(ភ្នំពេញ)៖ លោក ទៀង សុថា ប្រធានតុលាការខេត្តមណ្ឌលគីរី នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ បានសរសេរលិខិតផ្ញើសារសុំទោសជាសាធារណៈចំពោះលោក ហូ សិទ្ធី នាយកខុទ្ទកាល័យសម្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បន្ទាប់ពីលោកបានប្រើប្រាស់ឈ្មោះ លោក ហូ សិទ្ធី ទៅកៀបសង្កត់បង្ខំឲ្យម្ចាស់ដីដែលមានរឿង ឲ្យចែកដីដល់បក្ខពួករបស់ខ្លួន។

នៅក្នុងលិខិតសុំទោសជាសាធារណៈនេះ លោក ទៀង សុថា បានលើកឡើងយ៉ាងដូច្នេះថា៖ «ខ្ញុំបាទសូមអភ័យទោសពីឯកឧត្តម ហូ សិទ្ធី នាយកខុទ្ទកាល័យ សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលខ្ញុំបាទបានយកឈ្មោះឯកឧត្តមមកប្រើ ដែលខ្ញុំ បាទបានប្រើពាក្យមិនគប្បីថា “ឯកឧត្តម ហូ សិទ្ធី តេទៅអភិបាលខេត្តមណ្ឌលគិរី” តាមពិតឯកឧត្តម ពុំបានតេទូរស័ព្ទទៅអភិបាលខេត្តមណ្ឌលគិរីនោះទេ ដែលជាកំហុសឆ្គងនេះ ខ្ញុំបាទសូមទទួលស្គាល់កំហុសទាំងនេះ និង សូម ឯកឧត្តម មេត្តាអភ័យទោស ដល់រូបខ្ញុំបាទ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយសឯកឧត្តម ជានាយកខុទ្ទកាល័យ សម្តេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា»។

បន្ទាប់ពីបានសុំទោសជាសាធារណៈហើយនោះ លោក ទៀង សុថា បានជូនពរ លោក ហូ សិទ្ធី នាយកខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា ឲ្យមានសុខភាពល្អបរិបូណ៍ ប្រាជ្ញាឈ្លាសវៃ និងដើម្បីបន្តចូលរួមដឹកនាំប្រទេសជាតិ ឱ្យមានការរីកចម្រើន សុខសន្តិភាព ជូនជាតិមាតុភូមិ នៃព្រះរាជាណាចក្រកម្ពុជា តរៀងទៅ។

ការចេញមកសុំទោសពីសំណាក់លោក ទៀង សុថា ប្រធានតុលាការនៅពេលនេះ ធ្វើឡើងបន្ទាប់ពីកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ លោក ហូ សិទ្ធី នាយកខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីបំភ្លឺមួយ ព្រមទាំងព្រមានប្តឹងទៅកាន់អង្គភាព ACU ចំពោះការផ្សព្វផ្សាយថា មានការយកឈ្មោះរបស់លោក «ហូ សិទ្ធី» កៀបរឿងដីធ្លីមួយកន្លែង នៅខេត្តមណ្ឌលគិរី៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *