ភ្នំពេញ
ថ្ងៃពុធ ៥ រោច ខែបុស្ស ឆ្នាំខាល
ចត្វាស័ក ពុទ្ធសករាជ ២៥៦៦
ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣
ប្រមុខរដ្ឋាភិបាលមកពីប្រទេសសមាជិកទាំងបួន របស់គណៈកម្មការទន្លេមេគង្គ (ហៅកាត់ថា MRC) ដែលរួមមាន កម្ពុជា ឡាវ ថៃ និងវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់មកពីប្រទេសជាដៃគូសន្ទនារបស់ MRC ពោលគឺចិន និងមីយ៉ាន់ម៉ា នឹងបើកកិច្ចប្រជុំកំពូលមួយនាដើមខែមេសាខាងមុខនេះ ដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមនានា និងកំណត់ជោគវាសនារបស់អាងទន្លេមេគង្គ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ MRC។
ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា កិច្ចប្រជុំកំពូលលើកទី៤ និងសន្និសីទអន្តរជាតិរបស់ MRC នឹងប្រព្រឹត្តទៅដោយមានការចូលរួមដោយផ្ទាល់ចាប់ពីថ្ងៃទី ០២ ដល់ថ្ងៃទី ០៥ ខែ មេសា ឆ្នាំ ២០២៣ នៅទីក្រុងវៀងចន្ទ ប្រទេសឡាវ។ ព្រឹត្តិការណ៍កម្រិតនយោបាយ ខ្ពស់បំផុតរបស់ស្ថាប័ននេះ នឹងនាំឱ្យប្រទេសតាមដងទន្លេមេគង្គទាំង៦ ជួបពិភាក្សាពីការអភិវឌ្ឍថ្មីៗ កាលានុវត្ដន៍ និងដំណោះស្រាយបែបនវានុវត្តន៍លើបញ្ហាប្រឈមនានា ដោយរាប់ចាប់ពីផលវិបាកនៃ ការអភិវឌ្ឈ ដែលពាក់ព័ន្ធនឹងទឹករហូតដល់ការប្រែប្រួលអាកាសធាតុ ដែលបាននិងកំពុងជះឥទ្ធិពលដល់ទន្លេមេគង្គ ដែលជាមធ្យោបាយផ្លូវទឹកធំជាងគេបំផុតនៅតំបន់អាស៊ីអាគ្នេយ៍។
បណ្ឌិត អានុល័ក វិធិឃួន (Anoulak Kittikhoun) នាយកប្រតិបត្តិនៃលេខាធិការដ្ឋាន MRC បានថ្លែងថា “ទន្លេមេគង្គកំពុងឆ្លងកាត់នូវការផ្លាស់ប្តូរយ៉ាងសម្បើម។ យើងត្រូវតែច្នៃប្រឌិតឥតឈប់ឈរ ទាំងនៅក្នុងផ្នែកគោលនយោបាយ យុទ្ធសាស្ត្រ និងបច្ចេកវិទ្យា ដើម្បីនាំឱ្យការគ្រប់គ្រង និងអភិវឌ្ឍន៍ អាងទន្លេមេគង្គកាន់តែមានទំនួលខុសត្រូវ និងប្រកបដោយចីរភាព” ។
បើតាម MRC កិច្ចប្រជុំកំពូលលើកទី៤ នឹងនាំមុខដោយសន្និសីទអន្តរជាតិមួយ នៅថ្ងៃទី ០២ និងថ្ងៃទីទី ០៣ ខែមេសា ឆ្នាំ ២០២៣ ដែលនឹងពិភាក្សាជុំវិញប្រធានបទ “នវានុវត្តន៍និងកិច្ចសហប្រតិបត្តិការសម្រាប់សន្តិសុខ ទឹក និងទន្លេមេគង្គប្រកបដោយចីរភាព”។ សន្និសីទនេះ ត្រូវបានគេរំពឹងថានឹងមានការចូលរួមពីភាគីពាក់ព័ន្ធ ជំនាញការ និងអ្នកចាប់អារម្មណ៍ពីកិច្ចការទន្លេមេគង្គនៅទូទាំងពិភពលោកទាំងអស់ប្រមាណ ៤០០ នាក់ ដោយរាប់ចាប់ពីស្ថាប័នរដ្ឋាភិបាល អង្គការអន្តរជាតិ វិស័យឯកជន អ្នកស្រាវជ្រាវ និងសង្គមស៊ីវិល។ អ្នកចូលរួម ទាំងអស់នឹងធ្វើការផ្លាស់ប្តូរទស្សនៈប្រកបដោយការបំផុសគំនិត ចំណេះដឹងដែលបានអនុវត្តន៍ រួមទាំង បទពិសោធន៍ជាក់ស្ដែងជុំវិញនវានុវត្តន៍ពាក់ព័ន្ធនឹងទឹក ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទន្លេមេគង្គ។ ទន្ទឹមនេះ សាធារណជន ឬអង្គភាពនានាដែលចាប់អារម្មពីត្រូវចុះឈ្មោះចូលរួមជាមុន។ អ្នកជំនាញការ ត្រូវបានស្វាគមន៍ឱ្យដាក់សំណើរធ្វើបទបង្ហាញនៅឯសន្និសីទនេះ។
ព្រឹត្តិការណ៍ជាសកលនេះ នឹងគ្របដណ្តប់លើការឆ្លុះបញ្ចាំងពីការអភិវឌ្ឍ និងទស្សនាទាននានា ព្រមទាំងបញ្ហាក្នុងការគ្រប់គ្រងអាងទន្លេមេគង្គ។ សុន្ទរកថាសំខាន់ៗពីថ្នាក់ដឹកនាំតាមវិស័យផ្សេងៗ នឹងរំលេចពីនវានុវត្តន៍ឈានមុខគេ នៅក្នុងផ្នែកគោលនយោបាយ បច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការឆ្លងដែន។ បរិបទទាំងនេះ នឹងបង្កលក្ខណៈងាយស្រួលដល់ការពិភាក្សាជាក្រុម ជុំវិញបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការបែបច្នៃប្រឌិតផ្សេងៗ ដែលបាននិងកំពុងផ្លាស់ប្ដូរការគ្រប់គ្រងទឹកឆ្លងដែន និងរបៀបដែលហិរញ្ញប្បទានមានទំនួលខុសត្រូវ និងបរិយាបន្នផ្នែកយេនឌ័រ ឱ្យមានភាពខុសប្លែកគ្នានៅ ក្នុងរបៀបគ្រប់គ្រងធនធានទឹក។ អ្នកចូលរួមនឹងបានឃើញកិច្ចពិភាក្សាដ៏ទាក់ទាញ ការតាំងពិព័រណ៍បែបអន្តរកម្ម និងការចែករំលែកនូវបច្ចេកវិទ្យាទំនើបៗ និងដំណោះស្រាយប្រកបដោយប្រឌិតញាណ ដែលអាចចូលដោះស្រាយបញ្ហាប្រឈមនានារបស់ទន្លេមេគង្គឱ្យកាន់តែមានប្រសិទ្ធភាព។
ជាមួយគ្នានេះដែរ សារៈសំខាន់ៗ និងអនុសាសន៍ដែលអាចអនុវត្តន៍បានពីសន្និសីទ នឹងដាក់ទៅក្នុងកិច្ចប្រជុំកំពូល ទីដែលថ្នាក់ដឹកនាំពីប្រទេសតាមដងទន្លេមេគង្គនឹងធ្វើការកំណត់ពីអនាគត និងទិសដៅជាយុទ្ធសាស្ត្រ សម្រាប់ទន្លេមេគង្គ។
សូមជម្រាបជូនថា កិច្ចប្រជុំកំពូលនេះ គឺជាព្រឹត្តិការណ៍កម្រិតនយោបាយខ្ពស់បំផុតរបស់ MRC សំដៅលើកកម្ពស់កិច្ចសហប្រតិបត្តិការទន្លេមេគង្គ ក្រោមក្របខណ្ឌ MRC តាមរយៈការពង្រឹងសាមគ្គីភាព និងការកំណត់ ទិសដៅរួមក្នុងចំណោមប្រទេសតាមដងទន្លេ មេគង្គ និងភាគីពាក់ព័ន្ធ។ កន្លងមក ការរៀបចំកិច្ចប្រជុំនេះ គឺធ្វើឡើងបានចំនួនបីលើករួចមកហើយ ដោយក្នុងនោះ ក្នុងប្រទេសថៃ(២០១៣) វៀតណាម(២០១៤) និងកម្ពុជា(២០១៨)៕
