ខេត្តបន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារ កងរាជអាវុធហត្ថ រយៈពេល៩ខែ និងទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២២ និងបំពាក់ឋានន្តរសក្ដិ និងប្រគល់បណ្ណសរសើរ ជូនមន្ត្រីអាវុធហត្ថផងដែរ ។

ក្នុងពិធីនោះដែរមានការអញ្ជើញចូលរួមពីសំណាក់ពីលោកមេបញ្ជាការរង លោកនាយសេនាធិការរង លោកប្រធាន អនុប្រធានមន្ទីរ លោកនាយ នាយរងការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង ស្រុក និងនាយទាហាន នាយទាហានរង សរុបចំនួន៨៥នាក់ ។

នាឱកាសនោះលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានកោតសរសើរចំពោះនាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យទាំងអស់ ដែលបានខិតខំបំពេញតួនាទី ភារកិច្ច របស់ខ្លួនដោយបានអនុវត្តតាមបទបញ្ជា និងគោរពវិន័យ របស់អង្គភាពកងរាជអាវុធហត្ថនាពេលកន្លងមក បានយ៉ាងល្អប្រសើរប្រកបដោយទំនួលខុសត្រូវ រហូតទទួលបានការលើកទឹកចិត្តនិងដំឡើងឋានន្តរសក្ដិរបស់ថ្នាក់លើ ។

លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានណែនាំដល់នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថទាំងអស់ ត្រូវខិតខំបម្រើកិច្ចការងារការពារសន្តិសុខ សុវត្ថិភាព ជូនពលរដ្ឋឱ្យបានល្អប្រសើរ និងបង្រ្កាបរាល់បទល្មើសដែលកើតមានឡើង ដែលជាហេតុបង្កអសន្តិសុខដល់សង្គមជាតិ ព្រមទាំងចូលរួមអនុវត្តគោលនយោបាយ ភូមិ-ឃុំ មានសុវត្ថិភាព ពិសេសពង្រឹងលើការងារ ការពារសន្តិសុខ សុវត្ថិភាព ជូនពលរដ្ឋភ្ញៀវទេសចរជាតិ-អន្តរជាតិ នៅក្នុងឱកាសបុណ្យ ភ្ជុំបិណ្ឌនាពេលខាងមុខនេះ ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន ក៏បានសង្កត់ធ្ងន់ថា មន្ត្រីអាវុធហត្ថណា ដែលនៅពីក្រោយខ្នង ឬកាងបទល្មើសផ្សេងៗ មិនត្រូវបានលើកលែងឡើយ បើក្នុងករណីរកឃើញថាប្រព្រឹត្តខុស ត្រូវតែអនុវត្តតាមច្បាប់ជាដាច់ខាត ដោយគ្មានការលើកលែងឡើយ ។

ព្រមជាមួយគ្នានោះដែរ លោកឧត្ដមសេនីយ៍ត្រីមេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានដាក់ចេញផែនការ បទបញ្ជា ដល់គ្រប់អាវុធហត្ថក្រុង-ស្រុកទាំង៩ ត្រូវត្រៀមរៀបចំកងកម្លាំងប្រចាំការ និងសម្ភារៈ ឧបករណ៍សង្គ្រោះបន្ទាន់ ឱ្យបានជាស្រេច ដើម្បីឆ្លើយតបទៅនឹងគ្រោះទឹកជំនន់ដែលអាចកេីតមាននាពេលខាងមុខ​ បេីក្នុងករណីគ្រោះទឹកជំនន់កេីតមានឡេីង​ គ្រប់កងកម្លាំងតាមគោលដៅ​ ត្រូវចេញអន្តាគមន៍ភ្លាមៗមិនថាយប់​ ឬថ្ងៃឡេីយ ។

សូមបញ្ជាក់ផងដែរ​ថា​ ក្នុងកិច្ចប្រជុំ​ ក៏មានការផ្តាស់ប្តូរ​ តួនាទី​ ភារកិច្ច​ មេបញ្ជាការងខេត្ត​ចំនួន៣រូប​,​ ដំឡើងឋានន្តរសក្ដិ​ ថ្នាក់វរសេនីយ៍​ ១៥រូប​ ក្នុងនោះ​ ថ្នាក់វរសេនីយ៍ទោ​ ៣រូប,​ ​ថ្នាក់វរសេនីយ៍ត្រី​ ១២រូប,​ ថ្នាក់ពលបាលឯក​ ៥រូប​,​ ថ្នាក់នាយឯក​ ៣រូប​ ព្រមទាំងប្រគល់​ ប័ណ្ណសរសើរ​ និងលិខិត​សរសើរ​ថ្នាក់ក្រសួងការពារជាតិ ជូនមន្ត្រីអាវុធហត្ថដែលមានស្នារដៃ៤០រូបផងដែរ ៕

By pcs

Leave a Reply

Your email address will not be published.

You missed