( រាជធានីភ្នំពេញ ) ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រាក់ សុវណ្ណា មេបញ្ជាការរងកងទ័ពជើងគោក បានទទួលជួបសន្តែងការគួរសម និងពិភាក្សាការងារជាមួយ ឧត្តមសេនីយ៍ត្រី NGUYEN VAN TIEN មេបញ្ជាការរង បញ្ជាការដ្ឋានយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម និងសមាជិកប្រតិភូអមដំណើរជាច្រើនរូបទៀត នាព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ១០២២ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក ។

ក្នុងនាមមេបញ្ជាការយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម និងគណៈប្រតិភូ ឧត្តមសេនីយ៍ត្រី NGUYEN VAN TIEN បានមានប្រសាសន៍បញ្ជាក់ពីគោលបំណង នៃដំណើរបំពេញទស្សនកិច្ចមកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមសួរសុខទុក្ខ ដល់បណ្តាអង្គភាពនៃកងយោធពលខេមរភូមិន្ទ ជាពិសេសដល់បញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទដែលជាដៃគូសម្ព័ន្ធមេត្រីភាពនឹងបញ្ជាការដ្ឋានយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម ។ ហើយឆ្នាំ២០២២នេះ គឺជាឆ្នាំនៃខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតនូវទំនាក់ទំនងការទូត រវាងកម្ពុជា-វៀតណាម និងខួប លើកទី៤៥ នៃទិវាចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ( ២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២២ ) ។

ឧត្តមសេនីយ៍ត្រី NGUYEN VAN TIEN បានបន្តទៀតថា ដោយការខកខានអស់រយៈពេល០២ឆ្នាំមកនេះ បណ្តាលមកពីបញ្ហានៃវិបត្តិជំងឺកូវីដ-១៩ រីករាលដាលជាសកល និងការធូស្រាលនៃជំងឺនេះ នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយអង្គភាពដៃគូសម្ព័ន្ធមេត្រីភាពដើម្បីបង្កើននូវចំណងសាមគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តការរវាងប្រជាជន និងកងទ័ពនៃប្រទេសទាំងពីរ ស្របតាមពាក្យស្លោក “ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង” ។

ជាការឆ្លើងតបឧត្តមសេនីយ៍ឯក ប្រាក់ សុវណ្ណា ក៏បានលើកឡើងពីចំណងមិត្តភាពដ៏យូរអង្វែងរវាងប្រទេស និងប្រជាជនទាំងពីរកម្ពុជា-វៀតណាម ព្រមទាំងបានថ្លែងអំណរគុណចំពោះសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលបានជួយឧបត្ថម្ភគាំទ្រដល់កម្ពុជារហូតរៀងមកនៅគ្រប់គ្រាដែលជួបការលំបាក។

ឧត្តមសេនីយ៍ឯក ប្រាក់ សុវណ្ណា បានបន្តទៀតថាកម្ពុជា-វៀតណាម ជាប្រទេសដែលមានភូមិផងរបងជាប់គ្នា និងមានប្រវត្តិសាស្ត្រជួយគ្នាទៅវិញទៅមក ហើយប្រពៃណីយ៍ដ៏ល្អនេះយើងនៅតែបន្តរក្សាទៅទៀត ជាពិសេសត្រូវសហការគ្នា និងអភិឌ្ឍន៍លើគ្រប់ វិស័យ បន្តនូវកិច្ចសហប្រតិបត្តិការពូនជ្រំ ឲ្យកាន់តែជិតស្និទ្ធទ្វេឡើងថែមទៀត រវាងប្រជាជន នៃប្រទេសទាំងពីរនិយាយជារួម និងនិយាយដោយឡែក រវាងបញ្ជាការដ្ឋានកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ជាមួយបញ្ជាការដ្ឋានយោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម។

ជាចុងក្រោយឧត្តមសេនីយ៍ឯក ប្រាក់ សុវណ្ណា ក៏បានជូនពរឧត្តមសេនីយ៍ត្រី NGUYEN VAN TIEN និងប្រតិភូក្នុងដំណើរបេសកម្មការងារ សូមសម្រេចជោគជ័យគ្រប់ភារកិច្ច និងគោលដៅ ដែលបក្ស រដ្ឋាភិបាល និងប្រជាជនបានប្រគល់ជូន ៕

By pcs

Leave a Reply

Your email address will not be published.