ភ្នំពេញ៖ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង០៥នាទី ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ សមត្ថកិច្ចមួយក្រុមដែលតាមប្រភពព័ត័មានបឋមប្រាប់គឺកម្លាំងនគរបាលមន្ទីប្រឆាំងគ្រឿងញៀន បានចុះទៅបង្រ្កាបក្រុមជនជួញដូរគ្រឿងញៀន ហើយចាប់ខ្លួនជនសង្ស័យម្នាក់។ នៅក្នុងភូមិថ្មគោលសង្កាត់ចោមចៅទី ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប៉ុន្តែត្រូវជនសង្ស័យរូបនោះធ្វើការប្រតាយប្រតប់វាយតប ត វិញ ដណ្ដើមបានកាំភ្លើងខ្លី១ដើមពីសមត្ថកិច្ច រួចក៏បាញ់រះជាច្រើនគ្រាប់។ បណ្ដាលឲ្យសមត្ថកិច្ចម្នាក់និងអ្នកភូមិ២នាក់ទៀតរងរបួសធ្ងន់ស្រាល ហើយទីបំផុតជនដៃដល់ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបាននាំយកទៅសាកសួរ ជនរងគ្រោះនៅក្នុងហេតុការណ៍នេះ២នាក់គឺជាអ្នកភូមិក្នុងនោះ :
១/ឈ្មោះ នេប សាវឿន ភេទស្រី អាយុ៦៧ឆ្នាំ របួសស្មាខាងស្ដាំ១គ្រាប់ ។
២/ វ៉ា ចាន់សេរីរ័ត្ន អាយុ១៨ឆ្នាំ ចំណែកអ្នករងរបួសម្នាក់ទៀតគឺជាមន្រ្តីនគរបាលដែលចុះបង្រ្កាបគ្រឿងញៀននោះ។

យោងតាមប្រភពពត៌មានពីអ្នកភូមិបានអោយដឹងថា : នៅមុនពេលកើតហេតុសមត្ថកិច្ចមួយក្រុមប្រាប់ពួកគាត់ថាគឺជាកម្លាំងនគរបាលមន្ទីប្រឆាំងគ្រឿងញៀនអគ្គស្នងការនគរបាលជាតិ ក្រសួងមហាផ្ទៃ បានចុះទៅបង្រ្កាបក្រុមជនជួញដូរគ្រឿងញៀន។ខណៈនោះបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះជី វ៉ា អាយុ៣៥ឆ្នាំ ប៉ុន្តែជននេះពុំនៅស្ងៀមឲ្យចាប់ខ្លួនស្រួលៗនោះទេ បានវាយតដៃដណ្ដើមយកកាំភ្លើងខ្លី១ដើមពីនគរបាល។

ប្រភពដដែលបានបន្តទៀតថា : ភ្លាមៗនោះជនសង្ស័យខាងលើក៏បានបាញ់១គ្រាប់បណ្ដាលឲ្យត្រូវសមត្ថកិច្ចម្នាក់របួសដៃស្ដាំ រួចព្យាយាមរត់គេចខ្លួន ចំណែកកម្លាំងនគរបាលបានរត់ដេញតាមចាប់ខ្លួននិងយកកាំភ្លើងមកវិញ តែជន សង្ស័យបានឈប់និងឈរអែបនៅនិងសសររបងផ្ទះមួយកន្លែងរួចបាញ់រះជាច្រើនគ្រាប់ទៀត បណ្ដាលឲ្យត្រូវស្ត្រីរងគ្រោះទាំង២នាក់ដែលកំពុងស្ថិតនៅក្នុងផ្ទះរងរបួសធ្ងន់ធ្ងរ ហើយសមត្ថកិច្ចក៏បានធ្វើការឡោមព័ទ្ធចាប់ខ្លួនជនសង្ស័យបាន ព្រមទាំងដកហូតយកបានអាវុធខ្លីនោះមកវិញ។

ប្រភពខាងលើបានប្រាប់ឲ្យដឹងបន្តថា បន្ទាប់មកសមត្ថកិច្ចខាងលើបានរុញជនសង្ស័យឈ្មោះជី វ៉ា នោះចូលទៅក្នុងរថយន្តរួចបើករថយន្តចាកចេញទៅបាត់អស់ពុំទទួលខុសត្រូវដល់អ្នកភូមិដែលរងរបួសនោះទឡើយ ។

ក្រោយស្ងប់ស្ងាត់ការផ្ទុះអាវុធរួច ជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំគ្នាដឹកយកទៅកាន់មន្ទីរកាល់ម៉ែត ដើម្បីសង្រ្គោះបន្ទាន់។ដោយឡែកកម្លាំនគរបាលប៉ុស្តិ៍ចោមចៅនិងនគរបាលខណ្ឌពោធិ៍សែនជ័យក៏បានចុះទៅកាន់កន្លែងកើតហេតុនោះដែរ ហើយបាននិយាយថា អត់ដឹងថាកម្លាំងនគរបាលដែលចុះបង្រ្កាបគ្រឿងញៀននោះគឺជាកម្លាំងខាងណានោះទេ ។ព្រោះអត់បានសហការណ៍ឬជូនដំណឹងឲ្យកម្លាំងមូលដ្ឋានបានដឹងឡើយ ៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *