ប៉ៃលិន៖ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិនបានឱ្យដឹងថា ត្រឹមឆ្នាំ២០២២នេះ ប្រជាពលរដ្ឋរស់នៅ ក្រុងប៉ៃលិន ប្រមាណ៨២ភាគរយទទួលបានទឹកស្អាតប្រើប្រាស់ ខណៈដែលស្រុកសាលាក្រៅវិញ ទទួលបានប្រមាណជាង៥៧ភាគរយ។ ក្នុងកិច្ចប្រជុំវឌ្ឍនភាព នៃការអនុវត្តន៍ផែនការសកម្មភាពខេត្តប៉ៃលិនស្ដីពីការងារផ្គត់ផ្គង់ទឹកស្អាត និង អនាម័យឆ្នាំ២០២២ និងទិសដៅបន្តរបស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ជនបទ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ លោក ហែម ឬទ្ធី អភិបាលរងខេត្តប៉ៃលិន មានប្រសាន៍ថា៖ ការផ្លាស់ប្ដូរដោយងាកមកទទួលទានទឹកស្អាត និងប្រើប្រាស់បង្គន់អនាម័យជាប្រចាំ ពិតជាបានរួមចំណែក ក្នុងការលើកកម្ពស់អនាម័យនៅក្នុងសហគមន៍ ព្រមទាំងចៀសបាននូវការឆ្លងរីករាលដាលនៃជំងឺនានា នៅពេលប្រជាពលរដ្ឋងាកមកទទួលទានទឹកស្អាត និងប្រើប្រាស់បង្គន់ជាប្រចាំ ព្រមទាំងបានរួមចំណែក ក្នុងការកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិទៀតផង។ លោក ហ៊ត ឬទ្ធី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានឱ្យដឹងថា កិច្ចប្រជុំនេះ បានផ្ដល់ឱកាស ឱ្យភាគីពាក់ព័ន្ធ អាជ្ញាធរខេត្ត និងអង្គការដៃគូអភិវឌ្ឍន៍នានា បានជួបពិភាក្សា ចែករំលែកបទពិសោធន៍ ផ្លាស់ប្ដូរទស្សនៈ គំនិតយោបល់ក្នុងការស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីសម្រេចឱ្យបាននូវគោលដៅ ផែនការសកម្មភាពខេត្ត ស្ដីពីការ ផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ឆ្នាំ២០១៩-២០២៣ របស់ រាជរដ្ឋាភិបាលកម្ពុជា និងឈានទៅសម្រេចនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនាឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិទៀតផង។ របាយការណ៍របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិនបានឱ្យដឹងថា គ្រួសារដែលទទួលបានទឹកស្អាត ប្រើប្រាស់ឆ្នាំ ២០២២ សម្រាប់ក្រុងប៉ៃលិន៖ ទទួលបាន ៤១ភូមិ ដោយមានគ្រួសារសរុបចំនួន ៨៧៦៥ គ្រួសារ ហើយក្នុងនោះគ្រួសារដែលទទួលបានទឹកស្អាតប្រើប្រាស់ចំនួន ៧១៨៨គ្រួសារស្មើនឹង ៨២%។ សម្រាប់ស្រុកសាលាក្រៅ៖ ទទួលបាន ៤៩ភូមិ ដោយមានគ្រួសារសរុបចំនួន ៨៥៨៥ គ្រួសារ ហើយក្នុងនោះគ្រួសារដែលទទួលបានទឹកស្អាតប្រើប្រាស់ចំនួន ៤៩១២គ្រួសារស្មើនឹង ៥៧.២%។ ដោយឡែកចំពោះ អត្រាប្រើប្រាស់បង្គន់អនាម័យកែលម្អផ្ទាល់ខ្លួន និងប្រើប្រាស់រួមសម្រាប់ឆ្នាំ២០២២ មានអត្រាកើនឡើងសរុប ប្រមាណ ៨២% នៃប្រជាជនសរុបនៅទូទាំងខេត្តប៉ៃលិន៕




