សៀមរាប៖ ប្រតិភូទេសចរណ៍​ នៃក្រុមប្រទេសអេកម៉ិក (ACMECS) និងប្រទេស CLMV បានកោតសរសើរ និងវាយតម្លៃខ្ពស់​ ចំពោះការរៀបចំឱ្យមានផលិតផលទេសចរណ៍ក្នុងតំបន់ ក៏ដូចជារបស់សហគមន៍ទេសចរណ៍ក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋផ្ទាល់ក្នុងសហគមន៍។​ ការវាយតម្លៃដូចនេះ ក្នុងអំឡុងពេលទស្សនកិច្ចនៅសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ ដែលស្ថិតនៅឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២។
ប្រតិភូអន្តរជាតិប្រមាណជិត​ ១០០នាក់​ ដឹកនាំដោយលោកស្រី កុយ ពិសី រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោករដ្ឋមន្ត្រី ថោង ខុន និងវត្តមានលោកស្រី Suanesavanh Vignaket រដ្ឋមន្ត្រីព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ ព្រមទាំងតំណាងក្រសួងសណ្ឋាគារមីយ៉ាន់ម៉ា ក្រសួងទេសចរណ៍​ និងកីឡាថៃ និងក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាមផងដែរ។​ ប្រតិភូចម្រុះជាតិសាសន៍បានដើរទស្សនាទូទាំងបរិវេណសហគមន៍ និងបានស្ដាប់នូវការធ្វើបទបង្ហាញរបស់លោកប្រធានសហគមន៍ សូត្រ សួរ ព្រមទាំងបានទទួលទានអាហារពេលថ្ងៃត្រង់ និងសិក្សាឈ្វេងយល់នូវចំណុចពិសេសៗជាច្រើនទៀត។
លោក សូត្រ សួរ ប្រធានសហគមន៍ទេសចរណ៍បាគងភូមិខ្ញុំ បានធ្វើបទបង្ហាញពាក់ព័ន្ធនឹងការបង្កើតសហគមន៍ និងផលិតផលទេសចរណ៍ថ្មីៗ គោលបំណងដើម្បីប្រជាសហគមន៍​ និងបង្កើតឱកាសការងារដល់ប្រជាជន ការរៀបចំសេវាកម្មកម្សាន្ត សេវាកម្មម្ហូបអាហារ ភេសជ្ជៈ និងបដិសណ្ឋារកិច្ចជូនភ្ញៀវទេសចរ ការបណ្ដុះបណ្ដាល​ និងប្រើប្រាស់បុគ្គលិក ការចូលរួមជួយជ្រោមជ្រែងពីសំណាក់ក្រសួងទេសចរណ៍ ក៏ដូចជាក្រសួង ស្ថាប័ន អាជ្ញាធរ និងដៃគូពាក់ព័ន្ធ ការរៀបចំឱ្យមានការទាក់ទាញ ព្រមទាំងការលើកស្ទួយជីវភាពប្រជាជន យុវជននៅក្នុងភូមិផងដែរ។
បើតាម​ លោក សូត្រ សួរ ប្រជាពលរដ្ឋនៅក្នុងសហគមន៍ប្រមាណជា​ ៣០០គ្រួសារ កំពុងទទួលបានផលដោយផ្ទាល់ និងច្រើនរយគ្រួសារផ្សេងទៀតទទួលបានផលដោយប្រយោលពីការបង្កើតសហគមន៍ទេសចរណ៍មួយនេះ។​ ចំពោះដំណើរទស្សនកិច្ចនៅតំបន់អង្គរ​ ធ្វេីឡើងក្នុងអំឡុពេលកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អេកម៉ិកលើកទី៥ និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍ CLMV លើកទី៦ ចាប់ពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២៕

By pcs

Leave a Reply

Your email address will not be published.

You missed