លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់-ទទួលប្រព័ន្ធផតថលព័ត៌មានភ័ស្តុភារកម្មជាតិកម្ពុជា (Cambodia National Logistics Information Portal) ពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ជូនព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន សម្រាប់គ្រប់គ្រងថែទាំ ដោយមានការចូលរួមពីលោកបណ្ឌិត KIM Jong-hak អ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានKRIHS តំណាងក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៃសាធារណរដ្ឋកូរ៉េ សមាគមភ័ស្តុភារកម្មកម្ពុជា សមាគមដឹកជញ្ជូនទំនិញផ្លូវគោកនៃកម្ពុជា និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធមកពីគ្រប់អគ្គនាយកដ្ឋានក្រោមឱវាទក្រសួង។

ពិធីប្រគល់-ទទួលត្រូវបានរៀបចំឡើង កាលពីថ្ងៃអង្គារ ១២រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដើម្បីប្រគល់ជូនប្រព័ន្ធផតថលព័ត៌មានភស្តុភារកម្មជាតិកម្ពុជា ក្រោមគម្រោងសហប្រតិបត្តិការ “Cambodia Master Plan of Logistics System Modernization and Pilot Project of Logistics Computer System” ដែលជាជំនួយអភិវឌ្ឍន៍ផ្លូវការ នៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន នៃសាធារណរដ្ឋកូរ៉េ ជូនព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន សម្រាប់គ្រប់គ្រង និងថែទាំបន្ត។

ការប្រគល់ជូននូវប្រព័ន្ធផតថលព័ត៌មានភ័ស្តុភារកម្មជាតិកម្ពុជានេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញឱ្យសម្រេចបាននូវគោលបំណង ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភ័ស្តុភារកម្មជាតិកម្ពុជា ដែលបានផ្តោតលើគោលដៅសំខាន់ៗចំនួន០៣ គឺ៖ ១) ការបង្កើតផែនការមេប្រព័ន្ធគ្រប់គ្រងព័ត៌មានភស្តុភារកម្មជាតិ ។ ២) ការអនុវត្តសាកល្បង នៃប្រព័ន្ធព័ត៌មានភស្តុភារកម្ម ។ ៣) ការបង្កើនសមត្ថភាពរបស់មន្រ្តីរាជការ តាមរយៈការបណ្តុះបណ្តាលក្នុងប្រទេស និងនៅប្រទេសកូរ៉េផងដែរ។

សូមបញ្ជាក់ថា ប្រព័ន្ធនេះត្រូវបានដំឡើងរួចរាល់នៅក្នុងមជ្ឈមណ្ឌលទិន្នន័យ (Data Center) រួមរបស់ក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូន ដោយបានឆ្លងកាត់ការត្រួតពិនិត្យ និងប្រជុំពិភាក្សាជាច្រើនលើកច្រើនសារ ជាមួយអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ ដើម្បីធានាឱ្យបាននូវកម្រិតស្តង់ដារ និងនិរន្តរភាពការងារ៕

By pcs

Leave a Reply

Your email address will not be published.

You missed