កំពង់ធំ៖ បុរសអាយុ២៩ឆ្នាំម្នាក់ បានចូលទៅក្នុងផ្ទះរបស់គ្រួសារប្រពន្ធ ស្ថិតនៅក្នុងឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ ដោយមានកាំភ្លើងខ្លីយកតាមខ្លួន កាលពីវេលាម៉ោង ៨:៣០នាទី ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។ ពេលដែលជនសង្ស័យចូលដល់ក្នុងផ្ទះ បានយកកាំភ្លើងបាញ់សម្លាប់ស្ត្រីអាយុ ៥៧ឆ្នាំ ដែលត្រូវជាជីដូនរបស់ប្រពន្ធ រួចបាញ់សម្លាប់ក្មេងប្រុសអាយុ ១០ឆ្នាំ ដែលត្រូវជាប្អូនប្រុសបង្កើតរបស់ប្រពន្ធ។ បន្ទាប់មកជនសង្ស័យបានបាញ់ទៅលើប្រពន្ធរបស់ខ្លួនដែលមានអាយុ ១៨ឆ្នាំ បង្កឱ្យរងរបួសធ្ងន់ មុននឹងរត់គេចខ្លួន។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចជំនាញ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ពាក់ព័ន្ធនឹងករណីនេះ ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ក៏បានបើកការស៊ើបអង្កេត និងបានចាប់ផ្តើមបេសកកម្មស្វែងរកជនសង្ស័យភ្លាមៗផងដែរ។ ជនរងគ្រោះអាយុ១៨ឆ្នាំ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យដើម្បីទទួលការសង្គ្រោះបន្ទាន់ រួចក៏បានបញ្ជូនបន្តទៅកាន់មន្ទីពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ ដើម្បីទទួលការវះកាត់ដកគ្រាប់កាំភ្លើង២គ្រាប់ចេញ។ ជនរងគ្រោះនេះស្ថិតក្នុងដំណាក់កាលសង្គ្រោះបន្ទាន់នៅឡើយ។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញ បានស្វែងរកជនល្មើសទាំងយប់។ រហូតដល់វេលាម៉ោង ១០ព្រឹក ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ សាកសពបុរសអាយុ២៩ឆ្នាំ ដែលត្រូវបានកំណត់ថា ជាជនសង្ស័យក្នុងករណីនេះ ត្រូវបានគេរកឃើញនៅក្នុងវាលស្រែមួយកន្លែង ស្ថិតនៅក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ សាកសពនេះបានរងរបួសគ្រាប់កាំភ្លើងនៅលើផ្នែកក្បាល ដែលមន្ត្រីជំនាញបានកំណត់ថា ជារបួសបង្កដោយខ្លួនឯងក្នុងអំពើអត្តឃាត។
យោងតាមការស៊ើបអង្កេតបឋម ដោយសមត្ថកិច្ចជំនាញ បានបង្ហាញថា គ្រួសារនេះធ្លាប់មានបញ្ហាទំនាស់ក្នុងគ្រួសារ រស់នៅមិនចុះសម្រុងគ្នារវាងជនសង្ស័យ និងក្រុមគ្រួសារជនរងគ្រោះ។ ទោះជាយ៉ាងនេះក៏ដោយ ការស៊ើបអង្កេតនេះកំពុងតែបន្តនៅឡើយ។ ក្នុងករណីនេះផងដែរ អង្គភាពការពារកុមារ (CPU) កំពុងផ្តល់ជាការជ្រោមជ្រែងក្នុងការស៊ើបអង្កេត និងផ្គត់ផ្គង់ការគាំទ្រដល់ក្រុមគ្រួសាររងគ្រោះ៕



