ថ្ងៃព្រហស្បតិ៍ ៦ រោច ខែស្រាពណ៍ ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២
រាជរដ្ឋាភិបាលកម្ពុជា បានបន្តបង្កើនការលុបបំបាត់អំពើហិង្សាលើកុមារ គ្រប់ទម្រង់នានា ដើម្បីធានាឧត្តមប្រយោជន៍ និងសិទ្ធិរបស់កុមារ។ឯកឧត្តម តូច ចាន់នី អគ្គនាយកសេវាសង្គមកិច្ច និងជាអ្នកនាំពាក្យក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញ នូវវិធានការជាច្រើន ក្នុងការការពារអន្តរាគមន៍ និងផ្តល់សេវាចំពោះកុមារដែលមិនទាន់រងគ្រោះ និងកុមាររងគ្រោះ ដើម្បីធានា ដល់សិទ្ធិរបស់កុមាឱ្យរួចផុតពីការរំលោភបំពានផ្សេងៗព្រមទាំងឱ្យមានកិច្ចគាំពារចំពោះកុមារ ខណៈ កុមារ គឺជាធនធានមួយដ៏ចាំបាច់នាពេលអនាគតរបស់ប្រទេសជាតិ ដូច្នេះការយកចិត្តទុកចំពោះកុមារ គឺជាការ សម្លឹងមើល ការគិតគូរ និងការរៀបចំអនាគតរបស់ប្រទេស។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី « សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួង សង្គមកិច្ច » នៅព្រឹកថ្ងៃទី១៨ ខែសីហា នាទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម បានបន្តថា បច្ចុប្បន្ននៅកម្ពុជា នៅមានកុមារមួយចំនួនជាជនរងគ្រោះដោយការបង្ខំឱ្យធ្វើការ និងជួញដូរ ហើយមួយចំនួនទៀតទទួល រងគ្រោះដោយអំពើហិង្សាការរំលោភបំពាន ឬពិការភាព ទៅលើកុមារទាំងផ្នែករាងកាយ ផ្លូវភេទ និងផ្លូវចិត្ត ដែលរាជរដ្ឋាភិបាលនឹងប្តេជ្ញាលុបបំបាត់ឱ្យអស់ ។

« ១.លើកកម្ពស់ស្មារតីចូលរួមនិងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការដែលមានស្រាប់ទាំងទ្វេភាគី និងពហុភាគីដើម្បីលើកស្ទួយសុខុមាលភាពកុមារនិងកិច្ចការពារកុមារ ជាពិសេសពង្រឹងយន្តការសម្រប សម្រួលក្នុងចំណោមតួអង្គពាក់ព័ន្ធទាំងអស់ សំដៅចែករំលែកទិន្នន័យនិងព័ត៌មានសំខាន់ៗ ដើម្បីចាត់ វិធានការទាន់ពេលនិងរឹតបន្តឹងដាច់ខាតចំពោះសកម្មភាពហិង្សាគ្រប់ទម្រង់លើកុមារ ។ ទី២.ជំរុញការប្រាជ្ញាចិត្តជាសកលតាមរយៈការកៀរគរធនធានទាំងហិរញ្ញវត្ថុនិងមិនមែនហិរញ្ញវត្ថុ ដើម្បីគាំទ្រ និងធានាចីរភាពនៃចលនានៃការបញ្ចប់អំពើហិង្សាលើកុមារទាំងក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ និង អង្គការអន្តរជាតិក៏ដូចជាតំបន់ដទៃទៀត ។ ទី៣. ពន្លឿនវឌ្ឍនភាពឆ្ពោះទៅរកការសម្រេចគោលដៅនានា របស់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពពិសេសចំណុចដៅ១៦.២ បញ្ចប់រាល់ទម្រង់ទាំងអស់នៃអំពើ ហិង្សាលើកុមារត្រឹមឆ្នាំ២០៣០ » ។

ឯកឧត្តមបន្ថែមថា ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាបានសហការជាមួយអង្គការដៃគូ ជាច្រើន ដើម្បីពង្រឹងប្រសិទ្ឋភាពនៃកិច្ចការពារឧត្តមប្រយោជន៍របស់កុមារឱ្យរួចផុតពីការរំលោភបំពាន អំពើហិង្សា ការជួញដូរ និងការកេងប្រវ័ញ្ច គ្រប់រូបភាព ៕

By pcs

Leave a Reply

Your email address will not be published.

You missed