ភ្នំពេញ ៖ លោកស្រី ស៊ីវណ្ណ បុទុម រដ្ឋលេខាធិការ ក្រសួងកិច្ចការនារី នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញបើកវេទិកា ស្តីពីយេនឌ័រ នៅក្នុងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីលើកកម្ពស់ការយល់ដឹង និងការគាំទ្រ នៅក្នុងចំណោមយុវជន អំពីសារៈសំខាន់ និងការបញ្ជ្រាបយេនឌ័រ នៅក្នុងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងគ្រោះមហន្តរាយ នៅសកលវិទ្យាល័យភូមិន្ទកសិកម្ម។
លោកស្រីរដ្ឋលេខាធិការ បញ្ជាក់ថា ធាតុចូលសំខាន់មួយរបស់គម្រោង ដើម្បីបង្កើនការយកចិត្តទុកដាក់ និងឆ្លើយតបលើបញ្ហាយេនឌ័រ និងការលើកកម្ពស់តួនាទីស្រ្តី នៅក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ គឺការធ្វើការ និងលើកកម្ពស់ការចូលរួមរបស់ក្រុមយុវជន និងមនុស្សវ័យក្មេង។
បើតាមលោកស្រី ស៊ីវណ្ណ បុទុម បានមានប្រសាសន៍ថា តាមរយៈការអនុវត្តផែនការយុទ្ធសាស្រ្ត នារីរតនៈទី៥ (២០១៩-២០២៣) ដែលផ្តោតលើការជំរុញការបញ្ជ្រាបយេនឌ័រ ទៅក្នុងគោលនយយោបាយ និងកម្មវិធីអភិវឌ្ឍន៍គ្រប់វិស័យ-គ្រប់កម្រិត និងមានវិស័យជាយុទ្ធសាស្រ្ត អាទិភាព ចំនួន៦ រួមមាន៖ ១.ការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ចរបស់ស្រ្តី, ២.ការអប់រំស្រ្តីនិងក្មេងស្រី, ៣.សុខភាពស្រ្តីនិងក្មេងស្រី, ៤.កិច្ចការពារផ្លូវច្បាប់សម្រាប់ស្រ្តីនិងក្មេងស្រី ដែលរងគ្រោះដោយអំពើហិង្សា, ៥.ស្រ្តីក្នុងវិស័យសាធារណៈ និងនយោបាយ និងភាពជាអ្នកដឹកនាំ, និង ៦.ការបញ្ជ្រាបយេនឌ័រក្នុងការប្រែប្រួលអាកាសធាតុ។
ឆ្លើយតបទៅនឹង យុទ្ធសាស្រ្តទី៦ នៃការបញ្ជ្រាបយេនឌ័រ ក្នុងការប្រែប្រួលអាកាសធាតុនេះ, ក្រសួង កិច្ចការនារី ក្នុងនាមសមាជិកក្រុមប្រឹក្សាជាតិ សម្រាប់ការអភិវឌ្ឍដោយចីរភាព និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានចូលរួមជំរុញ និងបន្តធ្វើការងារលើការលើកកម្ពស់ការយកចិត្តទុកដាក់ និងឆ្លើយតបនឹងបញ្ហាស្រ្តីនិងយេនឌ័រ នៅក្នុងរបៀបវារៈតាក់តែង និងអនុវត្តគោលនយោបាយ និងកម្មវិធីនានា ពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ និងគ្រប់គ្រងគ្រោះមហន្តរាយ។
ក្រសួងកិច្ចការនារី ជឿជាក់ថា ព្រឹត្តិការណ៍នេះ នឹងពង្រឹងការចូលរួមរបស់យុវជន តាមរយៈសន្ទុះចិត្ត និងស្មារតីទទួលខុសត្រូវខ្ពស់ លើការលើកកម្ពស់សមភាពយេនឌ័រ ហើយក៏ជាកាលានុវត្តភាពដ៏សំខាន់ផងដែរ ក្នុងការប្រមូលធាតុចូលពីដៃគូពាក់ព័ន្ធ ជាពិសេសពីយុវជន ក្នុងការដាក់ចេញកម្មវិធី និងវិធានការនានាឱ្យកាន់តែបានពេញលេញ និងគ្រប់ជ្រុងជ្រោយ៕

By pcs

Leave a Reply

Your email address will not be published.

You missed