ខេត្តកំពង់ឆ្នាំង ៖ មន្ត្រី​ជំនាញ​នៃ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែឧសភា ឆ្នាំ​២០២១ បាន​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ​១៩ ឆ្លង​ទៅ​លើ​កម្មករ​ចំនួន​២០​នាក់ ដែល​កំពុងធ្វើការ​នៅ​រោងចក្រ «​ហឹ​រ៉ា​យ​ហ្សិ​ន អៅ​ដរ (​ខេ​ម​បូ​ឌា​)» នៅ​ក្នុងស្រុក​កំពង់ត្រឡាច ។

បើ​តាម​លោក​វេជ្ជបណ្ឌិត ងិ​ន សា​រ៉េ​ត អនុប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹង​ថា ក្រោយ​ការ​យក​សំណាក​លើ​កម្មករ​ដែល​ធ្វើការ​នៅ​រោងចក្រ «​ហឹ​រ៉ា​យ​ហ្សិ​ន អៅ​ដរ (​ខេ​ម​បូ​ឌា​)» មា​នទី​តាំងនៅ​ស្រុក​កំពង់ត្រឡាច កាលពី​រសៀល​ថ្ងៃ​ទី​១៧ ខែឧសភា យើង​បាន​រក​ឃើញ​វិជ្ជមាន អ្នក​ឆ្លង​កូ​វី​ដ​ចំនួន​២០​នាក់​។ ក្រោយ​ការ​រក​ឃើញ​អ្នក​វិជ្ជមាន អ្នក​ទាំងនេះ ត្រូវ​បាន​យក​ទៅ​ដាក់​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​កំពង់ត្រឡាច រួច​ហើយ​។ ដោយឡែក​អ្នក​ពាក់ព័ន្ធ​ពាក់​នៅ​មូលដ្ឋាន និង​នៅ​រោងចក្រ ក្រុមការងារ​នឹង​បន្ត​ស្វែងរក និង​យក​សំណាក​នៅ​ព្រឹក​ថ្ងៃ​ទី​១៨ ខែឧសភា នេះ​បន្ត​ទៀត ។

លោក ងិ​ន សា​រ៉េ​ត អនុប្រធាន មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង ក៏​បាន​បញ្ជាក់​ដែរ​ថា ការ​ផ្ទុះ​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​រោងចក្រ​ខាងលើ ខាង​មន្ទីរ​មិន​ទាន់​បាន​ចុះ​អង្កេត​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់លាស់​ថា តើ​ប្រភព​ចម្លង​ពី​ខាង​ណា​នៅឡើយ​នោះ​ទេ?

គួរ​បញ្ជាក់​ដែរ​ថា រោងចក្រ​ខាងលើ​នេះ កាលពី​លើក​មុន​ធ្លាប់​ផ្ទុះ​ម្ដង​មក​ហើយ បន្ទាប់​ពី​រក​ឃើញ​វិជ្ជមាន​កម្មករ​មក​ពី​ភ្នំពេញ​ធ្វើការ​នៅ​រោងចក្រ​នេះ ហើយ​ពេល​នេះ​រក​ឃើញ​ដល់​ទៅ​២០​នាក់ ដែល​តាម​ប្រភព ពី​មូលដ្ឋាន​បាន​បញ្ជាក់​ថា ក្នុង​ចំណោម​ទាំង​២០​នាក់ គឺ​មាន​១២​នាក់​មក​ពី​ស្រុក​សាមគ្គី​មាន​ជ័យ និង​៨​នាក់​ទៀត មិនដឹង​ថា តើ​មក​ពី​ខាង​ណា​អោយ​ប្រាកដ​នោះ​ទេ? ។ ព្រោះ​រោងចក្រ​នេះ ក្រៅពី​មាន​កម្មករ​ក្នុង​ខេត្តកំពង់ឆ្នាំង ដូច​ជា ស្រុក​កំពង់ត្រឡាច និង​ស្រុក​សាមគ្គី​មាន​ជ័យ ក៏​នៅ​មាន​ទទួល​កម្មករ​ពី​ខេត្តកំពង់ស្ពឺ និង​រាជធានី​ភ្នំពេញ​ផង​ដែរ ហើយ​ការ​រក​ឃើញ​ដល់​ទៅ​២០​នាក់​ខាងលើ​នេះ ពិតជា​ព្រួយបារម្ភ​ក្រៃ​លែង ៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *