នារសៀលថ្ងៃអង្គារ ១៤កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Daniel J. Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។

សម្ដេចក្រឡាហោម ស ខេង នាឱកាសនោះ បានថ្លែងនូវការស្វាគមន៍ និងចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្ដម និងសហការីមកកាន់កម្ពុជានាពេលនេះថាជាការរួមចំណែកមួយដល់ការលើកកម្ពស់នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកម្ពុជា និងសហរដ្ឋអាមេរិក។ សម្ដេចក្រឡាហោមក៏បានសម្ដែងការអបអរសាទរចំពោះលទ្ធផល និងសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនារយៈពេលកន្លងមក ជាពិសេសនៅក្នុងឱកាសដែលកម្ពុជាទទួលតួនាទីជាប្រធានអាស៊ានប្តូរវេនក្នុងឆ្នាំ២០២២នេះ។

សម្ដេចក្រឡាហោម ក៏បានថ្លែងចូលរួមអបអរសាទរចំពោះ កិច្ចប្រជុំកំពូលអាស៊ាន សហរដ្ឋអាមេរិកដែលបានប្រព្រឹត្តទៅនៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីពេលថ្មីៗនេះ ដែលប្រធានអាស៊ានដឹកនាំដោយសម្ដេចតេជោនាយករដ្ឋមន្ត្រី និងសហរដ្ឋអាមេរិកក៏ជាសហប្រធាននៃជំនួបកំពូលនេះដែលប្រព្រឹត្តទៅប្រកបដោយលទ្ធផលជាផ្លែផ្កា រួមចំណែកដល់ការពង្រឹងនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខណ្ឌអាស៊ាន និងសហរដ្ឋអាមេរិក ក៏ដូចជាទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិកផងដែរ។

សម្ដេចក្រឡាហោម ក៏យកឱកាសនេះ ថ្លែងអំណរគុណចំពោះការជួយគាំទ្ររបស់សហរដ្ឋអាមេរិក មកលើដំណើរការអភិវឌ្ឍ ក៏ដូចជាដំណើរការស្វែងរកសុខសន្តិភាពរបស់កម្ពុជានៅក្នុងរយៈពេលកន្លងមក ជាពិសេស គឺបេសកកម្មក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលក៏មានការចូលរួមចំណែកជួយគាំទ្រពីសហរដ្ឋអាមេរិកផងដែរ។ សម្ដេចបានចាត់ទុកលទ្ធផលនេះថាជាការស្ដែងឲ្យឃើញនូវការចូលរួមរបស់សហរដ្ឋអាមេរិក ក្នុងការជួយគាំទ្រដល់ប្រជាពលរដ្ឋកម្ពុជា នៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការដែលស្ថិតក្រោមសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។

ជាមួយគ្នានោះដែរ សម្ដេចក៏បានអបអរសាទរចំពោះ វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងការងារសន្តិសុខ និងលើវិស័យអនុវត្តច្បាប់ និងមានក្ដីសង្ឃឹមជឿជាក់ថាភាគីទាំងពីរនឹងបន្តពិនិត្យលទ្ធភាព ក្នុងការពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការនេះបន្ថែមទៀត។

ជាការឆ្លើយតប ឯកឧត្តម Daniel J. Kritenbrink ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក បានថ្លែងអំណរគុណ និងបង្ហាញការគាំទ្រចំពោះការលើកឡើងតាមរយៈពាក្យពេចន៍របស់សម្ដេចក្រឡាហោម អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ។

ឯកឧត្តម ក៏បានបង្ហាញការចូលរួមអបអរសាទរចំពោះ លទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន សហរដ្ឋអាមេរិក កាលពីពេលកន្លងទៅ ដែលកម្ពុជាក្នុងនាមជាប្រធានអាស៊ាន និងសហរដ្ឋអាមេរិកក៏ជាសហប្រធាននៃជំនួបកំពូលនៅពេលនោះ រួមទាំងថ្នាក់ដឹកនាំនៃបណ្ដាប្រទេសអាស៊ានផ្សេងទៀត ក៏បានជជែកពិភាក្សាផ្លាស់ប្ដូរយោបល់ប្រកបដោយផ្លែផ្កា។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះ ការប្ដេជ្ញាចិត្តជួយឧបត្ថម្ភគាំទ្ររបស់សហរដ្ឋអាមេរិក ក្នុងឱកាសដែលកម្ពុជាទទួលធ្វើជាប្រធានអាស៊ានឆ្នាំ២០២២ និងបញ្ជាក់ថាកម្ពុជាស្វាគមន៍ជានិច្ច ចំពោះការគាំទ្រពីបណ្ដាប្រទេសជាដៃគូ ប្រទេសជាមិត្ត រួមទាំងសហរដ្ឋអាមេរិក។

សម្ដេចក្រឡាហោម និងឯកឧត្ដមឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នា ព្រមទាំងបានធ្វើការវាយតម្លៃទៅលើកិច្ចសហប្រតិបត្តិការវិស័យអនុវត្តច្បាប់ ក្នុងនោះរួមមានកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រឆាំងការជួញដូរមនុស្ស និងការងារប្រយុទ្ធប្រឆាំងអំពើភេរវកម្មដោយភាគីទាំងពីរបានចាត់ទុកកិច្ចសហប្រតិបត្តិការនេះ ថាមានសារៈសំខាន់ដែលត្រូវតែបន្ត ពង្រឹង និងពង្រីក ពិសេសលើអ្វីដែលបានអនុវត្តកន្លងមករវាងភាគីទាំងពីរ។

សម្ដេចក្រឡាហោម និងឯកឧត្ដមឧបការីរដ្ឋមន្ត្រីការបរទេសក៏បានពិភាក្សាអំពីការងារពាក់ព័ន្ធនឹងការធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរពីសហរដ្ឋអាមេរិក ដោយសម្ដេចបានជម្រាបឯកឧត្តម និងគណៈប្រតិភូថាជាគោលការណ៍ គឺពុំមានអ្វីប្រែប្រួលនោះទេនៅក្នុងដំណើរការការងារនេះ។

ភាគីទាំងពីរនឹងបន្តជជែកពិភាក្សាទៅលើទិដ្ឋភាពបច្ចេកទេសមួយចំនួនដើម្បីបន្តដំណើរការនេះដូចអ្វីដែលភាគីទាំងពីរបានព្រមព្រៀងគ្នាកន្លងមក និងបានឯកភាពបន្តខិតខំជំរុញដំណើរការរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធដើម្បីគាំទ្រដំណើរការការងារនេះ៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *

You missed