
ចេញផ្សាយ ថ្ងៃទី ០៨ ខែ មិថុនា ឆ្នាំ ២០២៣
កំពង់ចាម៖ បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួន ឧកញ៉ា អឹម ប្រុស ដែលជាគ្រូសីល ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ កាលពីល្ងាចថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣។ ចំពោះការផ្តនទោសគឺ អាស្រ័យទៅលើតុលាការជាអ្នកសម្រេច ខាងនគរបាលគ្រាន់តែជាអ្នកអនុវត្តដីកា និងបញ្ជូនប៉ុណ្ណោះ។ នេះបើយោងតាមការឱ្យដឹងពី លោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ប្រាប់អ្នកយកព័ត៌មាន CNC នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៣។
សូមជម្រាបថា ឧកញ៉ា អ៊ឹម ប្រុស ហៅគ្រូសីល ត្រូវបាននគរបាលចាប់ខ្លួន ដោយអនុវត្តតាមដីកាស្ថាពររបស់សាលាឧទ្ធរណ៍ខេត្តត្បូងឃ្មុំ ពីបទ «ឆបោក» នៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ ដែលការចាប់ខ្លួននេះ បានធ្វើឡើង ភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
នៅវេលាម៉ោង ១១:៣០នាទីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៣ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អ៊ិត ដារ៉ា ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ ក្រោមការដឹកនាំសម្របសម្រួលផ្ទាល់ពី លោក តូច ឧត្តម និងលោក តារា វិទូ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានដឹកនាំចុះអនុវត្តសាលដីកាស្ថាពររបស់សាលាឧទ្ធរណ៍ត្បូងឃ្មុំ បង្គាប់ឲ្យចាប់ខ្លួនឈ្មោះ អ៊ឹម ប្រុស ហៅ គ្រូសីល ងារជា ឧកញ៉ា អាយុ៥៦ឆ្នាំ មានទីលំនៅភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម ពីបទ «ឆបោក» ប្រព្រឹត្តនៅភូមិអណ្តូងច្រុះ ឃុំអំពិល ស្រុកកំពង់សៀម កាលពីអំឡុងឆ្នាំ២០១៥ ២០១៦ និងឆ្នាំ២០១៧។
ក្នុងពេលកិច្ចប្រតិបត្តិការអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនទណ្ឌិត កម្លាំងជំនាញកំណត់បាន និងរកឃើញអាវុធខ្លី ៥ដើម រួមមាន ម៉ាកឡុក CF98 ពណ៌ខ្មៅ ចំនួន៣ដើម, ម៉ាក K59 ពណ៌ខ្មៅ ចំនួន ១ដើម និងម៉ាក CZ75 ពណ៌ខ្មៅ ចំនួន១ដើម រួមទាំងប័ណ្ណសម្គាល់អាវុធខ្លីផុតសុពលភាពចំនួន ១៥សន្លឹក ចន្លោះពីឆ្នាំ២០០៧ និង២០០៨, គ្រាប់កាំភ្លើងចំនួន ២៥៩គ្រាប់ (គ្រាប់K59 ចំនួន ៤៩គ្រាប់ និងគ្រាប់ឡុកចំនួន២១០គ្រាប់) រួមទាំងសាន់តារ៉ុងចំនួន០៦, ម៉ាស៊ីនផ្ទុករូបភាពកាំម៉ារ៉ាសុវត្ថិភាពចំនួន ២គ្រឿ, ខ្នោះដៃចំនួន ៥គូ និងស្រោមខ្នោះចំនួន៤៕

