ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ពេញអង្គ គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃ​ទី​៨ ខែតុលា ឆ្នាំ ២០២១ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ កម្ពុជា​មាន​ប្រសាសន៍​បញ្ជាក់​ថា រាជរដ្ឋាភិបាល​ប្តេជ្ញា បញ្ចប់​បញ្ហា​រថយន្ត​មិន​បង់ពន្ធ និង​អាករ​នាំ​ចូល និង​រថយន្ត​ចង្កូត​ស្តាំ​ខុសច្បាប់​ដែល​ជា បញ្ហា​ច្រំ​ដែល ចាប់ពី​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២២ តទៅ​ដោយ​បាន​ដាក់​ចេញ​វិធានការ​ចំនួន ៥​ចំនុច​សំខាន់​ដូច​ខាងក្រោម

ទី​១-​អនុវត្ត​ឱ្យ​បាន​ម៉ឺងម៉ាត់​តាម​សេចក្ដីជូនដំណឹង​លេខ​៤៤២ ស​ជ​ណ​.​ហ​ធ របស់ ទី ស្ដី​ការ​គណៈរដ្ឋមន្ត្រី ចុះ​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០២១ ស្ដី​ពី​ការ​អនុវត្ត​វិធានការ​លើ​ការ​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​ប្រចាំឆ្នាំ​២០២១ ជា​លើក​ចុង ក្រោយ​ចំពោះ​យានយន្ត​ឯកជន​ដែល​ជ្រក​ក្រោម​ផ្លា​ក​លេខ ក្រសួង ស្ថាប័នរដ្ឋ ជា​ពិសេស​ផ្លា​ក​លេខ ខ​.​ម និង​ន​.​ប ដើម្បី​ឱ្យ​ម្ចាស់​ចូលខ្លួន​មក​បំពេញ​កាតព្វកិច្ច​ពន្ធ និង​អាករ​នាំ​ចូល​ស្រប​តាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ស្ដី​ពី​គយ ។

ទី​២-​ចំពោះ​ម្ចាស់​រថយន្ត ឯកជន​ជ្រក​ក្រោម​ផ្លា​ក​លេខ​រដ្ឋ​ផ្លា​ក​លេខ ខ​.​ម និង​ន​.​ប ដែល​មាន​ចង្កូត​ឆ្វេង និង​ពុំ​មាន​ក្នុង​បញ្ជី​ទ្រព្យ​រដ្ឋ​របស់​អ គ្គ​នាយកដ្ឋាន​ទ្រព្យសម្បត្តិ​រដ្ឋ និង​ចំណូល​មិនមែន​សារពើពន្ធ​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ត្រូវ​រួសរាន់​ចូល​មក បង់ពន្ធ និង អាករ​ឱ្យ​បាន​មុន​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២១ ដើម្បី​ទទួល​បានការ​អនុគ្រោះ​បន្ធូរ​បន្ថយពន្ធ​នៃ​ប្រាក់​ពន្ធ​អាករ​សរុប​ពី​១០០% មក​ត្រឹមតែ​៩០% ។ ប៉ុន្តែ​ចំពោះ​រថយន្ត ទំនើប​ដែល​ទើប​នាំ​ចូល​ក្នុង​ឆ្នាំ ២០២១ ត្រូវ​បង់ពន្ធ និង​អាករ​១០០% ដដែល ។

ប្រសិនជា​ម្ចាស់​យានយន្ត​មិន​បាន​បំពេញ​កាតព្វកិច្ច​បង់ពន្ធ និង អាករ​នោះ​ទេ គឺ​ក្រោយ​ថ្ងៃ​ទី ៣១ ខែធ្នូ ឆ្នាំ​២០២១ នឹង​ត្រូវ​យកពន្ធ និង​អាករ​ពេញ​១០០% ព្រមទាំង​ត្រូវ​ទទួល​រង​ការ​ផាកពិន័យ​ទៀត ។

ទី​៣- ចំពោះ​ម្ចាស់​រថយន្ត​ចង្កូត​ស្តាំ​ទាំងអស់ ត្រូវ​រួសរាន់​មក​បង់ប្រាក់​ពន្ធ​អាករ ហើយ​ទទួល​បានការ​អនុគ្រោះ​បន្ធូរ​បន្ថយពន្ធ​ចំនួន​១០%​ដែរ និង​ត្រូវ​យក​រថយន្ត​ទៅ​កែ​ចង្កូត​ឱ្យ​បាន​រួចរាល់​មុន​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០២២ ។

ចាប់ពី​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២២​តទៅ​មិន​អនុញ្ញាត​ឱ្យ​រថយន្ត​ឯកជន​ដែល​មាន​ចង្កូត​ស្ដាំ​ធ្វើ​ដំណើរ​លើ​ផ្លូវ​សាធារណៈ​ទៀត​នោះ ឡើយ លើកលែងតែ​រថយន្ត​ចង្កូត​ស្ដាំ​មួយ​ចំនួន​ដែល​មានការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល​ជា​លក្ខណៈ​ពិសេស​ដូច​ជា រថយន្ត​សង្គ្រោះ​បន្ទាន់ រថយន្ត​ពន្លត់អគ្គីភ័យ រថយន្ត​ដឹក​សំរាម​ជាដើម ។

ទី​៤-​ចាប់ពី​ថ្ងៃ​ទី​១ ខែកក្កដា ឆ្នាំ​២០២២ តទៅ​អាជ្ញាធរ​ដែនដី​និង កងកម្លាំង ប្រដាប់ អាវុធ ត្រូវ​សហការ​ជាមួយ​គយ ដើម្បី បង្កើន​សកម្មភាព​ទប់ស្កាត់ និង​បង្ក្រាប រថយន្ត​គ្មាន​ពន្ធ ។

ក្នុង​ករណី​ចាំបាច់ ប្រ​សិន​បង្ក្រាប​បាន​រថយន្ត​សេរី​ទំនើប​គ្មាន​ពន្ធ​ដែល​ម្ចាស់ ជា​មេទ័ព មេ​ប៉ូលិស ឬ​ជា​អ្នកធំ ក្នុង​ជួរ​រាជរដ្ឋាភិបាល​តំណាងរាស្ត្រ និង​សមាជិក​ព្រឹទ្ធសភា​ជាដើម ដែល​មិន​គោរព​ច្បាប់ និង​បន្ត​ប្រើប្រាស់​រថយន្ត​នោះ ត្រូវ​រាយការណ៍​អំពី​អត្តសញ្ញាណ​ម្ចាស់​រថយន្ត ជូន​សម្តេច តេ​ជោ នាយក​រដ្ឋមន្ត្រី ដើម្បី​សម្តេច​មាន​វិធានការ​ដក​មុខ​តំណែង និង​បណ្ដេញ​ចេញពី​គណបក្ស​ថែម​ទៀត ។
ទី​៥-​ទាំងអស់​គ្នា​ត្រូវ​ចូលរួម​អនុវត្ត​ច្បាប់​ឱ្យ​បាន​ម៉ឺងម៉ាត់ ។ ចាប់ពី​ថ្ងៃ​ទី​១ ខែមករា ឆ្នាំ​២០២២​តទៅ រថយន្ត​គ្មាន​ពន្ធ និង​អាករ​មិន​អាច​ចរាចរ​លើ​ដងផ្លូវ​បាន​ឡើយ គឺជា​រថយន្ត​ខុសច្បាប់​ដែល​នឹង​ត្រូវ​រង​វិធានការ​យ៉ាង​តឹងរ៉ឹង និង​ម៉ឺងម៉ាត់​បំផុត ៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *

You missed