ស្ទឹងត្រែង៖ អស់រយ:ពេល១យប់២ថ្ងៃ ដោយប្រើកម្លាំងសហការរវាងកម្លាំងនគរបាល និងកម្លាំងអាវុធហត្ថ បានរកឃើញសពបុរសវ័យ៥៦ឆ្នាំម្នាក់ហើយដែលត្រូវជាឪពុក ក្នុងឧបទ្ទវហេតុលិចទូកនៅកណ្តាលទន្លេមេគង្គ។នេះបើយោងតាមការឲ្យដឹងពីលោកឧត្តមសេនីយ៍ទោ អូត សុីវុត្ថា ស្នងការនគរបាលខេត្ត នៅថ្ងៃទី១៥ ខែកុម្ភ: ឆ្នាំ២០២៣។
លោកអូត សុីវត្ថា បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១៤ ខែកុម្ភ: ឆ្នាំ២០២៣ គ្រួសារមួយបានលិចទូកកណ្តាលទន្លេមេគង្គ ស្ថិតនៅចំណុចកន្ទុយកោះហាន ក្នុងភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុង ខេត្តស្ទឹងត្រែង ហើយបានបណ្តាលឲ្យមនុស្សប្រុសស្រីក្មេងចាស់សរុបចំនួន៨នាក់បានរងគ្រោះលង់ទឹក តែភ្លាមនោះមនុស្សចំនួន៤នាក់ត្រូវបានជួយសង្គ្រោះទាន់ពេល ដោយក្រុមប្រជាពលរដ្ឋនៅក្បែរនោះ ខណ:មនុស្ស៤នាក់ផ្សេងទៀតមិនដឹងថាលិចទឹកអណ្តែតដល់ទីណា។
លោកឧត្តមសេនីយ៍បានឲ្យដឹងថា សពជនរងគ្រោះដែលបានរកឃើញឈ្មោះសុត មី ភេទប្រុសអាយុ៥៦ឆ្នាំ ត្រូវជាឪពុក បានរកឃើញនៅវេលាម៉ោង១រសៀលថ្ងៃទី១៥ ខែកុម្ភៈ និងនៅបាត់ខ្លួន៣នាក់ទៀត, ទី១ ឈ្មោះ ម៉ី សុគ្រី ភេទស្រីអាយុ២៥ឆ្នាំ(កូន)ទី២ ឈ្មោះ លូយ ចន្ទ្រា ភេទប្រុស អាយុ៨ឆ្នាំ(ចៅ) , ទី៣ ឈ្មោះ លួយ ហាត់ ភេទប្រុស អាយុ៦ឆ្នាំ (ចៅ)នៅរកមិនទាន់ឃើញនៅឡើយ។
លោកឧត្តមសេនីយ៍ទោ អូត ស៊ីវុត្ថាស្នងការដ្ឋាននគរបាលខេត្តបានបញ្ជាក់ថាកម្លាំងសមត្ថកិច្ចនៅបន្តសហការគ្នាស្វែងរកជនបាត់ខ្លួនជូនក្រុមគ្រួសារជនរងគ្រោះទាល់តែអស់ទើបឈប់ ព្រោះនេះជាករណីមួយធ្ងន់ណាស់ ដែលបានសម្លាប់មនុស្សរហូតដល់ទៅ៤នាក់ក្នុងគ្រួសារតែមួយ៕







