ចេញផ្សាយថ្ងៃ ២៧-កុម្ភៈ-២០២៣
ស្វាយរៀង : មនុស្សប្រុសស្រីចំនួន ២នាក់ ដែលជាគួស្នេហ៍នឹងគ្នា ត្រូវបានស្លាប់ទាំង២នាក់យ៉ាងអាណោចអាធម្ម នៅក្នុងផ្ទះសំណាក់៧៧៧៧ ស្ថិតក្នុងភូមិតាណែង ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង បង្កឱ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣។ ក្នុងករណីនេះ មានការសន្និដ្ឋានថា ជាករណីធ្វើអត្តឃាត ដោយបានយកសាំងចាក់ដុតសម្លាប់ខ្លួន។
យោងតាមការឱ្យដឹងពី នគរបាលស្រុករំដួល បានបញ្ជាក់ថា សមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា នៅត្រង់ចំណុចផ្ទះសំណាក់៧៧៧៧ មានអគ្គិភ័យកើតឡើង និងមានមនុស្សស្លាប់២នាក់។ ក្រោយពីទទួលព័ត៌មានភ្លាមកម្លាំងជំនាញបច្ចេកទេសស្រុក សហការជាមួយជំនាញខេត្ត និងលោកវេជ្ជបណ្ឌិត នៃមន្ទីពេទ្យបង្អែកសាមគ្គីរំដួល ដោយមានការសម្របសម្រួលពី លោក បូរា អង្គប្រទាន ព្រះរាជអាជ្ញារងសាលាតំបូងខេត្តស្វាយរៀង ចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យសាកសព។ យោងតាមការសន្និដ្ឋានរបស់ក្រុមគ្រួពេទ្យ សាកសពស្លាប់ដោយសារធ្វើអត្តឃាតចាក់សាំងដុតខ្លួនឯង។ ការឈានដល់ការចាក់សាំងដុតសម្លាប់ខ្លួនឯងនេះ ដោយសារពួកគេមានវិបត្តិស្នេហា។
សាកសពដែលប្រទះឃើញស្លាប់នោះនៅក្នុងបន្ទប់លេខ១៩ មានឈ្មោះ វ៉ន ញ៉ាញ់ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិថ្មី ឃុំស្វាយចេក ស្រុករំដួល និងឈ្មោះ អាន ចិន្តា ភេទស្រី អាយុ១៧ឆ្នាំ រស់នៅភូមិព្រែកពក ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀង។
យោងតាមការបំភ្លឺរបស់ឈ្មោះ ជំ ស៊ីថា ភេទប្រុស អាយុ៤៨ឆ្នាំ ម្ចាស់ផ្ទះសំណាក់ បានឱ្យដឹងថា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ៦:០០នាទីល្ងាច អ្នកទាំងពីរបានទៅជួលបន្ទប់លេខ១៩ ដើម្បីសម្រាក។ រហូតដល់ម៉ោង ៧:៣០នាទីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ស្រាប់តែមានភ្លើងឆេះចេញពីបន្ទប់ បង្កឱ្យមានការភ្ញាក់ផ្អើល។ ក្រោយការធ្វើកោសល្យវិច័យ សាកសពត្រូវបានប្រគល់ឱ្យក្រុមគ្រួសារ៕




