កំពង់ឆ្នាំង៖លោក ឈួរ ច័ន្ទឌឿន អតីតអភិបាលខេត្តកំពង់ឆ្នាំង និង បច្ចុប្បន្នជាអនុរដ្ឋលេខាធិការនៃក្រសួងអភិវឌ្ឍន៍ជនបទ មានការពាក់ព័ន្ធទៅនឹងការកាប់បំផ្លាញព្រៃលិចទឹកប្រមាណ២ពាន់ហិកតា ខណៈដែលលោកនៅមានអំណាចជាអភិបាលខេត្តកំពង់ឆ្នាំង ។
នេះបើយោងតាមប្រសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១
យោងតាមសារសំឡេង សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ឮថាអតីតអភិបាលខេត្តកំពង់ឆ្នាំង ដែលទើបនឹងចាកចេញពីតំណែងក្នុងប៉ុន្មានខែមុននេះ បានកាប់បំផ្លាញយកដីប្រមាណ២ពាន់ហិកតា ឯណោះ ។ ដូច្នេះ ខ្ញុំមិនខ្វល់ថា ជាដីរបស់អតីតអភិបាលខេត្តកំពង់ឆ្នាំង ទេ ទោះបីថ្នាក់ណាក៏ដោយ ត្រូវតែប្រមូលយកដីនេះមកវិញទាំងអស់ ហើយដីនោះ ត្រូវតែជាកម្មវត្ថុនៃការដាំដើមឈើឡើងវិញ»។
សូមបញ្ជាក់ថា លោក ឈួរ ច័ន្ទឌឿន កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ ត្រូវបានព្រះមហាក្សត្រនៃកម្ពុជា ចេញព្រះរាជក្រឹត្យតែងតាំងមុខតំណែងជាអនុរដ្ឋលេខាធិការនៃក្រសួងអភិវឌ្ឈន៍ជនបទ ។ ដោយឡែក លោក ស៊ុន សុវណ្ណារិទ្ធ ត្រូវបានតែងតាំងជាអភិបាលខេត្តកំពង់ឆ្នាំង ជំនួស លោក ឈួរ ច័ន្ទឌឿន ៕