ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់ ជាងពិសេស ក្រសួងទេសចរណ៍, ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំង គណៈអភិបាលរាជធានី-ខេត្ត បន្តជំរុញការអភិវឌ្ឍសហគមន៍នៅតាមមូលដ្ឋាន ដោយឈរលើស្មារតីនៃកិច្ចសហប្រតិបត្តិការខ្ពស់ ប្រកបដោយភាពជាក់ស្តែងនិយម សំដៅជួយអភិវឌ្ឍសហគមន៍ទៅតាមជំនាញរៀងៗខ្លួន និងជួយសម្រួលដល់ការវិនិយោគនៅតាមសហគមន៍ទេសចរណ៍នានា។

ការស្នើឱ្យភាគីពាក់ព័ន្ធទាំងអស់ ជួយសម្រួលដល់ការវិនិយោគនៅតាមសហគមន៍ទេសចរណ៍នានា ពីអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងពិធីបិទ «វេទិកាជាតិអេកូទេសចរណ៍លើកទី៣» កាលពីល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន បន្តថា ការរៀបចំវេទិកាជាតិអេកូទេសចរណ៍លើកទី៣ គឺជាសក្ខីភាពនៃស្មារតីសហការខ្ពស់ពីគ្រប់មជ្ឈដ្ឋាន ដើម្បីជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត តាមរយៈការចែករំលែកនូវមតិយោបល់, ទស្សនាទាន និងបទពិសោធន៍សំខាន់ៗ សំដៅស្វែងរកដំណោះស្រាយ និងកំណត់ទិសដៅរួម សម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍តាមគន្លងប្រក្រតីភាពថ្មី។ សម្រាប់វិស័យទេសចរណ៍ ជាពិសេស ក្នុងការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ សំដៅប្រែក្លាយប្រទេសកម្ពុជា ឱ្យទៅជាគោលដៅទេសចរណ៍លំដាប់ពិភពលោក។

បច្ចុប្បន្ននេះ ទោះបីជាវិបត្តិនៃជំងឺកូវីដ-១៩ បានថមថយក្តី ក៏បញ្ហាអស្ថិរភាពសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយសកល បន្តបន្ទច់បង្អាក់ដល់ការស្តារ និងជំរុញវិស័យទេសចរណ៍ឡើងវិញ ដោយសារកំណើនភ្ញៀវទេសចរអន្តរជាតិ នៅមានកម្រិតទាបនៅឡើយ។ ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា រាជរដ្ឋាភិបាលនៅតែចាត់ទុកវិស័យទេសចរណ៍ ជាវិស័យអាទិភាពមួយ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលវែងទៅមុខ និងបន្តប្តេជ្ញាខិតខំប្រឹងប្រែងផ្តល់ការគាំទ្រនានា ដើម្បីស្តារវិស័យនេះឡើងវិញឱ្យបានឆាប់រហ័ស។

ជាក់ស្តែង ដើម្បីគាំទ្រដល់ការស្តារឡើងវិញនៃវិស័យទេសចរណ៍, រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការ អន្តរាគមន៍ជាបន្តបន្ទាប់ មានជាអាទិ៍ៈ វិធានការសារពើពន្ធ, ការកសាងហេដ្ឋាចនាសម្ព័ន្ធតភ្ជាប់ ក្នុងខេត្តដែលមានសក្តានុពលទេសចរណ៍ខ្ពស់ ដូចជា ការស្ថាបនាបណ្តាញផ្លូវនៅខេត្តព្រះសីហនុ និងខេត្តសៀមរាប, ព្រមទាំងការអនុម័តនូវឯកសារយុទ្ធសាស្រ្ត និងគោលនយោបាយសំខាន់ៗមួយចំនួនទៀត ដូចជា វិធានការគោលនយោបាយជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣ ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ និងផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តមណ្ឌលគិរី ២០២១-២០៣៥ ជាដើម។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបន្ថែមថា ដើម្បីគាំទ្រដល់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ រាជរដ្ឋាភិបាលសម្រេចបាននូវសមិទ្ធផលជាច្រើន ក្រោយពីវេទិកាជាតិអេកូទេសចរណ៍លើកទី២ ក្នុងនោះរួមមាន ការបង្កើតបណ្តាញអេកូទេសចរណ៍បឹងទន្លេសាប, ការបន្តអនុវត្តគម្រោងនិរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា, ការដាក់ចេញនូវ គោលការណ៍ណែនាំ ស្តីពីការបង្កើតសហគមន៍អេកូទេសចរណ៍តាមដងទន្លេមេគង្គលើ ជាដើម៕

By pcs

Leave a Reply

Your email address will not be published.