ខេត្តព្រះសីហនុ ៖ ពិតជារឿងមួយគួរឲ្យហួសចិត្ត នឹងយុវតីម្នាក់ នៅពេលមកធ្វើអត្តសញ្ញាណប័ណ្ណ ត្រូវបានមន្ត្រីជំនាញ តម្រូវឲ្យវាស់កម្ពស់ ដើម្បីបំពេញតាមលក្ខខណ្ឌបែបបទនោះ បែរជាយល់ច្រឡំថា អ្នកឈរវាស់កម្ពស់ គឺសុទ្ធតែជាអ្នកទោសទាំងអស់ នៅពេលនាងត្រលប់ទៅដល់ផ្ទះវិញ បានចេញវីដេអូ ប្រើពាក្យសម្តីអសុរោះ ដៀលសមត្ថកិច្ចកប់ៗមាត់ នៅលើបណ្តាញសង្គម តែម្តង ។
ក្រោយពីចេញវីដេអូដៀលសមត្ថកិច្ចកប់ៗមាត់ និងមានការចែករំលែកយ៉ាងច្រើនពេញបណ្តាញសង្គមរួចមក ទើបនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ហួត ចាន់ធី អធិការនគរបាលស្រុកកំពង់សីលា នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាកម្លាំងផ្នែកជំនាញ ចុះស្រាវជ្រាវករណីនេះ ដើម្បីនាំខ្លួនយុវតីខាងលើមកធ្វើការអប់រំ ។
យោងតាមប្រពភពីសមត្ថកិច្ច បានអោយដឹងថា កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ យុវតីម្នាក់ឈ្មោះ វី ស្រីហន អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ក្នុងភូមិស្ទឹងសំរោង ឃុំអូរបាក់ទេះ ស្រុកកំពងសីលា ខេត្តព្រះសីហនុ បានមកអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ដើម្បីសុំផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ។
ប្រពភដដែល បានបន្តថា បន្ទាប់ពីមន្ត្រីជំនាញ បានរៀបចំបំពេញព័ត៌មានរួចរាល់ ក៏បានឲ្យនាងទៅវាស់កម្ពស់ ដើម្បីតម្រូវតាមលក្ខខណ្ឌដែលត្រូវផ្តល់ ប៉ុន្តែអ្វីដែលនឹងស្មានមិនដល់ និងគួរឲ្យហួសចិត្តនោះ គឺនារីខាងលើ បែរជាគិតច្រឡំក្នុងផ្លូវអាក្រក់ថា អ្នកដែលឈរវាស់កម្ពស់ គឺសុទ្ធតែជាអ្នកទោសទៅវិញ ហើយក្រោយពីបានត្រឡប់ទៅដល់ផ្ទះវិញ នាងបានថតរូបធ្វើជាវីដេអូឃ្លីប ប្រើពាក្យសម្តីមិនគប្បី ចំពោះសមត្ថកិច្ច រួចបង្ហោះតាមបណ្តាញសង្គមហ្វេសបុកដែលមានឈ្មោះ សុខ លីន និងបង្ហោះក្នុងកម្មវិធីកម្សាន្ត TikTok ឈ្មោះ ម៉ីម៉ី រៀល ។
ទោះជាយ៉ាងណា នៅរសៀលថ្ងៃទី២៣ វិច្ឆិកា ២០២១ មន្ត្រីជំនាញផ្នែកព្រហ្មទណ្ឌ បានកោះហៅយុវតី វី ស្រីហន មកសាកសួរ និងបំភ្លឺ ។
ក្រោយពីសមត្ថកិច្ច កោះហៅរួម មន្ត្រីជំនាញក៏បានធ្វើការអប់រំ ណែនាំ និងពន្យល់នាងអោយបានយល់ច្បាស់អំពីការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនេះ យុវតី វី ស្រីហន ក៏បានដឹងពីកំហុសរបស់ខ្លួន និងបានសារភាពថា ពិតជាបានប្រព្រឹត្តដូច្នេះពិតប្រាកដមែន ។ សមត្ថកិច្ច បានឲ្យនាងសុំទោសជាសាធារណៈ តាមរយៈវីដេអូ និងធ្វើកិច្ចសន្យា មុនពេល អនុញ្ញាតឲ្យរូបនាង ត្រឡប់ទៅផ្ទះវិញ ៕