ស្របតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល កាលពីពេលថ្មីៗកន្លងទៅនេះ ឯកឧត្ដម មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារបានអញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋចំនួន៦១៤គ្រួសារ ស្មើនិង១ ០៦៣ក្បាលដី លើផ្ទៃដីចំនួន ១០ ៤៧២ ហិកតា នៅភូមិរំចេក ឃុំស្រយ៉ង់ ស្រុកគូលែន ខេត្តព្រះវិហារ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ តាម មន្ទីរ អង្គភាព ជុំវិញខេត្ត និងអាជ្ញាធរ ស្រុក ឃុំ ភូមិ ជាច្រើនរូបទៀត។
ឯកឧត្តម មាស សុភា បានមានប្រសាសន៍ថា ស្របតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិ បាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនាពេលនេះ គឺជាដំណើរការក្នុងការអនុវត្តកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី តាមស្រុក ក្រុង ក្នុងគោលដៅរបស់ខេត្តតាមជំហាននីមួយៗតាំងពី ការប្រកាសតំបន់វិនិច្ឆ័យ កំណត់ព្រំប្រទល់ភូមិ ការវាស់វែងក្បាលដីនីមួយៗ គូសក្បាលដីនិងបំពេញទម្រង់បែបបទប្រមូលទិន្នន័យ ម្ចាស់ក្បាលដី ការបញ្ចូលទិន្នន័យម្ចាស់ក្បាលដី និងបិទផ្សាយជាសាធារណៈទិន្នន័យម្ចាស់ក្បាលដីទាំងអស់នៅក្នុង តំបន់វិនិច្ឆ័យ ក្នុងរយៈពេល១៥ថ្ងៃ សម្រាប់ទុកពេលឱ្យម្ចាស់ដីនិងអ្នកពាក់ព័ន្ធ ធ្វើការផ្ទៀងផ្តាត់ សុំកែតម្រូវម្ចាស់ក្បាលដី រហូតបិទផ្សាយបញ្ចប់ជាសាធារណៈ ហើយប្រារព្វពិធីប្រគល់វិញ្ញាបនបត្រនៅពេលនេះ។
ឯកឧត្ដម មាស សុភា បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា លទ្ធផលដែលសម្រេចបានថ្ងៃនេះគឺអាស្រ័យដោយ កម្លាំងសាមគ្គីទាំងអស់ របស់កម្មវិធីដែលបានបញ្ចេញអស់កម្លាំងកាយ កម្លាំងចិត្ត ប្រកបដោយស្មារតីលះបង់ខ្ពស់ ដែលមានជំនឿជាក់ ទៅលើគោលនយោបាយរបស់រាជរដ្ឋាភិបាល លើការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ស្របតាមលទ្ធផលដ៏ធំធេងការចុះបញ្ជីដីធ្លីដូចបានលើកឡើងខាងលើ កន្លងមករបស់រដ្ឋបាលខេត្តព្រះវិហារ ក៏មានបញ្ហាប្រឈមមួយចំនួនដូចជា ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋ ទំនាស់ដីថ្លីរវាងប្រជាពលរដ្ឋ និងរដ្ឋ ការកាន់កាប់ទន្ទ្រានដីថ្មីៗបែបអនាធិបតេយ្យពីសំណាក់ជនខិលខូច និងជនឱកាសនិយមដោយទាមទារឱ្យ អាជ្ញាធរទទួលស្គាល់ ការចេញលិខិតបញ្ជាក់ការកាន់កាប់ និងការប្រើប្រាស់ដីធ្លីដែលមិនមែនជាដីភោគៈ នៅតែបន្តនៅតាមបណ្តាលភូមិ ឃុំមួយចំនួន។
ដោយឡែក លោក សំ សារឿន ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះវិហារ បានថ្លែងថា សម្រាប់តំបន់វិនិច្ឆ័យក្នុងឃុំស្រយ៉ង់មាន២ភូមិ ក្នុងនោះភូមិរំចេកជាភូមិ ទី២ ដែលក្រុមការងារ បានអនុវត្តតាមនិតិវិធីនៃដំណាក់កាលនីមួយៗ ចាប់ពីថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ រហូតមកដល់ថ្ងៃចែកនៅពេលនេះ។ លោកបន្តថាវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដែលត្រូវប្រគល់ជូន ប្រជាពលរដ្ឋគឺមានរយះពេល១៥ថ្ងៃដោយគិតចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២៥ខែមករាដល់ថ្ងៃ ទី៨ខែកុម្ភៈឆ្នាំ២០២៣។
លោកប្រធានមន្ទីរ បានប្រាប់ប្រជាពលរដ្ឋពីសារៈសំខាន់របស់បណ្ណកាន់កាប់ដីធ្លី ដែលយើងអាចប្រើប្រាស់ បានតាមតម្រូវការស្របតាមច្បាប់និងណែនាំដល់ប្រជាពលរដ្ឋដែលទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នៅពេលនេះ ត្រូវថែរក្សា ទុកដាក់ឱ្យបានល្អ ៕


