ភ្នំពេញ ចេញផ្សាយ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣
លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី និងជាប្រធានគណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរបានគូសបញ្ជាក់ថា ការងារសីលធម៌សង្គម គឺជាកិច្ចការពហុវិស័យដែលពាក់ព័ន្ធដល់ការផ្លាស់ប្តូរអាកប្បកិរិយា ក៏ដូចជាផ្នត់គំនិតរបស់ប្រជាជន គ្រប់ស្រទាប់វណ្ណៈ និងជាការងារមួយដែលមិនអាចធ្វើដោយតក់ក្រហល់ ហើយសម្រេចបានជោគជ័យនៅក្នុងរយៈពេលខ្លីបានឡើយ។ ការគូសបញ្ជាក់របស់លោកជំទាវរដ្ឋមន្រ្ដីនេះក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ឆ្នាំ២០២១-២០២២ និងទិសដៅឆ្នាំ២០២៣ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ១២កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវ នឹងថ្ងៃទី០២ ខែ កុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ។

លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី បានមានប្រសាសន៍ថា ការងារនេះទាមទារនូវពេលវេលា គួបផ្សំនឹងទស្សនៈរួមរបស់សង្គមព្រមទាំងការប្តេជ្ញាចិត្តខ្ពស់ពីគ្រប់មជ្ឈដ្ឋាន និងគ្រប់កម្រិត ។ លោកជំទាវកិត្តិបណ្ឌិតលើកឡើងថា ការលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ និងការលុបបំបាត់នូវភាពអសកម្មទាំងឡាយនៅក្នុងសង្គម គឺជាការងារអប់រំសង្គមមួយដែលមានភាពលំបាកស្មុគស្មាញទាមទារឱ្យមានការចូលរួមគ្រប់សមាសភាពគ្រប់ភាគីដៃគូអភិវឌ្ឍន៍និងគ្រប់លំដាប់ថ្នាក់។ មានន័យថា យើងត្រូវការឱ្យមានការចូលរួមដោះស្រាយទាំងអស់គ្នា ទាំងស្ថាប័ននីតិបញ្ញត្តិ និតិប្រត្តិបត្តិ តុលាការ ដៃគូរអភិវឌ្ឍន៍ សង្គមស៊ីវិលវិស័យឯកជន ក៏ដូចជាប្រជាជនគ្រប់រូប រួមទាំងយុវជនផងដែរ ។

លោកជំទាវបានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០៦រហូតមក ដល់បច្ចុប្បន្ននេះ គណៈកម្មាធិការជាតិលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ (គ.ជ.ស.ស.ខ) បានដឹកនាំនិងសម្របសម្រួលជាមួយនឹងក្រសួង-ស្ថាប័ន ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ អាជ្ញាធរមានសមត្ថកិច្ច សង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ បានរួមគ្នាអនុវត្តន៍ការងារ និងភារកិច្ចរបស់ខ្លួន។ ទន្ទឹមនេះ ក៏រួមទាំងសកម្មភាពទាំងឡាយ ដោយប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីឆ្លើយតបនឹងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជានិងជាប្រធានកិត្តិយសនៃគណៈកម្មាធិការជាតិហើយក៏បានរួមចំណែកលើកកម្ពស់ការគោរពសិទ្ធិមនុស្ស សិទ្ធិស្ត្រី សិទ្ធិកុមារ សិទ្ធិជនមានពិការភាព និងក្រុមជនងាយរងគ្រោះផ្សេងៗទៀតនៅក្នុងសង្គម លើកកម្ពស់ការគោរពច្បាប់និងកាត់បន្ថយការរើសអើងការរំលោភបំពានគ្រប់រូបភាព ដើម្បីរួមចំណែកឈានទៅបង្កើតបានសង្គមកម្ពុជាមួយដែលប្រកបដោយកិត្តិយស សេចក្តីថ្លៃថ្នូរ និងសុខដុមរមនា ។

តែទោះបីយ៉ាងណាក្ដី លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្ដីបានអះអាងថា៖ «ជាមួយនឹងលទ្ធផលការងារគួរជាទីកត់សម្គាល់នេះ យើងក៏មានបញ្ហាប្រឈម និងតម្រូវការថ្មីៗបន្ថែមទៀតផងដែរដូចជាការកើនឡើងនូវការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដែលយើងសង្កេតឃើញថា មានការកើនឡើងនូវរូបភាពអវិជ្ជមានថ្មីៗមួយចំនួននៅក្នុងសង្គម ដែលតម្រូវឱ្យយើងរួមគ្នាដើម្បីស្វែងរកលទ្ធភាពនិងមធ្យោបាយបន្ថែមទៀតដើម្បីឆ្លើយតប និងទប់ស្កាត់»។ លោកជំទាវរដ្ឋមន្រ្ដីបានសង្កត់ធ្ងន់ថា ជាក់ស្តែង នៅពេលដែលសង្គមមួយ ដែលមានការវិវត្ត និងការអភិវឌ្ឍកាន់តែជឿនលឿន ជាពិសេសនៅក្នុងបរិបទនាពេលបច្ចុប្បន្ននៃសកលភាវូនីយកម្មនិងយុគសម័យឌីជីថល «ការលើកកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារ» បានក្លាយជាប្រធានបទកាន់តែទទួលបានការចាប់អារម្មណ៍ ក្នុងការជជែកពិភាក្សាវែកញែក (Debate) នៅក្នុងចំណោមមហាជន ដោយផ្អែកលើទស្សនៈ និងគោលគំនិត នៃ «ការថែរក្សា ឬអភិរក្សវប្បធម៌, ការអភិវឌ្ឍ និងភាពទាន់សម័យ»។ ដែលការណ៍នេះ ចាំបាច់តម្រូវឱ្យយើងធ្វើការងាររួមគ្នា និងស្វែងរកដំណោះស្រាយរួម ដែលមានភាពទន់ភ្លន់ បត់បែន និងដោយច្បាស់លាស់ ជាពិសេសដោយឈរលើស្មារតី «សេចក្តីថ្លៃថ្នូរ ការថែរក្សាអត្តសញ្ញាណ ភាពសម្បូរបែបនៃវប្បធម៌ និងដោយរស់រវើក នៅក្នុងការរស់នៅ ក្នុងគ្រួសារ និងសង្គមជាមួយគ្នាប្រកបដោយសុខដុរមនា»។

លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារីសង្ឃឹមថា តាមរយៈកិច្ចពិភាក្សា ផ្តល់យោបល់ និងធាតុចូលកាន់តែច្បាស់លាស់ ហើយស្វែងរកលទ្ធភាព និងមធ្យោបាយរួមគ្នា ដើម្បីជំនះនូវបញ្ហាប្រឈម និងប្រើប្រាស់នូវកាលានុវត្តភាពនានា ដើម្បីឆ្លើយតបនឹងតម្រូវការ និងកិច្ចការដ៏មានសារៈសំខាន់នេះ។ ជាមួយគ្នានេះដែរ ក្នុងឆ្នាំ២០២២កន្លងមកនេះក្រុមការងារលេខាធិការដ្ឋាន គ.ជ.ស.ស.ខ បានបញ្ចប់កម្រិតបច្ចេកទេស លើសេចក្តីព្រាងនីតិវិធីប្រតិបត្តិបទដ្ឋាន(SOPs)របស់គណៈកម្មាធិការជាតិក្នុងការឆ្លើយតប និងលើកកម្ពស់សីលធម៌សង្គមតាមប្រព័ន្ធអនឡាញ។ កិច្ចការនេះធ្វើឡើងស្របតាមការណែនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានស្នើដល់ក្រសួងពាក់ព័ន្ធពិនិត្យឱ្យបានហ្មត់ចត់ និងមានវិធានការយ៉ាងហ្មឺងម៉ាត់ចំពោះរាល់អំពើនានា ជាពិសេសរូបភាពដែលបាននិងកំពុងផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ និងទំនាក់ទំនងសង្គមជាសកម្មភាពមិនសមរម្យ និងប្រាសចាកសីលធម៌សង្គម ដែលតម្រូវឱ្យមានការអន្តរាគមន៍ជាចាំបាច់និងភ្លាមៗពីសំណាក់ស្ថាប័នពាក់ព័ន្ធ។

លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្ដីក៏បានបញ្ជាក់ឡើងវិញថា៖ «ការងារលើកម្ពស់សីលធម៌សង្គម តម្លៃស្រ្តី និងគ្រួសារខ្មែរ គឺជាកិច្ចការចម្រុះ និងពហុវិស័យ ដែលតម្រូវឱ្យយើងធ្វើឡើងតាមគ្រប់រូបភាព។ ប៉ុន្តែ ការរៀបចំឱ្យមាននីតិវិធីប្រតិបត្តិបទដ្ឋាននេះមានវិសាលភាពផ្តោតលើការលើកកម្ពស់សីលធម៌សង្គម តាមប្រព័ន្ធបច្ចេកវិទ្យា និងអនឡាញ ដែលSOP នេះ នឹងក្លាយជាយន្តការ ឬរៀបរបបការងារមួយ ជួយពន្លឿន ចង្អុលបង្ហាញនិងភាពច្បាស់លាស់ពីការងាររបស់ស្ថាប័ននានា ដើម្បីបង្កើនប្រសិទ្ធភាពខ្ពស់ ក្នុងការអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោខាងលើនេះ ក្នុងគោលដៅ តាមប្រព័ន្ធបច្ចេកវិទ្យា និងអនឡាញ»៕

By admin

Leave a Reply

Your email address will not be published.

You missed