយនឹងរឿងសញ្ជាតិនេះ។

សម្តេចតេជោនាយករដ្ឋមន្រ្ដីបានបន្ថែមថា៖ «នៅលើទឹកដីអ្នកឯងវាជា​ពលរដ្ឋ​របស់​អ្នកឯងប៉ុន្តែប្រសិនជាអ្នកនោះកំពុងធ្វើនយោបាយនៅកម្ពុជា​អ្នកនោះគឺជាសញ្ជាតិ​កម្ពុជា​។ ដើម្បីដោះស្រាយបញ្ញានេះយើងត្រូវឱ្យអ្នកធ្វើនយោបាយត្រូវមានសញ្ជាតិតែមួយ»៕

By pcs

Leave a Reply

Your email address will not be published.