ខេត្តបន្ទាយមានជ័យ ៖ ល្បីជាថ្មី ទៀត នេះ. បើ តាម ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធក្នុង ស្រុកអូរជ្រៅ បានលើកឡើងថា ៖ កន្លង មកលោក ហ៊ុយ ទូច មេ ពេទ្យសត្វខេត្តបន្ទាយមានជ័យ តែងតែដោះស្រាយ រួចខ្លួនដោយអះអាងថា ក្រុមការងារ របស់លោកមានគ្នាតិចមិនអាចទប់ស្កាត់ឲ្យបានគ្រប់ជ្រុងជ្រោយនោះទេ។
ប៉ុន្តែប្រភពពីមន្ត្រីមន្ទីរ កសិកម្មខេត្តបន្ទាយមានជ័យ ដែលស្និទ្ធនឹងលោក ហ៊ុយ ទូច បានឲ្យដឹងថា ទាល់តែមានការឃុបឃិតពីលោក ហ៊ុយ ទូច ទើបឈ្មួញហ៊ាននាំចូលជ្រូកមាន់ទារស់និងគោ ពីស្រុកសៀមតាមច្រករបៀងជាច្រើនកន្លែងក្នុងឃុំអូរបីជាន់ ជាពិសេសនៅច្រករបៀងព្រៃចាន់ ។
បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅតាមតំបន់ព្រំដែនខ្មែរ-សៀម ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា បច្ចុប្បន្ននៅច្រករបៀងអូរបីជាន់ និងច្រករបៀងក្បែរៗនោះមានឈ្មួញសម្រុកនាំចូលជ្រូកមាន់ទានិងគោ ពីទឹកដីសៀមចូលទឹកដីខ្មែរយ៉ាងរលូន។
ប្រភពបានឲ្យដឹងទៀតថា ក្រុម ឈ្មួញដឹកជញ្ជូនជ្រូកមាន់ទា ចូលទឹកដីខ្មែរទាំងយប់ទាំងថ្ងៃ ព្រោះមានការឃុបឃិតបើកដៃពីសំណាក់សមត្ថកិច្ចប្រចាំច្រករបៀង ក៏ដូចជាពីសំណាក់លោក ហ៊ុយ ទូច មេពេទ្យសត្វខេត្តបន្ទាយមានជ័យ ដែលល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយជាយូរមកហើយ។
ទន្ទឹមនឹងនេះប្រភពពីមន្ត្រី នៅក្នុងមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានបង្ហើបឲ្យដឹងថា ការដែលលោក ហ៊ុយ ទូច ហ៊ាន ធ្វើអ្វីៗតាមអំពើចិត្ត គឺមានការឃុបឃិតបើកដៃពីសំណាក់ប្រធានមន្ទីរកសិកម្មខេត្តបន្ទាយមានជ័យផងដែរ ទើបអ្វីៗអាចដំណើរការយ៉ាងសុខស្រួល។
មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ក្នុងឃុំអូរបីជាន់ បានឲ្យដឹងថា ជារៀងរាល់យប់មានឈ្មួញដឹកជញ្ជូនមាន់ទាជ្រូកនិងគោ ពីទឹកដីសៀមចូលទឹកដីខ្មែរតាមច្រករបៀងព្រៃចាន់ ដែលជាតំបន់ គ្រប់គ្រងដោយអង្គភាពនគរបាលវរការពារព្រំដែនលេខ៩១១ ដែលមានលោក សូ ចាន់ណារី ជាមេបញ្ជាការអង្គភាពនេះ។
ក្រុមឈ្មួញដែលដឹកជញ្ជូនជ្រូកមាន់ទានិងគោ ចូលតាមច្រករបៀងព្រៃចាន់ បានប្រាប់មន្ត្រីអាជ្ញាធរមូលដ្ឋានក្នុងឃុំអូរបីជាន់ ថាពួកគេបង់លុយតាមការកំណត់របស់មេច្រករបៀងព្រៃចាន់ និងតាមស្នាក់ការសមត្ថកិច្ចពាក់ព័ន្ធច្រើនកន្លែងទៀតទើបអាចទៅដល់គោលដៅ។ ក្នុងនោះមន្ត្រីពេទ្យសត្វតម្រូវឲ្យក្រុមឈ្មួញនាំចូលជ្រូកមាន់ទានិងគោ ពីស្រុកសៀម បង់លុយច្រើនជាងគេដោយអះអាងថា លោក ហ៊ុយ ទូច មេពេទ្យសត្វខេត្តបន្ទាយមានជ័យ ជាអ្នកតម្រូវឲ្យធ្វើបានបែបនេះ ។
ពាក់ព័ន្ធ និងករណី ខាងលើ អ្នកសារព័ត៌មាន យើង ពុំអាចសុំការបំភ្លឺ ពី លោក ហ៊ុយ ទូច និង សមត្ថកិច្ច ពាក់ព័ន្ធ នៅច្រករបៀង ខាងលើនោះ ពុំបាន ឡើយ នៅពេលនេះ …។( ដោយ លោក ធឿន )។