នៅព្រឹកថ្ងៃពុធ ១១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ត្រី ហួម ខ្វែក មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង បាត់ដំបង អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយអតីតយុទ្ធជនទីទ័លក្រ ចំនួន ១៦គ្រួសារ និងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សាសាលាមត្តេយ្យសហគមន៍ ១ខ្នង នៅឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ដែលបានមកពីការឧបត្ថម្ភរបស់នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះតំបន់ប្រតិបត្តិការសឹករង បាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ភួងភារម្យ អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ និងមានការអញ្ជើញចូលរួមពីមន្ត្រីមន្ទីរអប់រំយុវជន និងកីឡាខេត្ត មន្ទីរសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត នាយទាហាន នាយទានទាហានរង ពលទាហាន អាជ្ញាធរ និងលោកគ្រូ អ្នកគ្រូ ជាច្រើនរូបទៀតផងដែរ។

លោកឧត្តមសេនីយ៍ត្រី ម៉ុក ឌីណា មេបញ្ជាការទិស៣ស្រុក តំបន់ប្រតិបត្តិការសឹករង បាត់ដំបង បានមានប្រសាសន៍ថា អគារសិក្សាថ្មីនេះបានចាប់ផ្ដើមសាងសង់នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ និងបានបញ្ចប់ជាស្ថាពរនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២ ដែលមានទំហំ(៩ម៉ែត្រ×៩ម៉ែត្រ) បន្ទប់អនាម័យ ១បន្ទប់ និងមានបំពាក់បរិក្ខារ តុ កៅអី នៅក្នុងបន្ទប់រៀនផងដែរ។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង បានលើកឡើងថា ការបើកសម្ពោធសាលាមត្តេយ្យសិក្សានេះ គឺពិតជាមានសារៈសំខាន់ណាស់ ដល់ប្អូនកុមារតូចៗ មានឱកាសបានចូលសិក្សារៀនសូត្រ ដើម្បីត្រៀមខ្លួននឹងចូលសិក្សានៅថ្នាក់បឋមសិក្សានៅពេលដែលប្អូនកុមារតូចមានអាយុ៦ឆ្នាំឡើងទៅ។ ឯកឧត្តម បានបន្តទៀតថា ការបង្ហាត់បង្រៀនកុមារតូចៗមិនត្រឹមតែជាតួនាទីរបស់លោកគ្រូអ្នកគ្រូប៉ុណ្ណោះទេ តែទាមទារឲ្យមានការសហការគ្នាជាមួយមាតាបិតាគ្រប់ៗរូបចូលរួមក្នុងការបង្ហាត់បង្រៀនកូនៗបន្ថែមទៀតនៅផ្ទះ ព្រោះមាតាបិតាគឺជាអ្នកដែលរស់នៅផ្ទាល់ជាមួយពួកគាត់។

ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ក៏បានប្រគល់នូវអំណោយឧបត្ថម្ភរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ជូនដល់បងប្អូនអតីតយុទ្ធជន ចំនួន ១៦គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ គ្រឿងឧបភោគបរិភោគ ថវិកា មួយចំនួនផងដែរ។ ដោយឡែកលោកគ្រូ អ្នកគ្រូ ចំនួន ៤នាក់ ម្នាក់ៗទទួលបានថវិកា ៤០.០០០រៀល, សិស្សានុសិស្ស ៣៦នាក់ ម្នាក់ៗទទួលបានសៀវភៅ ២ក្បាល ប៊ិក ២ដើម ថវិកា ៥.០០០រៀល អាណាព្យាបាលសិស្សទទួលបាន សារ៉ុង១។ ឯកឧត្តម ក៏បានឧបត្ថម្ភដល់ក្រុមការងារចុះមូលដ្ឋានឃុំពេជ្រចិន្តានូវស៊ីម៉ងត៍ ៥តោន និងថវិកា ១.២០០.០០០រៀលសម្រាប់ការចូលរួមសាងសង់សាលាមត្តេយ្យនេះផងដែរ៕

By pcs

Leave a Reply

Your email address will not be published.

You missed