ថ្ងៃអាទិត្យ ១០ កើត ខែបុស្ស ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១ ខែមករា ឆ្នាំ២០២៣
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ អំពាវនាវដល់ប្រជាពលរដ្ឋ ចូលរួមគ្នាក្នុងការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ការលោភបំពានផ្លូវភេទសម្រាប់ស្ត្រី និងកុមារី ជាពិសេសភាពតិរច្ឆាន ដែលបានកើនឡើង ដោយសារមនុស្សប្រុសមួយចំនួនដែលបានបង្កើតនោះ។

ការអំពាវនាវរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងក្នុងខណៈដែលសម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចុះសួរសុខទុក្ខដល់កុមារី/យុវតី កំព្រា និងរងគ្រោះ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារមួយខ្នង កម្ពស់៣ជាន់ ស្មើនឹង៤០បន្ទប់ ដែលជាជំនួយរបស់សម្តេចទាំងទ្វេ នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងស្ដារនីតិសម្បទាយុវនារី អាហ្វេស៊ីប (AFESIP) ទុំឌី ស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣។ សម្ដេចតេជោ ហ៊ុន សែនថ្លែងរំពឹងថា អង្គការអាហ្វេស៊ីប នឹងមិនទទួលបានកុមារី និងយុវតី ដែលរងគ្រោះដោយការរំលោភបំពាន ឬជួញដូរផ្លូវភេទកាន់តែច្រើននោះទេ ដោយសម្តេចបញ្ជាក់ថា ការសាងសង់អាគារថ្មីនេះ មិនមែនសំដៅបន្ថែមចំនួនមនុស្សឡើយ ប៉ុន្តែដើម្បីឱ្យកុមារីដែលកំពុងស្នាក់ មានភាពងាយស្រួលជាងមុនប៉ុណ្ណោះ។ ជាមួយគ្នានេះ សម្ដេចតេជោ ក៏បានអំពាវនាវដល់បុរសៗខិលខូច ត្រូវបញ្ឈប់នូវសកម្មភាពអសីលធម៌ បែបតិរិច្ឆានដូចសត្វធាតុនេះផងដែរ។ ជាមួយនឹងសំណើរបស់ប្រធានអង្គការអាហ្វីស៊ីប ដែលបានស្នើសុំកុំឱ្យមានការនាំកុមាររងគ្រោះអាយុ ក្រោម៥ឆ្នាំទៅតុលាការជួបជាមួយនឹងជនល្មើសនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានស្នើឱ្យលោកជំទាវ ជូ ប៊ុនអេង និង ឯកឧត្តម កើត រិទ្ធ ធ្វើការជាមួយតុលាការ ក្នុងការលើកលែងនាំយកកុមាររងគ្រោះក្រោមអាយុប្រាំឆ្នាំ ទៅកាន់តុលាការ ដោយសម្តេចតេជោមានប្រសាសន៍ថា ការនាំយកក្មេងរងគ្រោះអាយុក្រោម ៥ ឆ្នាំទៅតុលាការ វាកាន់តែបំបាក់ស្មារតីដល់ក្មេងៗដោយសារ ជួបនឹងជនល្មើស ដែលធ្លាប់គំរាមកំហែង រំលោភបំពានមកលើខ្លួន។ សម្តេចតេជោសង្ឃឹមថាតុលាការនឹងយល់អំពីបញ្ហានេះ គឺយើងអាចប្រើមេធាវីជំនួស ឡើងការពារក្តីជូនដល់កុមាររងគ្រោះតូចៗ។

គួរបញ្ជាក់ថា អង្គការអាហ្វេស៊ីបកម្ពុជា បានបង្កើតឡើងនៅឆ្នាំ១៩៩៦ ដោយលោកស្រី ម៉ម សុម៉ាលី។ អង្គការនេះបង្កើតឡើង ក្នុងគោលបំណងប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការកេង ប្រវ័ញ្ចផ្លូវភេទ លើស្ត្រី និងកុមារី។ អង្គការអាហ្វេស៊ីបកម្ពុជា មានបុគ្គលិកបម្រើការងារសរុបចំនួន៣២នាក់ (ស្រី១៨នាក់) និងមានយុវនារី និងកុមារីសរុបចំនួន ១៤៨នាក់ ដែលកំពុងទទួលការឧបត្ថម្ភពីអង្គការអាហ្វេស៊ីបកម្ពុជា រួមមានការថែទាំសុខភាព និងអាហារូបករណ៍សិក្សា និងបណ្តុះបណ្តាលជំនាញ។ ចាប់តាំងពីឆ្នាំ១៩៩៦មក អង្គការបានជួយដល់កុមារី និងយុវតីរងការរំលោភបំពាន និងជួញដូរផ្លូវភេទសរុបប្រមាណជា ៧ពាន់នាក់៕

By pcs

Leave a Reply

Your email address will not be published.