ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានជំរុញឱ្យកងកម្លាំងប៉ូលិសដូចជាកងកម្លាំងកងរាជអាវុធហត្ថនិងអាជ្ញាធរខណ្ឌទាំង១៤ ត្រូវពង្រឹង សន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ ក្រោយពីរាជរដ្ឋាភិបាលបានប្រកាសដាក់ប្រទេសទាំងមូលជាប្រក្រតីឡើងវិញ ពិសេសកងកម្លាំងនិងអាជ្ញាធរត្រូវរក្សាឲ្យបាននូវសន្តិសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅក្នុងឱកាសពិធីបុណ្យគ្រឹស្ដស្មាស់ និងបុណ្យចូលឆ្នាំសកលដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ។

   ការជំរុញរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញខាងលើនេះបានធ្វើឡើងនា ល្ងាចថ្ងៃទី២០ធ្នូ ឆ្នាំ២០២១នេះក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ជាមួយនឹងកងកម្លាំងទាំងពីរប្រភេទ មន្ទីរពាក់ព័ន្ធនិងអាជ្ញាធរខណ្ឌទាំង ១៤នៅសាលារាជធានីភ្នំពេញ។

   លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ថ្ងៃនេះសម្តេចតេជោហ៊ុន សែន បានប្រកាសរួចហើយ ក្នុងការបិទបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈ និងបានបើកប្រទេសឱ្យដំណើរជាប្រក្រតីភាពឡើងវិញ ។ដូច្នេះរាល់សកម្មភាពនានាវានឹងកើតឡើងវិញ  ទាំងបទល្មើសផ្សេង ទាំងល្បែងស៊ីសងគ្រប់ប្រភេទទាំងបញ្ហា សណ្ដាប់ធ្នាប់សាធារណៈ ។ ដូច្នេះលោកជំរុញឲ្យកម្លាំងមានសមត្ថកិច្ចទាំងពីរភេទនិងអាជ្ញាធរខណ្ឌទាំងអស់ត្រូវពង្រឹងឡើងវិញ ពិសេសបង្ក្រាបឲ្យបាននូវបទល្មើសផ្សេងៗ ដូចជាបទល្មើស លួច ឆក់ប្លន់ គ្រឿងញៀននិងល្បែងស៊ីសងជាដើម ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋរបស់យើង។

  លោកបន្តថា ពាក់ព័ន្ធនិងបុណ្យចូលឆ្នាំសកលដែលនឹងឈានចូលមកដល់នាពេលដ៏ខ្លីខាងមុខនេះ អាជ្ញាធរខណ្ឌក៏ដូចជាមន្ទីរសាធារណការរាជធានីភ្នំពេញ ត្រូវរាយការណ៍ពីគោលដៅកកស្ទះនៅក្នុងមូលដ្ឋានរបស់ខ្លួន បើយើងដោះមិនចេញត្រូវរាយការណ៍មកអាជ្ញាធររាជធានីភ្នំពេញ ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នេះ។ពិធីបុណ្យចូលឆ្នាំសកលនេះ បងប្អូនប្រជាពលរដ្ឋនិងសម្រុកចាកចេញពីលំនៅដ្ឋាន ដើម្បីឆ្លងឆ្នាំ ដែលវានឹងធ្វើឲ្យតំបន់ប្រឈមមួយចំនួនមានការកកស្ទះចរាចរណ៍ ។

ដូច្នេះក្នុងនាមយើងជាអាជ្ញាធរកម្លាំងមានសមត្ថកិច្ចត្រូវសម្រួលចរាចរណ៍ជូនបងប្អូនប្រជាពរដ្ឋដើម្បីឲ្យពួកគាត់បានសប្បាយរីករាយនៅក្នុងពិធីបុណ្យឆ្លងឆ្នាំនេះ។

  ក្នុងឱកាសនោះដែរ លោក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានមានប្រសាសន៍បញ្ជាក់ឱ្យដឹងដែរថា នៅក្នុងឱកាសបុណ្យចូលឆ្នាំសកលឆ្នាំនេះ សមត្ថកិច្ចរបស់លោកនឹងប្រើប្រាស់កម្លាំងចំនួន១.១៦៥នាក់ ដើម្បីការពារសន្តិសុខ សុវត្ថិភាពនិងសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋឱ្យបានសប្បាយក្អាកក្អាយ។
ឆ្លៀតក្នុងឱកាសនោះ លោក ស ថេត ក៏បានសម្តែងនូវការកោតសរសើរយ៉ាងខ្លាំងផងដែរចំពោះ លោក ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ដែលតែងតែយកចិត្តទុកដាក់ ក្នុងកិច្ចការពារសន្តិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ ដោយលោកតែងបានចុះផ្ទាល់លើការត្រួតពិនិត្យកងកម្លាំងដែលត្រូវប្រចាំនៅតាមគោលដៅនានានៅក្នុងរាជធានីភ្នំពេញ ដែលនេះបង្ហាញឱ្យឃើញពីភាពខ្លាំងនៃការដឹកនាំរបស់ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *