ចេញផ្សាយ ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បាន ដាស់តឿនដល់មន្ត្រីក្រោមឱវាទ ត្រូវតែពង្រឹងការចុះធ្វើអធិការកិច្ច ចំពោះអង្គភាពមានហានិភ័យពាក់ព័ន្ធនឹងអំពើពុករលួយ ឬកិបកេងថវិការដ្ឋ ។
ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និង លើកទិសដៅអនុវត្តឆ្នាំ២០២៣ នៅថ្ងៃ២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ត្រូវនឹងថ្ងៃអង្គារ ទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ ត្រូវខិតខំបំពេញការងារទៅតាមតួនាទី ដោយទទួលខុសត្រូវខ្ពស់ ដើម្បី បង្កើតសមិទ្ធផលជូនក្រសួង និង ត្រូវពង្រឹងវិន័យការងារដោយត្រូវមានវត្តមាន ឱ្យបានជាប់ជាប្រចាំ និងបន្តបំពេញការងារជាធម្មតា ដោយត្រូវតាមដានព័ត៌មាន និង ស្រាវជ្រាវឯកសារ គោលនយោបាយ លិខិតបទដ្ឋានគតិយុត្តនានា ដែលពាក់ព័ន្ធនឹងការងារក្រសួង ដើម្បីពង្រឹងសមត្ថភាពជំនាញ ទៅតាមតួនាទី និងភារកិច្ច។
លោកជំទាវបានបន្តថា ក្នុងពេលបំពេញបេសកកម្ម ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួន និង ម៉ឺងម៉ាត់ទៅតាមក្រមសីលធម៌ មន្ត្រីរាជការ អធិការកិច្ច ក្នុងនោះ តម្រូវឱ្យមន្ត្រីអធិការកិច្ច ត្រូវឈរលើគោលការណ៍គ្រឹះ សុចរិតភាពភាព មិនលម្អៀង សមត្ថភាព វិជ្ជាជីវៈ ឯករាជ្យភាព ត្រូវមាន ភាពទន់ភ្លន់ តែម៉ឺងម៉ាត់ ដោយយកច្បាប់ជាធំ។ ត្រូវពង្រឹងប្រសិទ្ធភាព ក្នុងបេសកកម្មចុះធ្វើ អធិការកិច្ច ការអង្កេត ស្រាវជ្រាវ ពាក្យបណ្តឹង និង ការតាមដានការអនុវត្តច្បាប់ តាមរយៈការរកព័ត៌មានឱ្យមានតុល្យភាពច្បាស់លាស់ មានភស្តុតាង និងឯកសារសម្អាងគ្រប់គ្រាន់។
លោកជំទាវ ឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា ត្រូវចុះធ្វើអធិការកិច្ចលើអង្គភាពណា ដែលមានហានិភ័យខ្ពស់ ដូចជា អង្គភាពរកចំណូល និងចំណាយថវិការដ្ឋច្រើនដែលអាចទាក់ទងនឹងអំពើពុករលួយ ឬការកិបកេងថវិការដ្ឋ។ ផ្នែកដទៃទៀត ជាពិសេសការផ្សព្វផ្សាយ ច្បាប់ការទទួល និងដោះស្រាយពាក្យបណ្ដឹង និងការតាមដានការអនុវត្តច្បាប់ត្រូវធ្វើបន្តជាធម្មតា ។
សូមបញ្ជាក់ថា កាលពីឆ្នាំ២០២២ ក្រសួងបានចុះផ្សព្វផ្សាយច្បាប់នៅគ្រប់ខេត្ត – រាជធានី ដើម្បីលើកតម្កើងការយល់ដឹងអំពីច្បាប់សំខាន់ៗនានា ជូនប្រជាពលរដ្ឋជាពិសេសយុវជន និង សិស្សៗ ។ ក្រសួងក៏បានបណ្តុះបណ្តាលមុខជំនាញទាក់ទងនឹងអធិការកិច្ច ដល់មន្ត្រីរាជការ ក្រសួង និង មន្ត្រីអធិការកិច្ចតាមក្រសួងស្ថាប័នផ្សេងៗផង ដើម្បីសម្រេចបាននូវគោលដៅ អនាគតឆ្នាំ២០២៣ ៕




