ខេត្តរតនគិរី ៖ នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានដឹកនាំប្រធានមន្ទីរជំនាញពាក់ព័ន្ធ អញ្ជើញចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ក្នុងស្រុកលំផាត់ បន្ទាប់ពីខេត្តរតនគិរី រងនូវសម្ពាធទាប មានភ្លៀងធ្លាក់គ្របដណ្ដប់ទូទាំងខេត្ត បណ្ដាលឲ្យទឹកទន្លេឡើងជិតដល់កំរិតប្រកាស់អាសន្ត។
ក្នុងឱកាសចុះពិនិត្យស្ថានភាពទឹកទន្លេស្រែពក ក្នុងស្រុកលំផាត់នេះដែរ ឯកឧត្ដមអភិបាលខេត្តបានបញ្ជាក់ថា បើទោះពេលនេះ នៅមិនទាន់មានទឹកជំនន់ ឬការប្រកាសអាសន្តយ៉ាងណាក៏ដោយ ក៏កម្លាំងគណៈកម្មាធិការគ្រោះមហន្តរាយ ត្រៀមឧប្បករ សម្ភារៈ សម្រាប់ជំលៀស និងសងគ្រោះបន្ទាន់ មិនថាពេលណា ឬថ្មើមាណក៏ដោយ មិនត្រឹមតែប៉ុណ្ណោះ កម្លាំងអង្គភាពជុំវិញខេត្ត ក៏បានត្រៀមសហការគ្នាផងដែរ។

ឯកឧត្តមអភិបាលខេត្ត បានសុំអំពាវនាវ ដល់បងប្អូនប្រជា ពលរដ្ឋ ដែលរស់នៅតាមបណ្តោយដងទន្លេទាំងអស់ ត្រូវមានស្មារតីប្រុង ប្រយ័ត្នខ្ពស់ចំពោះទឹកទន្លេ ដែលកំពុងឡើងជាលំដាប់ គ្រាដែលភ្លៀងនៅតែបន្តធ្លាក់។
ហើយអាជ្ញាធរមូលដ្ឋាន ត្រូវតែរកទីទួលសុវត្ថិភាព ត្រៀមសម្រាបជំលាស់ពួកគាត់ផងដែរ។ ជាងនេះទៅទៀតអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់តាមដាន ក្តាប់ព័ត៌មានអំពីស្ថានភាពទឹក ក៏ដូចជាស្ថានភាពរបស់ប្រជាពលរដ្ឋ ដើម្បីត្រៀមមធ្យោបាយអន្តរាគមន៍ ឲ្យបានទាន់ពេលវេលា ។


សូមបញ្ជាក់ថា កម្ពុជាបានរងនូវឥទ្ធិពលនៃព្យុះទី១៨ សម្ពាធទាបធ្វើអោយមាន ភ្លៀងធ្លាក់ជាបន្តបន្ទាប់ បណ្តាលអោយទឹកទន្លេស្រែពក និងទន្លេសេសាន ហក់ឡើងជាបន្តបន្ទាប់ ជិតដល់កំរិតប្រកាសអាសន្ន។(ដោយលោក នួនពៅ)


ហេតុនេះទាមទារអោយប្រជាពលរដ្ឋក្នុងខេត្ត ពិសេសស្រុកដែលនៅតាមដងទន្លេទាំងអស់ក្នុងខេត្ត រួមមាន ស្រុកលំផាត់, កូនមុំ, អូរយ៉ាដាវ, អណ្តូងមាស, តាវែង និងស្រុកវើនសៃ មេត្តាបង្កើនស្មារតីប្រុងប្រយ័ត្ន និងត្រៀមបង្ការនូវមធ្យោបាយ សម្ភារចាំបាច់នានា ដើម្បីកាត់បន្ថយបាន នូវហានិភ័យពីករណីជំនន់ទឹកភ្លៀង ដែលអាចកើតឡើងជាយថាហេតុ។ ជាក់ស្តែងទឹកទន្លេស្រែពក គិតត្រឹមម៉ោង ៤រសៀល ថ្ងៃទី១៧ ខែតុលាឆ្នាំ២០២១នេះ ទឹកមានកម្ពស់១១.៧៤ម៉ែត្រ ខណៈកំរិតប្រកាសអាសន្ន១២.៥០ម៉ែត្រ។ ទន្លេសេសានគិតត្រឹមម៉ោង៤,៣០ ទឹកមានកម្ពស់៦.៥៧ម៉ែត្រ ខណៈកំរិតប្រកាសអាសន្ន៨.៥០ម៉ែត្រ៕

By pcs

Leave a Reply

Your email address will not be published. Required fields are marked *

You missed