ចេញផ្សាយ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣
ភ្នំពេញ៖ ថ្លែងក្នុងពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក និងកម្មកររបស់វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្ម កម្ពុជា ហៅកាត់ថា CARDI នៅថ្ងៃទី ១៦ ខែមករានេះលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ បានលើកឡើងថា ពូជគឺជាកត្តាចម្បងក្នុងវិស័យផលិតកម្មដំណាំ ពិសេស ផលិតកម្មដំណាំស្រូវក្នុងការធានាឲ្យបាននូវកំណើនទិន្នផលខ្ពស់ គុណភាព ធន់ជំងឺ សត្វល្អិត និងការប្រែប្រួលអាកាសធាតុ។

លោកថា មិនតែប៉ុណ្ណោះការប្រើពូជដំណាំល្អ មានគុណភាពខ្ពស់ មានប្រភពច្បាស់លាស់នឹងរួមចំណែកកាត់បន្ថយថ្លៃដើម និងទទួលបានតម្លៃបន្ថែមខ្ពស់។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទបញ្ជាក់ដែរថា ថ្មីៗនេះក្រសួងបានបង្កើតក្រុមការងារធ្វើការសិក្សា និងស្រាវជ្រាវពូជស្រូវ ដើម្បីផលិតពូជស្រូវសុទ្ធមានគុណភាព និងតម្លៃ សមរម្យសម្រាប់ចែកជូនប្រជាកសិករ ក្នុងគោលបំណងបង្កើនបរិមាណផលិត ធានា គុណភាពអង្ករកាត់បន្ថយថ្លៃដើម និងទទួលបានតម្លៃបន្ថែមខ្ពស់ ពិសេសធានាបាននូវប្រសិទ្ធភាពសេដ្ឋកិច្ច។

រដ្ឋមន្ត្រី ឌិត ទីណា ថ្លែងថាដោយបច្ចុប្បន្ន យោងលើតម្រូវការចាំបាច់នៃគ្រាប់ពូជដំណាំដែលមានគុណភាពល្អ ដើម្បីចូលរួមអភិវឌ្ឍវិស័យផលិតកម្មដំណាំគ្រប់ប្រភេទ ពិសេសដំណាំស្រូវ ទាមទារឲ្យវិទ្យាស្ថាន CARDI ត្រូវបង្កើនស្មារតីទទួលខុសត្រូវខិតខំធ្វើការពិសោធន៍ ស្រាវជ្រាវពូជ ដំណាំផ្សេងទៀតឆ្លើយតបតាមតម្រូវការទីផ្សារ តាមរយៈការពង្រឹង និងពង្រីកយន្តការអនុវត្តបច្ចេកទេសទំនើប និងសមស្របទាំងក្នុងមន្ទីរពិសោធន៍ និងក្នុងស្រែ ឬចម្ការផ្ទាល់ រួមទាំងពង្រីកការងារផ្សព្វផ្សាយពូជដំណាំថ្មីៗដែលមានសក្តានុពលសម្រាប់ការ ដាំដុះ និងការនាំចេញសមស្របតាមលទ្ធភាពនៃអ្នកផលិត ។ ហើយដើម្បីដើរដល់គោលដៅនេះ វិទ្យាស្ថានត្រូវតែយកចិត្តទុកដាក់ប្រើប្រាស់ធនធានដែលមានស្រាប់ឲ្យអស់លទ្ធភាព ធ្វើយ៉ាងណាទទួលបាននូវប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់នៃការផលិតពូជដំណាំ សមស្របតាមនិន្នាការនៃសេចក្តីត្រូវការពូជដំណាំនាពេល បច្ចុប្បន្នក៏ដូចជាពេលអនាគត ពិសេសស្របតាមគោលនយោបាលរបស់ក្រសួងក៏ដូចជារបស់រាជរដ្ឋាភិបាល។

លោកបន្តថាមិនតែប៉ុណ្ណោះ ត្រូវខិតខំកៀរគរ ស្វែងរកការគាំទ្រ និងជំនួយឧបត្ថម្ភទាំងថវិកា និងបច្ចេកទេសពីគ្រប់មជ្ឈដ្ឋាន និងទាក់ទាញការវិនិយោគ បង្កើនកិច្ចសហប្រតិបត្តិការដៃគូពាក់ព័ន្ធទាំងអស់ ដើម្បីផលិតពូជដំណាំ ព្រមជាមួយគ្នាត្រូវខិតខំផ្ទេរចំណេះដឹង ចំណេះធ្វើ បច្ចេកវិទ្យាថ្មីៗដល់កសិករ ឬអ្នកផលិតក្នុងការជ្រើសរើសការផលិតពូជ និងទុកដាក់ថែរក្សាពូជ ដំណាំឲ្យបានល្អ៕





By pcs

Leave a Reply

Your email address will not be published.